អាជ្ញាធរស្រុកបាធាយ ថារូបភាពលក់ដូរសត្វព្រៃនៅផ្លូវជាតិលេខ៦A ជាករណីចាស់

23/04/2023 3:06 pm កំពង់ចាម

ភ្នំពេញ៖ រដ្ឋបាលស្រុកបាធាយ បានអះអាងថា ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះជុំវិញករណីជួញដូរសាច់សត្វព្រៃ នៅផ្លូវជាតិលេខ៦A ត្រង់គីឡូម៉ែត្រលេខ៤៩ ចំណុចស្ពានត្រស់គឺជារូបភាពចាស់ដែលត្រូវបានបង្ហោះបន្តគ្នា។ ក្រៅពីចេញមកបដិសេធ រដ្ឋបាលស្រុកបាធាយតាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២០មេសា ក៏បានរៀបរាប់ពីអន្តរាគមន៍របស់ខ្លួននាពេលកន្លងមកជុំវិញការទប់ស្កាត់ការជួញដូរសត្វព្រៃនេះដែរ។


 បើតាមរដ្ឋបាលស្រុកបាធាយ កាលពីខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលស្រុកបានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការលួចរក្សាទុក និងការលួចលក់ដូរសត្វព្រៃ ក៏ដូចជាបានសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃក្រសួងកសិកម្ម និងអង្គការវាយអេដ ចុះផ្សព្វផ្សាយ ណែនាំ និងបានហៅពលរដ្ឋដែលប្រព្រឹត្តបទល្មើសមកធ្វើកិច្ចសន្យាជាច្រើនដង។ លើសពីនេះ ជនល្មើសក៏រងការពិន័យអន្តរកាល និងបញ្ជូនទៅតុលាការម្តងហើយ។
 
លោក សំ ណាល់ អធិការនគរបាលស្រុកបាធាយ បានប្រាប់សារព័ត៌មាន ThmeyThmey25 ថាបន្ថែមថា អាជ្ញាធរ តែចុះអប់រំពលរដ្ឋជាអាជីវករនៅតំបន់នោះ ឱ្យចូលរួមលុបបំបាត់ការជួញដូរសាច់សត្វព្រៃ។ កន្លងមក ក្រុមការងារសង្គ្រោះសត្វព្រៃ បានដកហូតសត្វព្រៃពីអាជីករយកទៅស្តារនីតិសម្បទា និងថែរក្សាផងដែរ។ «ក្រុមការងាររបស់យើង បច្ចុប្បន្នកំពុងដាក់វេនគ្នាធ្វើការលើរឿងនេះ។ ពួកយើងព្យាយាមអប់រំពលរដ្ឋឱ្យអស់ពីលទ្ធភាពសិន មុនឈានផ្លូវច្បាប់។ ក្នុងករណីពួកគាត់នៅបន្តសកម្មភាព យើងនឹងអនុវត្តតាមច្បាប់ហើយ»។ នេះជាលើកឡើងរបស់ លោក សំ ណាល់។
 
អធិការនគរបាលស្រុកបាធាយ ស្នើអាជីវករបញ្ឈប់ការទិញសត្វព្រៃយកមកលក់ ព្រោះវាជាសកម្មភាពខុសច្បាប់ ហើយលោកបានលើកទឹកចិត្តឱ្យអាជីវករ រក្សាការ លក់ផលិតផលដូចជាត្រីឆ្អើរ ត្រីប្រឡាក់ ឬផលិតផលតំបន់ផ្សេងៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកធ្វើដំណើរតាមដងផ្លូវនេះ៕   

ព័ត៌មានទាក់ទង