មន្ត្រីជំនាញ ចាប់បានឧបករណ៍ខុសច្បាប់ សង្ស័យជាបទល្មើសបរបាញ់សត្វព្រៃ

26/04/2023 2:59 pm កំពង់ស្ពឺ

សហគមន៍ការពារព្រៃឈើក្នុងខេត្តកំពង់ស្ពឺ រួមជាមួយកម្លាំងមន្ត្រីជំនាញ បានចុះចាប់ឧបករណ៍មួយចំនួន សង្ស័យជាករណីប្រព្រឹត្តបទល្មើសបរបាញ់សត្វព្រៃខុសច្បាប់ កាលពីថ្ងៃទី២២ខែមេសា ឆ្នាំ២០២៣។ រហូតមកដល់ពេលនេះ កម្លាំងមន្ត្រីនៃរដ្ឋបាលព្រៃឈើ កំពុងសិក្សា ដើម្បីដំណើរការនីតិវិធីតាមផ្លូវច្បាប់។



ឧបករណ៍មួយចំនួន និងឡានមួយគ្រឿង ត្រូវបានចាប់បាននៅក្នុងចម្ការអំពៅក្នុងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។ ប៉ុន្តែមន្ត្រីជំនាញ មិនអាចចាប់ជនសង្ស័យបាននោះទេ។ 

មន្ត្រីជំនាញសង្ស័យថា ឧបករណ៍ទាំងនេះ ត្រូវបានបន្សល់ពីការបាញ់សត្វព្រៃខុសច្បាប់។ ចំពោះវត្ថុតាងចាប់បាន រួមមាន  រថយន្តកែច្នៃ ម៉ាកLAND ROVER DEFENDER ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ2BQ-5108,  អត្តញ្ញាណប័ណ្ណ២សន្លឹក, ប័ណ្ណបើកប ១សន្លឹក, កាតABA ១សន្លឹក, កាតចាក់វ៉ាក់សាំង១សន្លឹក,  គ្រាប់កាំភ្លើង M.16, ចំនួន២៥គ្រាប់, បង់១, គ្រាប់ការលីធូចំនួន១៣, វ៉ានឌឺឡុងចំនួន៤៥គ្រាប់, គ្រាប់កាំភ្លើងខ្យល់១ប្រអប់, សាម៉ែលឆ្លុះចំនួន១, ស្រោមប្រអប់កាំភ្លើង M.16 ចំនួន១, និងកូនសោចំនួន១ចង្កោម។


លោក សឿន ឡាយ ប្រធានសហគមន៍ការពារព្រៃឈើប្រាំបីមុម ប្រាប់ ThmeyThmey25 ថា បន្ទាប់ពីចាប់បានវត្ថុតាងកាលពីថ្ងៃទី២២ ខែមេសានេះ ក្រុមការងារ បន្តសកម្មភាពល្បាត ដើម្បីការពារបទល្មើសខុសច្បាប់។ ជាមួយគ្នានេះ ក្រុមគណៈកម្មការ កំពុងបារម្ភពីសុវត្ថិភាពរបស់សត្វ រួមជាមួយកម្លាំងការពារព្រៃ ដែលនៅក្នុងព្រៃ។ 

«សត្វព្រៃ អាចមានគ្រោះថ្នាក់ ដោយសារជនល្មើសអាចមានអាវុធលើសពីខ្សែអន្ទាក់ ព្រោះបើតាមការចាប់គេប្រើកាំភ្លើង»។ លោក សឿន ឡាយ អះអាងដូច្នេះ ដោយបន្តថា ករណីដាក់អន្ទាក់ មានហូរហែរនៅចម្ការអំពៅជាប់ដីសហគមន៍។ ចំពោះករណីបរបាញ់នេះ បាត់យូរហើយចាប់តាំងពីឆ្នាំ២០១៨មក។

លោក និក ម៉ាក នាយកថែរក្សា និងសង្គ្រោះសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានប្រាប់ ThmeyThmey25 ថា លោកពិតជាសោកស្តាយ ដែលមិនទាន់ចាប់ខ្លួនជនសង្ស័យបាន។ 

«យើងចង់ការពារសត្វ ឱ្យនៅគង់រង្សក្នុងព្រៃរបស់យើង។ រាល់ថ្ងៃខាងសហគមន៍ ទទួលបានជំនួយតិចតួចណាស់ ប៉ុន្ដែពួកគាត់នៅតែបន្តការងារដោយក្តីស្រឡាញ់។ ដូច្នេះទាំង អង្គការ និងសហគមន៍ មិនចង់ឃើញរូបភាពបែបនេះទេ។ វា អាចបំផ្លាញសត្វព្រៃយើង ប្រសិនបើមិនចាត់វិធានការទាន់ពេល»។ លោក និច ម៉ាក រៀបរាបដូច្នេះ។ 

ជុំវិញករណីនេះ លោកទ្រី ស៊ីថេង អ្នកសម្របសម្រួលសហគមន៍តាមខេត្តរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជាក់ថា៖ «រឿងនេះមិនសមកើតឡើងសោះ អ្នកណាក៏ដឹងថា តំបន់ការពារនៅប្រាំបីមុមនេះ មានសហគមន៍ អង្គការ រដ្ឋបាលព្រៃឈើ និងអាជ្ញាធរដែនដីចូលរួមការពារនិងអភិរក្ស។ តើហេតុអ្វីនៅមានអ្នកលួចបរបាញ? ពិតជាហ៊ានណាស់!»។ 

លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ បាន thmeythmey25 ថា ករណីចាប់បានវត្ថុតាងនៅក្នុងចម្ការអំពៅនោះ លោកកំពុងតាមដានបន្ថែមមុនឈានដល់ការចោទប្រកាន់។

លោក អូម៉ាលីស្ស ថ្លែងដូច្នេះ៖ «យើងសុំមិនទាន់បញ្ជាក់ចំពោះករណីនេះទេ។ ពេលនេះកំពុងដាក់ការសង្ស័យ ប៉ុន្តែរង់ចាំការបញ្ជាក់ឱ្យច្បាស់ទើបអាចបញ្ចេញបាន»៕ 
 

ព័ត៌មានទាក់ទង