នំបញ្ចុកសៀមរាប អំបុកកំពង់ធំ ដូងខ្ទិះបាត់ដំបង និងក្រូចថ្លុងកោះពីរ ក្លាយជាម៉ាកសមូហភាព

26/04/2023 5:05 pm ភ្នំពេញ

នំបញ្ចុកសៀមរាប អំបុកកំពង់ធំ ដូងខ្ទិះបាត់ដំបង និងក្រូចថ្លុងកោះពីរ របស់ខេត្តត្បូងឃ្មុំ បានក្លាយជាម៉ាកសមូហភាព ជាផ្លូវការចាប់ពីថ្ងៃទី២៦មេសាតទៅ។ ការដាក់ឱ្យដំណើរការនូវម៉ាកសមូហភាពនៃផលិតផលទាំង៤មុខនេះ គឺធ្វើឡើងក្រោមវត្តមានលោក ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារភ្នំពេញ។


លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីពាណិជ្ជកម្ម ថ្លែងក្នុងពិធីសម្ពោធម៉ាកសម្គាល់ទំនិញ-ម៉ាកសមូហភាពចំនួន៧មុខ នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៦មេសា ឆ្នាំ២០២៣។

ផលិតផលដែលបានចុះបញ្ជីជាម៉ាកសមូហភាពដែលរួមមាន នំបញ្ចុកសៀមរាប អំបុកកំពង់ធំ ដូងខ្ទិះបាត់ដំបង និងក្រូចថ្លុងកោះពីរ នឹងជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក និងពង្រឹងភាពប្រកួតប្រជែងផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ លោក ប៉ាន សូរស័ក្ត បានបញ្ជាក់ថា  ការចុះបញ្ជីផលិតផលទាំងនេះ គឺជាសម្ធទិផលដ៏សំខាន់ ដោយគ្រប់ភាគីពាក់ព័ន្ធបានខិតខំរួមគ្នា បង្កើត ចងក្រង អភិរក្ស ថែរក្សា និងអភិវឌ្ឍផលិតផលក្នុងស្រុកឱ្យមានតម្លៃបន្ថែមខ្ពស់ និងផ្សព្វផ្សាយ ពីវប្បធម៌របស់ខ្មែរ។ 

លោករដ្ឋមន្ត្រីពាណិជ្ជកម្មបានថ្លែងក្នុងពិធីសម្ពោធម៉ាកសម្គាល់ទំនិញ-ម៉ាកសមូហភាពចំនួន៧មុខ នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៦មេសា ឆ្នាំ២០២៣ ដោយភាពជឿជាក់យ៉ាងមុតមាំថា៖ «ម៉ាកសម្គាល់ទំនិញ និង ម៉ាកសមូហភាព នឹងជំរុញឱ្យមានកំណើនតម្រូវការផលិតផលលើទីផ្សារជាតិ និងអន្តរជាតិកាន់តែច្រើន និងជាផ្នែកមួយនៃគោលដៅទេសចរណ៍ ផងដែរ»។ 

 លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ទទួលទាននំបញ្ចុកសៀមរាបដែលជាម៉ាកសហភាព។ 

បើតាមលោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ក្រៅពីផលិតផលដែលបានចុះបញ្ជីម៉ាកសម្គាល់ភូមិទំនិញ និងម៉ាកសមូហភាពទាំងនេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញាក៏កំពុងរៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ«ក្តាមថ្មកោះកុង និង« ប្រហុកសៀមរាប» ផងដែរ។ លោកបន្តបន្តនិយាយដោយអះអាងដូច្នេះ៖«នាយកដ្ឋានកម្មសិទ្ធិបញ្ញា ប្តេជ្ញាចិត្តជំរុញការចុះបញ្ជីការពារផលិតផលសក្កានុពលរបស់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ ជំរុញការនាំចេញ  និងលើកកម្ពស់វប្បធម៌របស់កម្ពុជាយើង»។ 

គិតដល់បច្ចុប្បន្ន នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសរុបជាង១០ម៉ឺនម៉ាក។ ដោយឡែកក្នុងឆ្នាំ២០២២ នាយកដ្ឋានកម្មសិទ្ធិបញ្ញាបានចុះបញ្ជីចំនួន៦ ២៣០ម៉ាក និងបានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិទំនិញបរទេសចំនួន៥៦, ម៉ាកសម្គាល់ភូមិទំនិញកម្ពុជាបន្ថែមចំនួន៣ និងម៉ាកសមូហភាពចំនួន៤ ដែលមានបញ្ចុកសៀមរាប អំបុកកំពង់ធំ ដូងខ្ទិះបាត់ដំបង និងក្រូចថ្លុងកោះពីរ៕ 

 

ព័ត៌មានទាក់ទង