លោក សំបូរ មាណ្ណារ៉ា៖ ការជះទឹកសម័យមុន ជារូបភាពបែបវប្បធម៌ ប៉ុន្ដែសម័យនេះ ជាការភ្លើតភ្លើន

16/04/2023 10:31 am ភ្នំពេញ

ភ្នំពេញ៖ សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរលោក សំបូរ មាណ្ណារ៉ា បានលើកឡើងថា ការលេងជះទឹកកាលពីសម័យមុន ជាសកម្មភាពបង្ហាញពីរូបភាពវប្បធម៌។ ចំណែកឯការជះទឹកសម័យនេះ ភាគច្រើនជាការបង្ហាញពីរូបភាពភ្លើតភ្លើន និងអាកប្បកិរិយាមិនសមរម្យ។



ល្បែងកម្សាន្តបែបបុរាណរបស់ខ្មែរ មានច្រើនទម្រង់ណាស់ ។ បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា នៅបន្តលេងល្បែងមួយចំនួន នៅថ្ងៃបុណ្យចូលឆ្នាំ និងពិធីខ្លះៗតាមប្រពៃណីផងដែរ។ ដោយឡែកសកម្មភាពមួយទៀត ដែលគេឧស្សាហ៍ឃើញពលរដ្ឋ ជាពិសេសយុវជនលេងនៅតាមស្រុកភូមិនោះ គឺការលេងជះទឹក។
 
តាមរយៈរូបភាពការលេងជះទឹកទំនងមានតាំងពីជំនាន់មុនមកម្ល៉េះ។ ប៉ុន្តែរូបភាពលេងជះទឹកជំនាន់មុននោះ បង្ហាញពីវប្បធម៌ខ្មែរ មិនដូចសម័យបច្ចុប្បន្ន ភាគច្រើនជាការបង្ហាញពីរូបភាពភ្លើតភ្លើន និងអាកប្បកិរិយាមិនសមរម្យ។
 
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ បានបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវទៅលើពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ខ្មែរ មានពិធី និងកិច្ចជាច្រើន ។ តាមរយៈការអង្កេតលើសកម្មភាពជះទឹកក្នុងរូបភាពសខ្មៅមួយសន្លឹក ដែលបានបង្ហោះលើបណ្ដាញសង្គម បង្ហាញពីសកម្មភាពលេងជះទឹក នាជំនាន់មុន ត្រូវបានលោក មាណ្ណារ៉ា បកស្រាយថា រូបភាពនេះ អាចជាការលេងជះទឹក ក្រោយពីពិធីសូត្រមន្តលើករាសី ឬជាការសុំពរជ័យនៅតាមភូមិនៅក្នុងថ្ងៃចូលឆ្នាំ។ 
 
« ការលេងទឹកក្នុងសម័យនេះ ខុសពីមុនត្រង់ថា ជំនាន់មុន ជាការលេង(ជះទឹក) ដើម្បីឱ្យពរជ័យដល់គ្នានិងគ្នា ក្រោយពិធីសូតមន្តរបស់ព្រះសង្ឃក្នុងថ្ងៃចូលឆ្នាំ។ យើងមើលទៅឃើញថា ជារូបភាពបែបវប្បធម៌»។ នេះជាការលើកឡើងរបស់លោកសាស្រ្តាចារ្យខាងលើ ដោយបន្ថែមថា បើក្រឡេកមើលការលេងបែបសម័យឥឡូវ ដូចជាខុសគ្នាឆ្ងាយណាស់ ព្រោះយុវជនលេងជ្រុល ដោយមិនគិតពីវប្បធម៌ និងតម្លៃខ្លួនឡើយ។ 
 
លើសពីនេះលោកបានបញ្ជាក់ច្បាស់ៗថា ការលេងដោយប្រើកាយវិការសមរម្យ និងឱ្យតម្លៃគ្នា ជារឿងដែលយុវជនគួរតែយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់វប្បធម៌ និងការអភិរក្ស សម្រាប់អ្នកជំនាន់ក្រោយ៕
 

 

ព័ត៌មានទាក់ទង