អ្នកអភិរក្សសត្វ៖ សត្វព្រៃ នឹងបាត់បង់យ៉ាងលឿន បើបន្តលក់ដូរទាំងខុសច្បាប់

20/04/2023 11:11 am ភ្នំពេញ

ភ្នំពេញ៖ សកម្មភាពលក់សត្វព្រៃជាសាធារណៈនៅបន្តមានតាមផ្លូវជាតិពីភ្នំពេញ ទៅកំពង់ចាម និងពីភ្នំពេញ ទៅខេត្តកណ្ដាល។  ខេត្តផ្សេង ក៏មានលក់តាមផ្សារមួយចំនួនផងដែរ។ អាជីវករ មួយចំនួននៅបន្តលក់សាច់សត្វព្រៃ តាមដងផ្លូវនៅឡើយ ទោះបីរបរនេះ ជារបរខុសច្បាប់។ ករណីទាំងនេះបានធ្វើឱ្យពលរដ្ឋដែលស្រឡាញ់សត្វ សំណូមពរឱ្យអាជ្ញាធរ និងពលរដ្ឋរួមគ្នាលុបបំបាត់ករណីនេះ។

 

លោក នួន សារ៉េត អនុប្រធានសហគមន៍អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ បានលើកឡើងថា សត្វស្លាបមួយចំនួន ត្រូវបានដាក់លក់តាមដងផ្លូវជាតិលេខ១ នៅម្ដុំរោងចក្រជីផ្កាយប្រាំក្នុងខេត្តកណ្ដាល ។ លោក សារ៉េត យល់ថា តាមពិតទៅសកម្មភាពនេះ គួរតែបញ្ឈប់ទៅ ព្រោះបើគិតឱ្យស៊ីជម្រៅពិតជាការបំផ្លាញធ្ងន់ធ្ងរដល់ជីវិតសត្វស្លាបព្រៃនៅក្នុងប្រទេស។ 

លោក នួន សារ៉េត អនុប្រធានសហគមន៍អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍។ រូបភាពពីតេលេក្រាម

«យើងគិតមើលសត្វដែលលក់លើទីផ្សារទោះមិនមែនជាប្រភេទកម្រ ក៏វាជាសត្វព្រៃដែលស្ថិតក្នុងប្រភេទណាមួយដែរ។ បើយើងមិននាំគ្នាថែរក្សា អ្នកណាមកគិតជំនួស។ ម្នាក់អ្នកទិញ ម្នាក់អ្នកបាញ់ ចង់ឬមិនចង់ យូរទៅនឹងធ្វើឱ្យសត្វទាំងនេះខ្សត់បន្តិចម្ដងៗ»។ នេះជាការលើកឡើងរបស់លោក សារ៉េត។ 

ជាមួយគ្នានេះ លោក ប៊ូ វរសក្ស ប្រធានអង្គការជីវិតធម្មជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា រូបភាពនៃការលក់សត្វព្រៃតាមទីសាធារណៈ ដែលកើតឡើងកន្លងមក អាចធ្វើឱ្យសត្វស្លាបបាត់ចេញពីធម្មជាតិដោយមិនដឹងខ្លួន។ 

លោក វរសក្ស យល់ឃើញដូច្នេះ៖ «មិនថាប្រភេទសត្វសម្បូរយ៉ាងណាទេ នៅពេលត្រូវបានគេបរបាញ់ច្រើន លក់ដោយសេរី នោះមិនយូរទេវានឹងក្លាយជាសត្វដែលកម្រ។ ជាមួយគ្នានេះ បើគ្មានអ្នកទិញ ក៏គ្មានអ្នកលក់ដែរ។ យើងទាំងអស់គ្នា គួរចូលរួមម្នាក់បន្តិចដើម្បីកិច្ចការពារសត្វព្រៃទាំងនោះ»។ 

ការរាយការណ៍ពីបទល្មើស និងសកម្មភាពជួញដូរសាច់សត្វព្រៃ ដើម្បីឈានដល់ការអន្តរាគមន្តពី អាជ្ញាធរជាប់ពាក់ព័ន្ធ ជាកត្តាសំខាន់បំផុតសម្រាប់ការងារការពារ និងអភិរក្សធនធានធម្មជាតិ។
 
លោក ប៊ូ វរសក្ស ជាប្រធានអង្គការជីវិតធម្មជាតិប្រចាំនៅកម្ពុជា។

លោក ទ្រី ស៊ីថេង អ្នកអភិរក្សសត្វព្រៃក្នុងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លើកឡើងថា ការលក់តាមផ្លូវបែបនេះជាការចូលរួមបំផ្លាញធនធានធម្មជាតិនៅសេសសល់តិចតួចឱ្យកាន់ហិនហោចទៅៗ។ លើសពីនេះលោកសំណូលពរឱ្យ អាជ្ញាធរយកចិត្តទុកដាក់ក្នុងការលុបបំបាត់ការប្រកបរបបបែបនេះជាបន្ត ក្នុងន័យរក្សាចំនួន និងជីវិតសត្វ។ 

លោក ទ្រី ស៊ីថេង ថ្លែងដូច្នេះ៖ «ខ្ញុំដើរស្ទើរគ្រប់ខេត្ត ដើម្បីកិច្ចការពារ និងអភិរក្សសត្វព្រៃ នៅតាមព្រៃសត្វមាន មិនច្រើនទេ។ ស្ទើរពេលខ្លះចូលព្រៃ មិនទាំងបានឮសម្លេងសត្វយំ ឬស្រែកច្រៀងផង។ បើមិននាំគ្នាថែរក្សាពីពេលនេះទេ កុំសង្ឃឹមថាកូនចៅជំនាន់ក្រោយបានស្គាល់សត្វព្រៃឱ្យសោះ»៕
លោក ទ្រី ស៊ីថេងជាអ្នកអភិរក្សសត្វព្រៃធ្វើក្នុងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ 
 

 

ព័ត៌មានទាក់ទង