ត្បូងគ្រីស្ដាល់​ គ្រាប់ខ្វាត និងវត្ដុបុរាណពីតំបន់អង្គរ នឹងបង្ហាញនៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ

19/05/2023 2:21 pm សៀមរាប

សៀមរាប៖ ត្បូងគ្រីស្តាល់ គ្រាប់ក្វាត វត្ថុបុរាណ បានពីកំណាយពីតំបន់អង្គរ និងតំបន់ភ្នំគូលែន នឹងត្រូវដាក់តាំងបង្ហាញនៅថ្ងៃទី១៨ ឧសភា នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងក្រុមសៀមរាប។ ការរៀបចំពិព័រណ៌នេះឡើង ដើម្បីអបអរសាទរ ទិវាសារមន្ទីរអន្តរជាតិ។



វត្ថុបុរាណទាំងអស់ ដែលត្រៀមបង្ហាញដល់សាធារណជននេះ ជាសមុច្ច័យដែលទើបទទួលបានពីការដ្ឋានកំណាយក្នុងតំបន់អង្គរ និងកុលាលភាជន៍ ពីឡដុតកុលាលភាជន៍បុរាណ នៃតំបន់ភ្នំគូលែន។ 
បើតាមមន្រ្តីសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងចំណោមវត្ថុដែលនឹងយកមកពិព័រណ៌នោះ មានចំនួន៣ប្រភេទ រួមមានវត្ថុបុរាណធ្វើពីដីតដ្ឋដុតចំនួន២៤គ្រឿង, វត្ថុធ្វើលោហៈ សំរឹទ្ធ ស្ពាន់ ដែក សំណរ ចំនួន១១គ្រឿង។ 

ក្រៅពីវត្ថុបុរាណខាងលើនេះ ត្បូងគ្រីស្តាល់ និងគ្រាប់ក្វាត ចំនួន២០៧៩គ្រាប់ ដែលជាវត្ថុកំណាយចេញពីស្រះស្រង់ ក៏នឹងមានវត្តមានក្នុងពិព៌រណ៌នេះផងដែរ។ សូមរំឭកពីកំណាយ ត្បូង និងក្រាប់ក្វាតនៃបន្តិចថា ពួកវាត្រូវបានរកឃើញក្នុងឆ្នាំ២០២០ ដោយបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា នៅប្រាសាទកណ្ដាលស្រះស្រង់ សរុបចំនួន ១៣៦៥៨គ្រប់។ 

លើសពីទស្សនាវត្ថុបុរាណ ដែលកម្របានឃើញទាំងនោះ សាធារណជនក៏នឹងអាចទទួលបានចំណេះដឹង ព័ត៌មាន ពីវឌ្ឍនភាពវិស័យស្រាវជ្រាវ និងកំណាយតាមបែបបុរាណវិទ្យា ក្នុងតំបន់ការពារបេតិកភណ្ឌអង្គរ។ ជាមួយគ្នានេះ លោកអ្នកក៏អាចឈ្វេងយល់បន្ថែម ពីការថែទាំ និងការជួសជុលវត្ថុបុរាណ ក្រោយពេលបញ្ចប់ការងារស្រាវជ្រាវ ពីការដ្ឋានកំណាយផងដែរ។ 

គួរជម្រាបផងដែរថា ការតាំងពិព័រណ៌វត្ថុបុរាណទាំងនោះ ត្រូវបានប្រព្រឹត្តិទៅរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ទី២៨ឧសភា ឆ្នាំ២០២៣។ សារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ ស្ថិតនៅតាមបណ្ដោយផ្លូវអប្សរា (ផ្លូវ៦០) ក្នុងក្រុងសៀមរាប ជាប់នឹងសាលាខេត្តសៀមរាប ឬលោកអ្នកនាង អាចប្រើប្រាស់ google map ដោយវាយពាក្យ Preah Norodom Sihanouk Angkor Museum៕


 
 

ព័ត៌មានទាក់ទង