អ្នកអភិរក្សស្នើឱ្យទេសចរកុំតោងប៉ះចម្រឹងបង្អួចពេលមកទស្សនាប្រាសាទអង្គរវត្ត

ការជួសជុលចម្រឹងបង្អួចប្រាសាទអង្គរវត្ត។ រូបភាពពីអាជ្ញាធរជាតិអប្សរា

15/05/2023 2:18 pm សៀមរាប

ដោយ: អុីសា រ៉ហានី ( Isa Rohany )
សៀមរាប៖ អ្នកអភិរក្សថ្មនៅប្រាសាទអង្គរវត្ត ទទូចស្នើឱ្យសាធារណជន ភ្ញៀវទេសចរទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន និងកុំតោងប៉ះលើចម្រឹងបង្អួចប្រាសាទនៅពេលពួកគេមកទស្សនា។

 
អ្នកអភិរក្សថ្មប្រចាំប្រាសាទអង្គរវត្ត លោក សយ សុភារិន្ទ លើកឡើងថា ចម្រឹងបង្អួចនៃប្រាសាទអង្គរវត្ត បាននិងកំពុងរងការខូចខាតច្រើនដោយសារបញ្ហាអាយុកាលនៃថ្ម។ ដូចថ្មនៅទីតាំងដទៃទៀតដែរ ចម្រឹងបង្អួចទាំងនោះ មានហានិភ័យដែលអាចបាក់ធ្លាក់ជាយថាហេតុ ដូច្នេះទេសចរទាំងអស់ មិនគួរប៉ះ ឬតោងឡើយ។ 
 
ការស្នើបែបនេះ ធ្វើឡើងកំឡុងពេលក្រុមការងាររបស់លោក សយ សុភារិន្ទ កំពុងជួសជុលចម្រឹងបង្អួច ចំនួន៦កំណាត់បន្ថែមទៀត ដែលត្រូវបានបាក់ធ្លាក់កាលពីដើមខែ មេសាកន្លងទៅ។ ទីតាំងបាក់ធ្លាក់នោះ ស្ថិតនៅរួតទី២ ជ្រុងនិរតី នៃរួតបាកាណប្រាសាទអង្គរវត្ត។ លោក សុភារិន្ទ បញ្ជាក់បន្ថែម៖​«ចម្រឹងនេះបាក់ជា៦កំណាត់ និងមានបំណែកតូចៗជាច្រើន»។ 
 
ការជួសជុលដំបូងនេះ អ្នកជំនាញបានបាញ់សម្លាប់ស្លែជាមុន និងទុករយៈពេល២សប្ដាហ៍រហូតស្លែ​ងាប់អស់ បន្ទាប់មកលាងសម្អាត និងដកជាតិអំបិល ឬជាតិអាស៊ីត។ លោក សុភារិន្ទ បន្ថែមថា បន្ទាប់មកគេបាញ់ពង្រឹងដើម្បីឱ្យផ្ទៃថ្មជាប់គ្នាឡើងវិញ និងជាជំហ៊ានៗរហូតដល់ថ្មចម្រឹងបានដំឡើង និងដាក់នៅទីតាំងដើមវិញ។ ការជួសជុល និងពង្រឹងឡើងវិញនេះ ត្រូវការពេលយ៉ាងហោចមួយខែ។ 
 
តាមការបញ្ជាក់ពីអ្នកជំនាញ កន្លងមកធ្លាប់មកករណីបាក់ធ្លាក់ចម្រឹងបង្អួចប្រាសាទអង្គរវត្តនេះច្រើនលើក មកហើយ ដោយករណីខ្លះបណ្ដាលមកពីអាយុកាល ខ្លះបណ្ដាលមកពីកត្តាមនុស្សដែលតោងថត​ជាដើម។ លោក សុភារិន្ទ ស្នើឱ្យទេសចរ ក៏ដូចជាសាធារណជន ត្រូវប្រុងប្រយ័ត្នពិសេសពេលឡើង​តោងថត ព្រោះវាអាចធ្លាក់មកបានគ្រប់ពេល។ 
 
លោក សុភារិន្ទ បញ្ជាក់ដូច្នេះថា៖« យើងដឹងហើយថា ដូនតាយើងធ្វើចម្រឹងបង្អួចនេះ អត់មានពន្លូចអីទេ អាយុកាលនៃថ្មក៏ពុកផុយច្រើន វាចេះតែទៅមុខ កន្លែងផ្សេងក៏ដូចគ្នា គឺមានហានិភ័យគ្រប់កន្លែង ដែលយើងត្រូវការពារ និងលើកគម្រោងជួសជុល។ ការប្រុងប្រយ័ត្នគឺការពារសុវត្ថិភាពយើង ក៏ដូចជាមរតកវប្បធម៌យើង»៕
 

ព័ត៌មានទាក់ទង