រោងចក្រសំបកកង់នៅព្រះសីហនុ នឹងជួយទិញជ័រកៅស៊ូ ៥ពាន់តោនក្នុងមួយឆ្នាំ

24/05/2023 11:00 am ព្រះសីហនុ

ភ្នំពេញ៖ ក្រុមហ៊ុន ជេនរ៉ល ថាយអ៊ឺរ ថកណឡជី (ខេមបូឌា) បានបោះទុន ៣០០លានដុល្លារ ក្នុងការវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលជាគម្រោងធំជាងគេបង្អស់ នៅតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ។



ក្រុមហ៊ុន ជេនរ៉ល ថាយអ៊ឺរ ថកណឡជី (ខេមបូឌា) ដំណើរការរោងចក្រផលិតសំបកកង់រថយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ រោងចក្រនេះ ត្រូវការជ័រកៅស៊ូក្នុងស្រុកប្រមាណ ៥ពាន់តោនក្នុងមួយឆ្នាំ។ ការវិនិយោគថ្មីនេះ បានជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា ព្រមទាំងផ្ដល់ការងារដល់កម្មករដាំកៅស៊ូ និងរោងចក្រ ជាច្រើននាក់។ 

រោងចក្រនេះ គឺជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ដែលមានតម្លៃបន្ថែមខ្ពស់។ រោងចក្រនេះ មានលទ្ធភាពផលិតសំបកកង់ជិត ១,៣លានសំបកកង់ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១ ១៥០នាក់។ 

ការវិនិយោគដ៏ធំនេះ ក៏បង្ហាញពីការជឿជាក់លើគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា និងសក្ដានុពលនៃការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល១៥ឆ្នាំ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ តាមរយៈការវិនិយោគរបស់រោងចក្រផលិតសំបកកង់នៅពេលនេះ រដ្ឋាភិបាលកម្ពុជា ជឿជាក់ថា នឹងមានក្រុមហ៊ុនផ្សេងៗទៀតបន្តមកវិនិយោគក្នុងវិស័យនេះបន្ថែមទៀត។

សូមជម្រាបថា គិតត្រឹមខែឧសភា ឆ្នាំ ២០២៣នេះ ខេត្តព្រះសីហនុ មានរោងចក្រសហគ្រាសចំនួន ៦១២កន្លែង និងកម្មករ និយោជិក ៧២៥៧នាក់ម៉ឺននាក់។ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ កំពុងដំណើរការ រួមមាន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ,តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង តំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន  ចេជាង ហ្គ័រជី៕ 

 

ព័ត៌មានទាក់ទង