លោក ថោង ខុន ស្នើឱ្យប្រទេស ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បន្តស្តារវិស័យទេសចរណ៍

28/04/2023 12:00 pm ភ្នំពេញ

ភ្នំពេញ៖ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះក្នុងវេទិកាទេសចរណ៍មេគង្គឆ្នាំ ២០២៣ ក្រោមប្រធានបទ «ការគិតឡើងវិញសម្រាប់ភាពធន់ និងឌីជីថលនីយកម្ម»។ ក្នុងការបើកវេទិកាទេសចរណ៍លើកទី៣ របស់កម្ពុជា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យប្រទេសជាសមាជិក GMS  (GMS Tourism Recovery Communication Plan) បន្តស្តារឡើងវិញក្នុងវិស័យទេសចរណ៍។ វេទិការនេះ ធ្វើឡើងនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ និងមានប្រតិភូជាង ២៥០រូប មកពី ១៩ប្រទេសចូលរួម។



លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងពីកិច្ចសហប្រតិបត្តិការរបស់ GMS រវាងរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងន័យចែករំលែកបទពិសោធ លើការអភិវឌ្ឍទេសចរណ៍ ទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់ GMS ។ លោកបន្តថា កម្ពុជាទទួលបានកំណើនទេសចរណ៍ឡើងវិញប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ ក្រោយរដ្ឋាភិបាលចេញវិធានការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០២១។ 

រដ្ឋមន្រ្តីក្រសួងទេសចរណ៍រូបនេះ បញ្ជាក់ថា ៖«ភាគីពាក់ព័ន្ធសំខាន់ៗពីវិស័យសាធារណៈ និងឯកជននឹងបង្កើតឱកាស ដើម្បីជំរុញក្របខ័ណ្ឌប្រកបដោយការច្នៃប្រឌិត។  ការងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងឆ្ពោះទៅរកភាពធន់នៅក្នុងយុគសម័យក្រោយវិបត្តិជំងឺកូវីដ-១៩ និងនាំយកមកវិញនូវអ្វីដែលបានបាត់បង់ក្នុងវិស័យទេសចរណ៍ ជាពិសេសអាជីវកម្ម និងចំណូលទេសចរណ៍»។

ក្នុងវេទិកានេះ លោក ថោង ខុន បានស្នើឱ្យប្រទេសសមាជិក GMS បន្តស្តារឡើងវិញនៃវិស័យទេសចរណ៍ ដោយអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍មេគង្គ ឆ្នាំ២០១៦-២០២៥។ ការជំរុញផ្នែកទំនាក់ទំនង និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា «ប្រទេសចំនួនប្រាំមួយ ទិសដៅតែមួយ (Six countries, One destination)»។ នេះជាការស្តារទេសចរណ៍ GMS និងសកម្មភាពផ្សព្វផ្សាយរួមគ្នា ដើម្បីគាំទ្រដល់ការស្តារទេសចរណ៍ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពក្នុងតំបន់មហាអនុតំបន់មេគង្គ។

បន្ថែមពីនេះ ការអនុវត្ត GMS Tourism Recovery Toolkits នឹងជួយដល់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៅក្នុងតំបន់ GMS ដើម្បីកសាងឡើងវិញនូវវិស័យទែសចរណ៍របស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព។ ព្រមទាំង ការសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញការងើបឡើងវិញប្រកបដោយភាពធន់។

សូមបញ្ជាក់ថា មហាអនុតំបន់ទន្លេមេគង្គ (MGS) ប្រទេសជាសមាជិកចំនួន ៦ប្រទេស រួមមានប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម។ MGS គឺជាតំបន់សេដ្ឋកិច្ចមួយបែបធម្មជាតិ ដែលត្រូវបានភ្ជាប់ទំនាក់ទំនងគ្នាដោយទន្លេមេគង្គ ដោយមានផ្ទៃដីចំនួន២,៦លានគីឡូម៉ែត្រការ៉េ។ ដោយឡែក វេទិការមេគង្គទេសចរណ៍ នឹងប្តូរវេនទៅឱ្យសាធារណរដ្ឋប្រជាមានិតចិន ធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៤៕

 

ព័ត៌មានទាក់ទង