មហោស្រពសិល្បៈទីក្រុង«ស្អាត»នៅបាត់ដំបង នឹងជួយបង្កើនតម្លៃសិល្បៈ និងជំរុញទេសចរណ៍វប្បធម៌

22/05/2023 9:44 am បាត់ដំបង

ភ្នំពេញ៖ អង្គការហ្វាពន្លឺសិល្បៈបាត់ដំបង នឹងរៀបចំមហោស្រពសិល្បៈទីក្រុង «ស្អាត» លើកទី៣ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២-១៧ ខែមិថុនាឆ្នាំ២០២៣។ ទម្រង់សិល្បៈទីក្រុងផ្សេងៗ របាំហ៊ីបហប់ និងគំនូរបែបសិល្បៈលើជញ្ជាំង សកម្មភាពសិល្បៈ  អមជាមួយការដង្ហែក្បួនសិល្បៈ នឹងមានវត្តមាននៅក្នុងមហោស្រពនេះ ព្រមទាំងមានការប្រគំតន្រ្តីនាថ្ងៃចុងក្រោយផងដែរ។



បើតាមរដ្ឋបាលខេត្តបាត់ដំបង មហោស្រពសិល្បៈទីក្រុង «ស្អាត» រៀបចំឡើងដើម្បីបញ្ចូលប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរទៅកាន់ភាពច្នៃប្រឌិត និងទាក់ទាញឱ្យចូលរួមក្នុងការបង្កើតសិល្បៈ។  មហោស្រពនេះ ក៏ជំរុញឱ្យមានការបង្កើតគុណតម្លៃប្រកបដោយចីរភាពរបស់សិល្បៈ វប្បធម៌ និងលើកកម្ពស់សិល្បៈ និងវប្បធម៌ផងដែរ។

មហោស្រពសិល្បៈទីក្រុង «ស្អាត» ត្រូវបានប្រារព្ធឡើងរៀងរាល់២ឆ្នាំ ដោយបានចាប់ផ្តើមដំបូងក្នុងឆ្នាំ២០១៨ នៅក្នុងបរិវេណហ្វារពន្លឺសិល្បៈ និងក្នុងកម្រិតទូទាំងក្រុងក្នុងឆ្នាំ២០១៩។ការលើកកម្ពស់ការយល់ដឹងពីបេតិកភណ្ឌវប្បធម៌រួមក្នុងតំបន់ គឺបានក្លាយជាធាតុមួយដ៏សំខាន់របស់មហោស្រពនេះ។

លើសពីនេះ មហោស្រពនេះ នឹងបង្កើនសោភ័ណភាពដល់ទីក្រុង តាមស្នាដៃសិល្បៈ ដូចជាគំនូរលើជញ្ជាំង និងចម្លាក់ជាដើម។ ស្នាដៃ និងសកម្មភាពទាំងនោះ រួមជាមួយនឹងមហោស្រព និងព្រឹត្តិការណ៍វប្បធម៌ជួយឱ្យខេត្តបាត់ដំបង ក្លាយជាខេត្តទេសចរណ៍វប្បធម៌ដ៏ទាក់ទាញ ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍវប្បធម៌ និងសេដ្ឋកិច្ចក្នុងតំបន់៕


 

ព័ត៌មានទាក់ទង