សត្វជិតផុតពូជ! ពងខ្សឹបពីរគ្រាប់ ត្រូវបានភ្ញាស់បែបសិប្បនិម្មិតដោយជោគជ័យ

21/05/2023 9:59 am ភ្នំពេញ

ភ្នំពេញ៖ ពងខ្សឹបពីរគ្រាប់ ត្រូវបានភ្ញាស់បែបសប្បនិម្មិតដោយជោគជ័យ។ ខ្សឹប គឺជាសត្វរងគ្រោះជិតផុតពូជ និងកម្របំផុតនៅលើពិភពលោក។ តាមការប៉ាន់ប្រមាណ សត្វប្រភេទនេះមានមិនដល់ ៦០០ក្បាលនោះទេ នៅទូទាំងតំបន់ទំនាបលិចទឹកនៃបឹងទន្លេសាប។



នាពេលថ្មីៗនេះ ពងសត្វខ្សឹបចំនួនពីរគ្រាប់ ត្រូវបានក្រុមអ្នកអភិរក្សប្រមូលចេញពីតំបន់ទំនាបខាងជើងបឹងទន្លេសាប និងបញ្ជូនបន្តទៅកន្លែងបង្កាត់ពូជសត្វខ្សឹបនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)។
 
ចូលដល់សប្ដាហ៍ទីមួយ នៃខែឧសភា ពងខ្សឹបទាំងពីរនេះ ត្រូវបានញាស់ដោយជោគជ័យ តាមបែបសប្បនិម្មិត។ កូនខ្សឹបទាំងពីរក្បាល ត្រូវបានថែទាំ និងបញ្ចុកចំណីយ៉ាងឌិតដល់ពីអ្នកជំនាញសត្វរបស់ ACCB។ 
 
បើតាម ACCB ពួកវានឹងត្រូវដាក់បញ្ចូលទៅក្នុងចំនួនរបាយប្រជាសាស្រ្តសត្វខ្សឹបក្រៅជម្រកធម្មជាតិ ដែលជាផ្នែកមួយរួមចំណែកដល់ការរស់រានមានជីវិតនៃប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតមួយនេះ។ 
 
កម្មវិធី «ស្តុកទុកចំនួនរបាយប្រជាសាស្រ្តសត្វខ្សឹបដើម្បីការពារកុំឱ្យផុតពូជ» ត្រូវបានបង្កើតឡើងនៅ ACCB ជាមួយនឹងសត្វខ្សឹបមួយក្បាលៗ ដែលបានសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់ ក៏ដូចជាការចិញ្ចឹមថែទាំសត្វខ្សឹបមួយក្បាលៗ ដែលប្រមូលពងចេញពីជម្រកធម្មជាតិរបស់ពួកវាប្រកបដោយនិរន្តរភាព។ កម្មវិធីនេះ បានក្លាយជាចំណែកដ៏សំខាន់នៃយុទ្ធសាស្រ្តគ្រប់គ្រងការអភិរក្សដែលបានបង្កើតឡើងក្រោមភាពជាដៃគូសហការណ៍ជាមួយនឹងក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ ដើម្បីការពារប្រភេទសត្វកម្រនេះកុំឱ្យវិនាសផុតពូជ៕

ព័ត៌មានទាក់ទង