
ភ្នំពេញ៖ កម្ពុជា អាចមានបរិមាណភ្លៀងកើនក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់ ចាប់ពីថ្ងៃទី១៧ ដល់២៣ ខែឧសភា ឆ្នាំ២០២៣។
នៅតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាបក្នុងប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងបង្គួរ ឬច្រើនដោយតំបន់ខ្លះលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ផងដែរ។ ជាមួយគ្នានេះ តំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ២៦-២៨អង្សា និងអតិប្បរមា ៣៦-៣៨អង្សា។ តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា ២៤-២៦អង្សា និងអតិបរមា ៣៥-៣៧អង្សា។
ទន្ទឹមនឹងនេះ នៅតំបន់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម បរិមាណភ្លៀងនេះអាចកើនក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់។ តំបន់នេះមានសីតុណ្ហភាពអប្បបរមា ២៥-២៧អង្សា និងអតិបរមា ៣៣-៣៥អង្សា។
ក្រសួងទេសចរណ៍ អំពាវនាវដល់មន្ទីរទេសចរណ៍រាជធានីខេត្ត ការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងផ្នែកដែលពាក់ព័ន្ធ ជ្រាបជាព័ត៌មាន និងចូលរួមយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
-
ដោយ៖ គិត បុប្ផា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

