
សៀមរាប៖ ជារៀងរាល់ឆ្នាំបន្ទាប់ពីពិធីចូលឆ្នាំថ្មីបញ្ចប់ ពលរដ្ឋរស់នៅជុំវិញស្ពានកំពង់ក្ដី (ស្ពានព្រះទិស) ក្នុងឃុំកំពង់ក្ដី តែងប្រារព្ធពិធីឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។ ពិធីនេះអ្នកភូមិខ្លះហៅឆ្លងចែត្រ ឯខ្លះទៀតក៏ហៅថាឆ្លងឆ្នាំ។ ពិធីនេះ ជាទំនៀមទម្លាប់តពីដូនតា របស់ពួកគេបន្តពីមួយជំនាន់ទៅមួយជំនាន់។ កម្មវិធីនេះទៀតសោត អ្នកភូមិទាំងនោះ ត្រូវទៅប្រារព្ធនៅឯរោងអ្នកតាក្នុងភូមិ និងនៅស្ពាននាគ ឬស្ពានកំពង់ក្ដី។
តទៅនេះសូមទស្សនាវីដេអូ ពិស្ដារដូចខាងក្រោម រៀបចំដោយលោក ស៊ុល រ៉វី៖
ការប្រារព្ធពិធីឆ្លងឆ្នាំនេះ មានភាពអធិកអធម និងមានកម្មវិធីប្លែកៗគួរឱ្យចាប់អារម្មណ៍ ពោលមានការថ្វាយភ្លេងអ្នកតា ការសម្ដែងព្រោះស្រូវ និងការទាញព្រ័ត្រជាដើម។ អ្នកភូមិដែលរៀបចំប្រារព្ធពិធីនេះ ពួកគេនិយាយថា ខ្លួនមិនដឹងឡើយថាពិធីឆ្លងឆ្នាំនេះ មានតាំងពីពេលណាឡើយ ដោយគ្រាន់ដឹងថាវាមានពីជីដូនជីតាពួកគេមកម្ល៉េះ ហើយពួកគេធ្វើត ទំនៀមទម្លាប់ពីដូនតាមក។
លោកតា ចាន់ លីម វ័យ៨៧ឆ្នាំ ជាពលរដ្ឋចាស់ទុំមួយរូបនៅឃុំកំពង់ក្ដី បានពន្យល់ថា ការរៀបចំប្រារព្ធពីឆ្លងឆ្នាំដែលអ្នកភូមិតែងចំណាំធ្វើរាល់ឆ្នាំ មិនដែលខាននោះទេ ដើម្បីរំឭកដល់បុព្វបុរសដូនតាខ្មែរ និងបង្ហាញភាពសាមគ្គីគ្នា សម្រាប់ពលរដ្ឋក្នុងភូមិ-ឃុំ ដែលកំពុងរស់រាន។
លោកតា ចាន់ លីម រៀបរាប់ដូច្នេះ៖ «ពាក់ព័ន្ធនឹងការទាញព្រ័ត្រ ខ្មែរយើងគេតែងធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ដែលបានកសាងប្រវត្តិសំខាន់ទុកដល់កូនចៅ។ ការទាញព្រ័ត្រស្រីម្ខាង ប្រុសម្ខាង ទាញចង់ដឹងដែលយើងសប្បាយក្នុងពិធីចូលឆ្នាំ ប្រវត្តិដើមគេសង្កត់ធ្ងន់ លើការសាមគ្គីទេចៅ»។
បើសរុបទៅ ពិធីឆ្លងចែត្រ ឬឆ្លងឆ្នាំនេះនេះ គឺដើម្បីរំឭកគុណ ឧទ្ទិសបុណ្យកុសលដល់ដូនតា និងការសាមគ្គីភាពរបស់អ្នកភូមិ។ ជាមួយគ្នានេះពិធីនេះ ក៏ឃើញមានការបុណ្យស្រន់ សូមសេចក្ដីសុខពីអ្នកតា ដែលថែរក្សានៅភូមិផងដែរ និងការបន់ស្រន់មុនពលរដ្ឋចុះធ្វើស្រែចម្ការ ដើម្បីទទួលបានទឹកភ្លៀងគ្រប់គ្រាន់ និងទទួលបានទិន្នផលខ្ពស់ជាដើម។
កម្មវិធីឆ្លងឆ្នាំរបស់អ្នកឃុំកំពង់ក្ដីនេះ ត្រូវបានរៀបចំពេញមួយថ្ងៃ ហើយឆ្នាំនេះត្រូវនឹងថ្ងៃទី២០មេសា។ នៅពេលព្រឹកពុទ្ធបរិស័ទនាំគ្នាទៅវត្ត ប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅឯវត្តជីក្រែង។
បន្ទាប់ពីពិធីសាសនានេះចប់ទៅ លុះដល់វេលារសៀល ពិធីសែនព្រេនមួយទៀតចាប់ផ្ដើម ។ កម្មវិធីនេះចាប់ផ្ដើមឡើង នៅម៉ោងប្រមាណ ៣រសៀល នៅឯទីអ្នកតាមួយនៅក្នុងភូមិ ដែលអ្នកភូមិមានជំនឿជឿជាក់ និងគោរពប្រណិប័តន៍តរៀងមក។
