
អណ្ដើកហ្លួងចំនួន ១២២ ក្បាល បានញាស់ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មួនខេត្តកោះកុង។ នេះជាលើកទីបីហើយ ដែលមជ្ឈមណ្ឌលអភិរក្សសត្វល្មួនខេត្តកោះកុង ជោគជ័យលើការភ្ញាស់កូនអណ្ដើកហ្លួង។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WCS ក្នុងរដូវពងកូនឆ្នាំ២០២៣ អណ្ដើកហ្ហួង ពងបានចំនួន ២១សម្បុក ស្មើ ២៧២ពង ហើយញាស់បានចំនួន ១២២កូន កើនឡើងជាងឆ្នាំ២០២២ គឺបានតែ៣០កូន ក្នុងចំណោមពង៩សម្បុកដែលមាន ៨១ពង។
លោក Christopher Poyser ប្រធានមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងនៃអង្គការ WCS បានលើកឡើងថា ការកើនឡើងនៃអណ្ដើកហ្លួងនេះ ជាការបង្ហាញពីលទ្ធផលដែលទទួលបានពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វដ៏កម្រជិតផុតពូជនេះកន្លងទៅ។ ជាមួយគ្នានេះ លោក សង្ឃឹមថា ក្នុងឆ្នាំក្រោយ ចំនួនកូនអណ្ដើកហ្លួងនឹងកាន់តែកើនឡើង។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានអះអាងថា ចំនួនការកើនឡើងនេះជាក្ដីសង្ឃឹម ដើម្បីស្ដារចំនួនប្រភេទសត្វដ៏កម្រជិតផុតពូជនេះ ក្នុងប្រទេសកម្ពុជា។ លោក អ៊ុក វិបុល លើកឡើងដូច្នេះ៖ «រដ្ឋបាលជលផលសូមលើកទឹកចិត្តនិងគាំទ្រពេញទំហឹង ក្នុងការបន្ដនូវកម្មវិធីបង្កាត់ពូជ ក៏ដូចជាជំរុញឱ្យមានការសហការ រវាងអាជ្ញាធរ និងសហគមន៍មូលដ្ឋានដើម្បីអភិរក្សសត្វប្រភេទនេះឱ្យកាន់តែមានភាពប្រសើឡើង ហើយយើងសង្ឃឹមថា អណ្តើកហ្លួងដែលជាប្រភេទជិតផុតពូជនេះនឹងមានវត្តមានរស់នៅយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត»។
គួរជម្រាបថា បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្តើកហ្លួងចំនួន ២៨១ក្បាល ក្នុងនោះអណ្តើកហ្លួងមេពូជសម្រាប់កម្មវិធីបង្កាត់ពូជចំនួន ៥០ក្បាល និងអណ្ដើកហ្លួងវ័យជំទង់ និងទើបតែញាស់ចំនួន២៣១ក្បាល។ ចាប់តាំងពី ២០១៥មក អង្គការសមាគមអភិរក្សសត្វព្រៃ បានលែងអណ្ដើកហ្លួងវ័យជំទង់ និងពេញវ័យចូលទីជម្រកធម្មជាតិវិញចំនួន ១៦៦ក្បាលដើម្បីបង្កើនចំនួនសត្វប្រភេទនេះនៅក្នុងទីជម្រកធម្មជាតិ៕
-
ដោយ៖ អ៊ុត រស្មី
-
© រក្សាសិទ្ធិដោយ thmeythmey25.com

