អ្នកជំនាញកំពុងជួសជុលវត្ថុសិល្បៈចំនួន ១ ០៥៥សមុច្ច័យ ដែលបានពីកំណាយនៅស្រះស្រង់

21/05/2023 2:25 pm សៀមរាប

ភ្នំពេញ៖ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងសម្អាត និងជួសជុលវត្ថុសិល្បៈ ដែលបានពីការធ្វើកំណាយ នៅទំនប់ខាងត្បួង ឈៀងខាងលិចនៃស្រះស្រង់ ចំនួន ១ ០៥៥ សមុច្ច័យ។ វត្ថុសិល្បៈដែលបានរកឃើញនៅក្នុងការធ្វើកំណាយបុរាណវិទ្យាភាគច្រើន ជារូបចម្លាក់ព្រះពុទ្ធ។



ការសម្អាតវត្ថុសិល្បៈទាំងនេះ ប្រព្រឹត្តទៅនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងដាក់តាំងបង្ហាញជាសាធារណៈ ក្នុងកំឡុងពេលតាំងពិព័រណ៌មិនអចិន្ត្រៃយ៍ផងដែរ។  ជាមួយគ្នានេះ លោកស្រី បេ ស៊ីនួន មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា លើកឡើងថា វត្ថុសិល្បៈចំនួន ១ ០៥៥សមុច្ច័យ ភាគច្រើនជារូបចម្លាក់ព្រះពុទ្ធ ស្ថិតក្នុងសតវត្សទី១២ និងទី១៣នៃគ្រឹស្តរាជ និងសម័យក្រោយអង្គរ។  
 
បន្ថែមពីនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងសម្អាតកម្រិតមធ្យម ដោយសារវត្ថុធ្វើពីលោហៈ មានការខូចខាតជាច្រើន។ ការខូចខាតទាំងនេះ រួមមាន រុំព័ទ្ធទៅដោយកំណកដីក្តាំង, ស្នឹមព័ណ៌បៃតង, ពុកផុយ, សឹក, ច្រែស, ស្នាមប្រេះ និងបាក់ជាបំណែក។ 
 
អត្ថបទទាក់ទង
   ត្បូងគ្រីស្ដាល់​ គ្រាប់ខ្វាត និងវត្ថុបុរាណពីតំបន់អង្គរ នឹងបង្ហាញនៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ
ក្រៅពីនេះ សាធារណជនដែលចង់ស្វែងយល់កាន់តែច្បាស់ ពីវិធីសាស្ត្រសម្អាតវត្ថុសិល្បៈទាំងនេះ អាចទៅទស្សនាដោយផ្ទាល់ ការតាំងពិព័រណ៌មិនអចិន្ត្រៃយ៍ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ គួរបញ្ជាក់ដែរសារមន្ទីរ បើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច៕

ព័ត៌មានទាក់ទង