យុវតី ខន រក្សា ចង់ចែករំលែកក្តីសុខ ក្នុងពិភពសៀវភៅទៅដល់កុមារនៅតាមទីដាច់ស្រយាល

27/04/2023 4:05 pm ភ្នំពេញ

ភ្នំពេញ៖ មានវ័យ ២២ឆ្នាំ កញ្ញា ខន រក្សា មានបំណងចង់ឱ្យកុមារនៅទីជនបទទទួលបានឱកាសច្រើនពីការអានសៀវភៅ ដើម្បីទទួលចំណេះដឹង និងបង្កើតក្តីស្រមៃទូលាយជាងមុន។ បច្ចុប្បន្ន រក្សា កំពុងផ្ដួចផ្ដើមរៃអង្គាសថវិកាដើម្បីសាងសង់បណ្ណាល័យនៅភូមិជ្រុង សម្រាប់ឱ្យកុមារជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី មានឱកាសបន្ថែមចំណេះដឹងតាមរយៈការចូលបណ្ណាល័យ។



ការអានជាផ្នែកមួយនៃចំណេះដឹង អាចធ្វើឱ្យអ្នកអាចស្វែងរកអ្វីដែលថ្មីចេញពីការតែងនិពន្ធរបស់ម្ចាស់ស្នាដៃ។ ជាមួយគ្នានេះ ការអានក៏ជាឃ្លាំងនៃភាពស្រមើលស្រមៃ ចម្ងល់ ចម្លើយ និងគំនិតថ្មីផុសចេញជាបន្តបន្ទាប់ផងដែរ។ កញ្ញា ខន រក្សា ជាយុវតីម្នាក់បានចាប់ផ្ដើមចូលរួមសកម្មភាពបរិច្ចាគសៀវភៅ និងថវិកាផ្ទាល់ខ្លួន ដើម្បីជាការចែករំលែកចំណេះដឹងរបស់ខ្លួនតាមរយៈសៀវភៅទៅកាន់មជ្ឈដ្ឋានខាងក្រៅ ចាប់តាំងពីឆ្នាំ២០១៨មក។

យុវតីរូបនេះ ចូលចិត្តអានសៀវភៅតាំងពីកុមារភាពមកម៉្លេះ។ ចំណូលចិត្តមួយនេះក៏ដោយសារនាងយល់ថាអានកាន់តែច្រើន ជាប្រភពក្តីសុខផ្លូវចិត្ត និងជំរុញឱ្យខ្លួនមានក្តីស្រមៃគ្មានព្រំដែន។

សកម្មភាពបរិច្ចាគរបស់កូនអ្នកបាត់ដំបងរូបនេះ កើតឡើងក្រោយមានសំណួរមួយឃ្លាដែលលេចឡើង ឯងៗ«ការអានសៀវភៅជាក្តីសុខរបស់ខ្ញុំ តើហេតុអ្វីខ្ញុំមិនចែករំលែកក្តីនោះទៅអ្នកផ្សេងផង»? ចាប់តាំងពីនោះមកយុវតីរូបនេះចាប់ផ្ដើមចូលរួមបរិច្ចាគសៀវភៅរបស់ខ្លួនទៅឱ្យកុមារតាមខេត្តមួយចំនួនដូចជា បាត់ដំបង ឧត្តរមានជ័យ ប៉ៃលិន សៀមរាប និងខេត្តមួយចំនួនទៀតជាហូរហែ។ 



លើសពីនេះ រក្សា ក៏បានយកសៀវភៅទៅដាក់ឱ្យសាធារណជន អាននៅតាមសួនក្នុងខេត្តសៀមរាប ដើម្បីឱ្យសិស្សានុសិស្ស ឬអ្នកស្រឡាញ់សៀវភៅ អាចទៅអានបានតាមទីសាធាណៈដោយរីករាយ។ 

