មនុស្ស៣នាក់ស្លាប់ និងរបួស១៩នាក់ ដោយសារគ្រោះមហន្តរាយធម្មជាតិ ក្នុងអំឡុងចូលឆ្នាំខ្មែរ

19/04/2023 10:09 am ភ្នំពេញ

ភ្នំពេញ៖ គ្រោះមហន្តរាយធម្មជាតិ រន្ទះបាញ់ ខ្យល់កន្រ្កាក់ បានសម្លាប់មនុស្ស ៣នាក់ របួស១៩នាក់ និងងាប់គោអស់៥ក្បាល ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ។ នេះបើតាម លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។



លោក សុទ្ធ គឹមកុលមុនី បានប្រាប់សារព័ត៌មានThmeyThmey25 ថា ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ គ្រោះមហន្តរាយធម្មជាតិ បានវាយប្រហារខេត្ត-ក្រុង ចំនួន២៥ លើកលែងតែខេត្តកែបមួយប៉ុណ្ណោះ។ ក្នុងហេតុការណ៍នេះ បណ្ដាលឱ្យមានមនុស្សស្លាប់និង របួស២២នាក់ និងខូតខាតផ្ទះពលរដ្ឋជាង៣០០០ខ្នង។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានលើកឡើងដូច្នេះ៖ « គ្រោះធម្មជាតិ ក្នុងអំឡុងពេលចូលឆ្នាំ បង្កឱ្យមានរន្ទះបាញ់ស្លាប់ចំនួន២នាក់ ស្លាប់ដោយសារព្យុះ១នាក់ របួស១៩នាក់ ងាប់គោ៥ក្បាល ។ រលំផ្ទះខូចធ្ងន់ធ្ងរជាង ២០០ខ្នង និងរបើកដំបូលខូចខាតមធ្យមជិត៣០០០ខ្នង ធ្វើឱ្យដំបូលសាលាចំនួន១៥ របើកផងដែរ។ លើសពីនេះទូកនេសាទសមុទ្រចំនួន៥គ្រឿងត្រូវបានលិច» ។

ដោយឡែក នៅថ្ងៃទី១៧ ខ្យល់កន្ត្រាក់បានបណ្ដាលឱ្យផ្ទះពលរដ្ឋនៅខេត្តព្រៃវែងខូចខាតស្រាលចំនួន៤៥ខ្នង។ គួរជម្រាបថា ចាប់ពីថ្ងៃទី១៩-២៥ មេសា កម្ពុជា នឹងបន្តធ្លាក់ភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

ព័ត៌មានទាក់ទង