​រដ្ឋាភិបាល បើកឱ្យពល​រដ្ឋ​ប្រើមងក្រឡាតូចរកត្រីនៅតំបន់ការពារ​សត្វផ្សោត​នា​រដូវ​ប្រាំង​វិញ

28/04/2023 10:48 am ភ្នំពេញ

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចនិរាករណ៍ អនុក្រឹត្យចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ដីពី​​ការ​កំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ  ហើយនឹងប្រើអនុក្រឹត្យចាស់ ចុះ​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ​ឡើងវិញ។



ការប្រកាសពីការនិរាករ​នេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមេសានេះ ក្នុងពិធីបិទវគ្គ​បណ្តុះ​បណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ក្នុងអំឡុងការអនុវត្តតាមអនុក្រឹត្យថ្មី ចាប់​ពីខែកុម្ភៈ ដល់ខែមេសានេះ ​សត្វផ្សោតក៏តែមានងាប់ដដែល ហើយជាមួយគ្នានេះ ក៏​ធ្វើឱ្យ​ប៉ះពាល់ជីវភាពប្រជានេសាទ ​រាប់ពាន់គ្រួសារថែមទៀត។
 
យ៉ាងណាក៏ដោយប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ទោះជាមងក្រ​ឡាតូច​ត្រូវ​បាន​អនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងតំបន់អភិរក្ស និងតំបន់ការពារសត្វផ្សោតក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ក៏ដោយ ប៉ុន្តែអាជ្ញាធរត្រូវតែពង្រឹងការគ្រប់គ្រង មិន​​ឲ្យ​មានការប្រើប្រាស់​នៅ​មង​ក្រឡាធំ និងការប្រើឧបករណ៍ឆក់ត្រី នៅក្នុងតំបន់សត្វ​ផ្សោត​រស់នៅនោះឡើយ។​
 
​សូមបញ្ជាក់ថា គិតចាប់ពីដើមឆ្នាំ២០២៣ ដល់ត្រឹមចុងខែមេសានេះ  ​ កូន​ផ្សោតថ្មី​ចំនួ​ន​៣ក្បាល ត្រូវបានកត់ត្រាវត្តមាន នៅអន្លង់ផ្សោតក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ មាន​ផ្សោតកើតថ្មី ប៉ុន្តែ​សត្វផ្សោត២ក្បាលក៏បានបាត់បង់ជីវិតទៅវិញ ដោយសារជាប់មង​​៕

ព័ត៌មានទាក់ទង