
ភ្នំពេញ៖ ខ្យល់កន្ត្រាក់ បានធ្វើឱ្យផ្ទះជាង២០០ខ្នងខូចខាត ផ្ទាំងប៉ាណូចំនួនមួយដួលរលំ និងគោ ៣ក្បាល បានងាប់ដោយសាររន្ទះបាញ់ នៅថ្ងៃទី២៥ ខែមេសា។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ដូច្នេះ ដោយបន្តថា ចំនួនអាចកើនច្រើនជាងនេះ នៅពេលក្រុមការងារបូកសរុបទិន្នន័យរួចរាល់ពេលល្ងាច។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មាន ThmeyThmey25ថា កាលពីម្សិលមិញ ភ្លៀងលាយឡំខ្យល់កន្រ្តាក់ខ្លាំងបណ្តាលឲ្យបាក់ផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ត្រង់ចំណុចគីឡូម៉ែត្រលេខ ៤៤-៤៥ តាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។ ហេតុការណ៍នៃការបាក់នេះ បានសង្កត់រថយន្តធន់ធំមួយគ្រឿង និងគ្រោះថ្នាក់ដល់អ្នកដំណើរទេ។
បើតាមអភិបាលខេត្តកំពង់ស្ពឺ ខ្យល់កន្ត្រាក់ខាងលើ ក៏បានធ្វើឱ្យផ្ទះចំនួន២៥៤ខ្នងខូចខាតធ្ងន់ស្រាល និងសត្វគោ ៣ក្បាល បានងាប់ដោយសាររន្ទះនៅស្រុកឱរ៉ាល់ផងដែរ។ ចំពោះទិន្នន័យសរុប លោក វ៉ី សំណាង អាចនឹងចេញផ្សាយនៅល្ងាចថ្ងៃទី២៦ មេសានេះ។
លោក វ៉ី សំណាង អះអាងថា នៅដើមរដូវវស្សាក្នុងឆ្នាំ២០២៣ គ្រោះធម្មជាតិដែលមានឥទ្ធិពលមកលើខេត្តកំពង់ស្ពឺ ហាក់ប្លែកជាងឆ្នាំមុនៗ ដោយភាគច្រើនមិនសូវមានទឹកភ្លៀង សម្បូរខ្យល់កន្ត្រាក់ខ្លាំង បូកជាមួយផ្គរ និងរន្ទះលាយឡំផង។ លោកបញ្ជាក់ដូច្នេះ៖ « មុនពេលភ្លៀង ខ្យល់កន្ត្រាក់ខ្លាំងៗណាស់ លាយផ្គរ រន្ទះ លាយភ្លៀងតិចតូច មិនសើមដីផង។ និយាយទៅដូចមកតែខ្យល់កន្ត្រាក់ខ្លាំង ចំណែករន្ទះមានគួរសម»។
សូមបញ្ជាក់ថា កាលពីថ្ងៃ១៥ ខែមេសា ខ្យល់កន្ត្រាក់បានបង្កការខូចខាតសម្ភារផ្ទះសម្បែងធ្ងន់ ស្រាល ដល់ផ្ទះពលរដ្ឋចំនួន៨៤គ្រួសារ ស្ថិតនៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ទន្ទឹមនេះ ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២ ខែឧសភា កម្ពុជា រងឥទ្ធិពលសម្ពាធទាប ពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួលរយៈពេលមួយសប្ដាហ៍។ ដោយឡែកនៅថ្ងៃខ្លះ កម្ដៅ នឹងត្រូវឡើងចន្លោះពី ៣៣ ទៅ៣៧អង្សាសេ៕
-
ដោយ៖ ប៉ូ សុភា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

