អូស្តា្រលី នឹងជួយបង្កើតសួនកសិឧស្សាហកម្មនៅកម្ពុជា

05/05/2023 4:57 pm ភ្នំពេញ

ភ្នំពេញ៖ អូស្រ្តាលី នឹងជួយបង្កើតសួនកសិឧស្សាហកម្ម ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជា។ ចំពោះសួនកសិឧស្សាហកម្មនេះ នឹងផ្តល់កន្លែងកែច្នៃកសិចំណីអាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍។ ដោយឡែក សួនកសិឧស្សាហកម្ម ក៏ជាចំណែកក្នុងការសាងសមត្ថភាព ផ្តល់កន្លែងធ្វើការ បរិស្ថានប្រកបដោយសុវត្ថិភាព ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។



យោងតាមការសិក្សាលទ្ធភាពឆ្នាំ ២០២២ របស់រដ្ឋាភិបាលកម្ពុជា សួនកសិឧស្សាហកម្ម នឹងរួមចំណែកចំនួន ៥,១ពាន់លានដុល្លា ដល់សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១សែនកន្លែង ដែលជាងពាក់កណ្តាលការងារគឺជាស្ត្រី។ កសិផលកម្ពុជាប្រមាណ ៩៥ភាគរយ ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាងក្នុងអាស៊ាន ជាកសិផលដើមមិនទាន់កែច្នៃ។ 

ចំពោះប្រទេស ដែលបាននាំចូលកសិផលពីកម្ពុជា ត្រូវបានយកទៅកែច្នៃ ឱ្យក្លាយជាផលិតផលមានតម្លៃខ្ពស់ជាងកសិផលដើមដូចជាការធ្វើទៅជា តំណាប់និងទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈជាដើម។ ក្នុងន័យនេះ អូស្ត្រាលី ក៏បានគិតគូរដល់ការប្រកួតប្រជែងកែច្នៃ ការបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក បន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ។

ដើម្បីសម្រេចបាននូវចំណុចនេះ កម្ពុជា ចាំបាច់ត្រូវវិនិយោគលើកន្លែងកែច្នៃកសិផលរបស់ខ្លួន។ ជាមួយគ្នានេះ អូស្ត្រាលី ក៏កំពុងធ្វើការជាមួយកម្ពុជា ដើម្បីបង្កើតសួនកសិឧស្សាហកម្ម (AIP) ដំបូងគេ ។ សួនកសិឧស្សាហកម្មនេះ នឹងផ្តល់នូវ កន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការនិងបរិស្ថានប្រកបដោយសុវត្ថិភាពនិងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។
សូមបញ្ជាក់ថា កន្លងមកនេះ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឈានមុខរបស់ប្រទេសអូស្ត្រាលី ហៅថា CAPRED បានរៀបចំដំណើរទស្សនកិច្ចសិក្សានៅប្រទេសអូស្ត្រាលី សម្រាប់គណៈកម្មាធិការ និងសមាជិកលេខាធិការដ្ឋាន សួនកសិឧស្សាហកម្ម។ ដំណើរទស្សនានេះ គឺសិក្សាអំពីការគាំទ្ររបស់រដ្ឋាភិបាល ទំនាក់ទំនងសាធារណៈ ឧស្សាហកម្ម និងការស្រាវជ្រាវ សម្រាប់ការកសាងប្រព័ន្ធអេកូឡូស៊ី និងបញ្ហាប្រឈមនានាក្នុងការបង្កើត សួនកសិឧស្សាហកម្ម៕ 

 

ព័ត៌មានទាក់ទង