មជ្ឈមណ្ឌល ACCB ជោគជ័យលើការបង្កាត់ពូជចង្កំកស និងក្ងោកបៃតង

23/04/2023 11:00 am ភ្នំពេញ

ភ្នំពេញ៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) បានទទួលជោគជ័យ ក្នុង ការបង្កាត់ពូជ ចង្កំកស ដំបូងគេបង្អស់លើពិភពលោក នៅថ្ងៃទី១៨ ខែមេសា ក្នុងឆ្នាំ ២០២៣។ ជាមួយគ្នានេះ ក្នុងពេលថ្មីៗវត្តមានសត្វក្ងោកបៃតងចំនួន៨ក្បាល បានញាស់ ដោយជោគជ័យក្រោមការបង្កាត់ក្នុងមជ្ឈមណ្ឌលខាងលើ។ នេះជាដំណឹងដ៏រីករាយ សម្រាប់ការអ្នកអភិរក្ស ក្នុងការបង្កើនចំនួនសត្វព្រៃកម្រនៅក្នុងធម្មជាតិ។



មជ្ឈមណ្ឌល ACCB បានផ្សព្វផ្សាយពីជោគជ័យនៃការបង្កាត់ពូជសត្វក្ងោកបៃតង ដែរនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ ក្ងោកថ្មីទាំងនោះ ញាស់ចេញដោយជោគជ័យពីស៊ុតក្ងោកចំនួន៨គ្រាប់ ក្នុងចន្លោះពី២៦ទៅ២៨ថ្ងៃ។ បើតាម ការបញ្ជាក់របស់អង្គការខាងលើ ក្ងោកទាំង៨ក្បាលនោះ អាចលែងចូលទៅក្នុងធម្មជាតិនៅពេលសត្វអាចមានឯករាជលើខ្លួនឯងក្នុងការរកចំណីនៅតាមព្រៃ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបញ្ជាក់ថា សត្វក្ងោក ត្រូវបានបង្កាត់ដោយជោគជ័យចាប់ពីឆ្នាំ២០១១មក។ 
 
ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៣ អង្គការខាងក៏អាចបង្កាត់ពូជសត្វសង្កំកស មួយក្បាលបានដោយជោគជ័យ នៅថ្ងៃទី១៨ ខែមីនាផងដែរ។ ការប្រឹងប្រែងនេះ ជោគជ័យនៃការបង្កាត់ពូជសត្វត្រយងចង្កំកស ក្រោមការចិញ្ចឹមថែទាំដោយមនុស្ស មុនគេបង្អស់របស់ពិភព លោក។


កូនក្ងោក។ រូបភាព៖ ACCB
 
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្នACCB ជាមជ្ឈមណ្ឌលតែមួយគត់ ដែលរក្សាស្តុកទុក ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ក្រោមការចិញ្ចឹមថែទាំដោយមនុស្ស ដើម្បីកុំឱ្យវិនាសផុតពូជ។  «ពួកយើងបានព្យាយាមបង្កាត់ពូជសត្វប្រភេទនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកយើងនៅតែមិនទាន់ទទួលបានជោគជ័យ រហូតមកដល់ពេលនេះ។ ជាមួយនឹងការទទួលបានកូនសត្វត្រយងចង្កំកសដំបូងនេះ គឺជាជោគជ័យមុនគេបង្អស់របស់ ពិភពលោក ដែលជាមោទកភាពខ្លាំងណាស់របស់របស់យើង! នេះគឺជាជំហានដំបូងក្នុងការ បង្កើតស្តុកទុក ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ក្រោមការចិញ្ចឹមថែទាំដោយមនុស្ស ដើម្បីកុំឱ្យវិនាសផុតពូជ ប្រកបដោយនិរន្តរភាព»។ នេះជាការបញ្ជាក់របស់មជ្ឈមណ្ឌល អង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ។
 
ត្រយងចង្កំកស (Pseudibis davisoni) ជាប្រភេទរងការគំរាមកំហែង ដែលត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុត ដែលមានចំនួនសត្វពេញវ័យតិចជាង ៧០០ ក្បាល នៅទូទាំងសកលលោក។ចំនួនប្រជាសាស្រ្តរបស់ពួកវានៅមានតិចតួច ហើយរប៉ាត់រប៉ាយ ដោយសារការបាត់បង់ទីជម្រក ការប្រមាញ់ និងការរំខានផ្សេងៗទៀត៕ 


មេ និងកូនសង្កំកស។ រូបភាពដោយ៖ ACCB
 

ព័ត៌មានទាក់ទង