មុនកម្មវិធីចាប់ផ្ដើមមុនប្រហែល២ម៉ោង ចាស់ក្នុងភូមិបាននាំគ្នាមករៀបចំកន្លែងអ្នកតា ជាបន្តបន្ទាប់ អ្នកខ្លះយកឧបករណ៍ឧគ្ឃោសនសព្ទមក។ ឯដូនចាស់នាំគ្នារៀបចំភោជនសែន ទៅតាមទំនៀមរបស់ពួកគេ។ ក្នុងសំណែននោះមានដូចជាក្បាលជ្រូកមួយ មាន់ស្ងោរមួយ សម្ល នំ ម្លូ ស្លា បារី ចេក ភេសជ្ជៈ ព្រមទាំងបាយសី ស្លាធម៌ ធូប ទាន។
បន្ទាប់ពីដូនចាស់ៗរៀបចំស្ទើររួចរាល់ អ្នកភ្លេងក៏មកដល់ ដើម្បីប្រគំភ្លេងបុរាណ មានទាំងអ្នកច្រៀង ដើម្បីថ្វាយភ្លេងដល់អ្នកតានៅទីនេះ។ បន្ទាប់ពីអ្នកភ្លេងមកដល់ ពលរដ្ឋចាស់ក្មេងក៏មកជាបន្តបន្ទាប់ ស្របជាមួយនោះ អ្នកភូមិខ្លះ ក៏បាននាំយកនូវឧបករណ៍ធ្វើស្រែខ្លះ មកមួយចំនួនដែរ ដូចជាចបកាប់ រនាស់ អំបោះ ស្រូវ និងឧបករណ៍សម្រាប់ធ្វើស្រែផ្សេងៗទៀត។
សំណែន អ្នកភ្លៀង និងឧបករណ៍ផ្សេងបានរៀបចំគ្រប់គ្រាន់ហើយ កម្មវិធីសែនអ្នកតាចាប់ផ្ដើមប្រគំឡើង យ៉ាងរណ្ដំនៅលើលានល្មមមួយ អមនឹងដើមឈើ និងឫស្សី។ ភ្លេងប្រគំសូរសព្ទរណ្ដំគោរម្យ ដាស់ឱ្យអ្នកភូមិមិនទាន់មកដល់ ឱ្យប្រញាប់មករោងអ្នកតានេះ។ ស្របពេលនោះ ចាស់ៗក៏នាំគ្នាបុណ្យអ្នកតា ក្នុងសំឡេងរសាវៗ តែអាចឱ្យយល់បានថាគឺសូមសេចក្ដីសុខ ចៀសពីគ្រោះទាំងពួង និងសុំឱ្យការចុះធ្វើស្រែទទួលបានភ្លៀងគ្រប់គ្រង និងទិន្នផលខ្ពស់។
ស្របនឹងពេលនោះផងដែរ អ្នកភូមិក្មេងចាស់ឈរ មកចូលរួមយ៉ាងអ៊ូអរ។ ក្នុងពិធីសែនព្រែននេះ ក៏មានការចូលរូប លើអ្នកស្នងរូបចំនួន២នាក់ផងដែរ។ សកម្មភាពចូលរួមបានធ្វើឡើងមួយស្របក់ រួចក៏បញ្ចប់ និងជំនួសដោយការរាំ និងច្រៀងបទ «ស្រីបុកស្រូវ»។
អ្នកច្រៀង ច្រៀងបណ្ដើរ និងបង្ហាញសកម្មភាពបណ្ដើរ ដោយសកម្មភាពនោះអាចឱ្យយើងឃើញថា ជាសកម្មភាពធ្វើស្រែ។ ពោលគឺមានអ្នកព្រោះស្រូវ មានអ្នកកាប់ដី អ្នកបោសដី និងអ្នកដង្ហែ អមនឹងការប្រគំភ្លេងពីអ្នកភ្លេង ដែលជាទស្សនិយភាពគួរជាទាក់ចិត្ត។
សកម្មភាពដូចរៀបរាប់នេះ គឺត្រូវបានដើរទក្សិណ ជុំវិញរោងអ្នកតាបីជុំទើបរួចរាល់។ បន្ទាប់មក ក៏ដល់វគ្គទាញព្រ័ត្រ។ ការទាញព្រ័ត្រនេះ គឺត្រូវបែងចែកឱ្យស្ត្រីនៅម្ខាង និងបុរសនៅម្ខាង ហើយការទាញព្រ័ត្រនោះ ត្រូវប្រកួតជាបីដង។
ប្រកួតបានបញ្ចប់ ពលរដ្ឋក៏ម្នីម្នា ទៅរៀបចំពិធីសែនព្រេនបន្តទៀត នៅឯស្ពាននាគ ឬស្ពានកំពង់ក្ដី។ នៅទីនោះ ការសែនព្រេន គឺសំណែនដូចគ្នា។ ក្រោយសែនចប់ ក៏មានការទាញព្រ័ត្រដែរ តែការទាញព្រ័ត្រនៅលើស្ពាននេះ គឺមានការចូលរួមច្រើនកុះករជាងមុន ព្រមទាំងមានរាំរែក យ៉ាងសប្បាយរីករាយ។
មិនថាឆ្នាំណា ឬទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ពលរដ្ឋនៅឃុំកំពង់ក្ដី តែងប្រារព្ធជារៀងរាល់ឆ្នាំ មិនដែលអាកខានមួយឆ្នាំណាសោះឡើយ ដោយសារនេះជាទំនៀមទម្លាប់មួយ ដែលត្រូវធ្វើតពីដូនតមក ដែលពួកគេជឿថាកាលណាមិនប្រារព្ធអាចនឹងមានគ្រោះកើតឡើងក្នុងភូមិឋានខ្លួន៕
-
ដោយ៖ ស៊ុល រ៉វី
-
© រក្សាសិទ្ធិដោយ thmeythmey25.com

