កម្ពុជា នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា ពីថ្ងៃទី១៥-១៨ ធ្នូ

14/05/2023 12:06 pm ភ្នំពេញ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦កម្រិតអន្តរជាតិ ចាប់ពីថ្ងៃទី ១៥-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ពិព័រណ៍នេះ ធ្វើឡើងក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញផលិតផល និងសេវាឱ្យដល់គោលដៅទីផ្សារ។



បើតាមក្រសួងពាណិជ្ជកម្ម ក្រសួងមានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនដូចជា សិក្ខា សាលាស្តីពីការជំរុញ សកម្មភាព ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធីចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម ដើម្បីជួយអភិវឌ្ឍន៍វិស័យឯកជនផងដែរ។  
 
ជាមួយគ្នានេះ  ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញផលិតផល និងសេវាឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ព្រឹត្តិការណ៍ពាណិជ្ជកម្មខាងលើ នឹងផ្តល់នូវកាលានុវត្តភាពថ្មី ក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មក្នុងស្រុករវាងរាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា និងរវាងកម្ពុជា ជាមួយអន្តរជាតិ។
 
បន្ថែមពីនេះ អ្នកវិនិយោគិន សហគ្រិន ផលិតករ និងពាណិជ្ជករ  មានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជានេះ ត្រូវទៅបំពេញបែបបទចូលរួម និងផ្ញើគម្រោងរបស់ខ្លួនមកអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឱ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ 
 
សម្រាប់ អាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស និងសាធារណជនដែលចាប់អារម្មណ៍ស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ជំរុញពាណិជ្ជកម្ម  ចូលរួមទៅបំពេញបែបបទនៅជាន់ទី២នៃអគារទីស្តីការក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋាន ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ព័ត៌មានទាក់ទង