កញ្ញា លើកឡើងថា៖ «សម្រាប់ខ្ញុំការបរិច្ចាគសៀវភៅពិតជារឿងសំខាន់ណាស់ ព្រោះនេះអាចជាផ្នែកមួយ ដែលអាចបង្កើតនូវធនធាន ដែលសង្គមត្រូវការ។ ខ្ញុំបានបរិច្ចាគសៀវភៅជាង៧០០ក្បាលសម្រាប់ខេត្តសៀមរាប ក្រៅពីនេះខេត្តខ្លះខ្ញុំបរិច្ចាគថវិកា និងសៀវភៅតាមលទ្ធភាព។ បើយើងឱ្យសង្គមមានភាពរីកចម្រើន នោះពិតណាស់ដែលធនធានមនុស្សជាតម្រូវការចាំបាច់ក្នុងការជំរុញលើការចូលរួមអភិវឌ្ឍប្រទេស»។ 

ទន្ទឹមនេះយុវតីខាងលើ ពិតជាចង់ឱ្យគ្រប់ខេត្ត គ្រប់វត្ត គ្រប់ភូមិ និងគ្រប់សួនច្បារមានបណ្ណាល័យដើម្បីជំរុញការអាន ឱ្យកាន់មានភាពប្រសើរ និងទូលាយជាងមុន។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៣ យុវតីរូបនេះបានផ្ដួចផ្ដើមគម្រោងរៃអង្គាសថវិកាពីសាធារណជន ដើម្បីសាងសង់បណ្ណាល័យមួយសម្រាប់ដាក់ក្នុងភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។ បច្ចុប្បន្នថវិកាដែលទទួលបានពីម្ចាស់ជំនួយប្រហែល២០ទៅ៤០ភាគរយ សម្រាប់ខ្ទង់ចំណាយខ្ទង់៣ពាន់ដុលា្លរអាម៉េរិក។ 



«គម្រោងធ្វើជាបណ្ណាល័យនេះ ខ្ញុំធ្វើជាលើកទីមួយ បន្ទាប់ពីសកម្មភាពបរិច្ចាគ និងបង្កើតឱ្យមានយុទ្ធនាការអានតាមសួននៅសៀមរាប។ បើតាមការចំណាយអស់ប្រមាណ ៣ពាន់ ក្នុងនោះគ្រោងធ្វើជាបណ្ណាល័យ រួមជាមួយបន្ទប់ទឹក ដូច្នេះយើងត្រូវការការចូលរួមពីសាធារណជន ដើម្បីអាចឈានដល់ការសាងសង់។ យើងបើកសេរីសម្រាប់ការចូលរួមមិនថាជាថវិកា សម្ភារសិក្សា ឬជាសៀវភៅថ្មីឬចាស់នោះឡើយ»។ នេះជាការលើកឡើងរបស់កញ្ញា រក្សា។ 

ទោះបីជាសកម្មភាពធ្វើបណ្ណាល័យនេះ មិនទាន់គ្រប់ថវិកាក្នុងការសាងសង់ក្តី ក៏រូបនាងមានបំណងបង្កើតបណ្ណាល័យនៅភូមិដាច់ស្រយាលនៅក្នុងភូមិផ្សេងក្នុងខេត្តរតនគិរីបន្តទៀតដែរ។ រក្សា បន្តដូច្នេះ៖«សម្រាប់ខ្ញុំពិតជាចង់ឱ្យគ្រប់ខេត្ត គ្រប់វត្ត គ្រប់ស្រុក និងភូមិ រួមជាមួយគ្រប់សួនច្បារ អាចមានសៀវភៅសម្រាប់ផ្ដល់ឱ្យអ្នកស្រឡាញ់ការអានមានឱកាស ចំណាយពេលគ្រប់ទីកន្លែង ដើម្បីបង្កើនចំណេះដឹង និងក្តីសុខ ក្នុងការបង្កើតក្តីសមៃសម្រាប់ខ្លួនឯង និងពិភពលោក»៕

ព័ត៌មានទាក់ទង