ចូលឆ្នាំខ្មែរ៖ ទេសចរសម្រុកទៅសៀមរាប ខណៈសណ្ឋាគារ​ និងផ្ទះសំណាក់ ទទួលការកក់បន្ទប់ច្រើន

13/04/2023 10:51 am សៀមរាប


ភ្នំពេញ​៖ ​សណ្ឋាគារ​នៅក្នុងសៀមរាបភាគច្រើន មានសន្ទុះភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ កក់បន្ទប់ស្នាក់នៅច្រើន នាថ្ងៃចូលឆ្នាំខ្មែរ ជាពិសេសព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ។



ខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្នុងខេត្តសៀមរាប ធ្វើឱ្យមហាជនជាច្រើន ចាប់អារម្មណ៍។ ផ្សារភ្ជាប់នឹងព្រឹត្តិការណ៍អង្គរសង្រា្កន្តនេះ ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ទទួលបានការកក់ពីសំណាក់ភ្ញៀវ មកពីបណ្តាខេត្តនានា ដោយលើសពីការរំពឹងទុក។ បើទោះតម្លៃ មានភាពខុសគ្នាពីថ្ងៃធម្មតាបន្តិច ប៉ុន្តែសន្ទុះនៃការកក់នៅតែកើន។
 
លោក អ៊ុក សិរីវឌ្ឍន៍ ប្រធានផ្នែកលក់នៃសណ្ឋាគារអង្គរ (Angkor Hotel) ខេត្តសៀមរាប បានផ្តល់កិច្ចសម្ភាសដល់សារព័ត៌ថ្មីៗ២៥តាមទូរស័ព្ទថា ឆ្នាំនេះ ភ្ញៀវចាប់ផ្តើមកក់តាំងពីពាក់កណ្តាលខែកុម្ភៈ បើគិតមកទល់ពេលនេះ ទទួលបានជាង៩០ភាគរយហើយ។
 
ប្រធានផ្នែកលក់រូបនេះ បញ្ជាក់ថា៖ « ជាធម្មតាភ្ញៀវកក់ច្រើននៅថ្ងៃចូលឆ្នាំ ដូច្នេះតម្រូវឱ្យ បុគ្គលិកគ្រប់ផ្នែក មានភាពមមាញឹកជាងរាល់ដង។ បើទោះ ភ្ញៀវមានច្រើនក៏ពិតមែន ប៉ុន្តែចំនួនបុគ្គលិក យើងមិនមានរកបន្ថែមឡើយ ពីព្រោះក្រោយផុតថ្ងៃចូលឆ្នាំ គឺអស់ភ្ញៀវដូចគ្នា។ ដូច្នេះយើងមមាញឹកតែអំឡុងចូលឆ្នាំទេ។»
សណ្ឋាគារអង្គរ មានចំនួន ១៩៣បន្ទប់ ។ ចំណែក អ្នកបម្រើការក្នុងសណ្ឋាគារនេះ មាន ៦០នាក់។ ឆ្នាំមុន បន្ទប់នៅសណ្ឋាគារអង្គរ ទទួលបានភ្ញៀវស្នាក់នៅចន្លោះពី ១៦០ ទៅ១៧០បន្ទប់។  លោក សិរីវឌ្ឍន៍ បន្ថែមថា តម្លៃបន្ទប់មិនសូវខុសគ្នាពីថ្ងៃធម្មតាប៉ុន្មាននោះទេ ហើយអតិថិជនទៀតសោត ភាគច្រើនជាអតិថិជនចាស់។ ដោយឡែកខាងសណ្ឋាគារ គឺទទួលបានការកក់ពីភ្ញៀវខ្មែរច្រើនជាង ភ្ញៀវបរទេស។
 
អ្នកស្រី ហួរ វ៉ាន់ល័ក្ខ ម្ចាស់សណ្ឋាគារ ដឺសេនជូអារី (The Sanctuary Residence Siem Reap) លើកឡើងថា ចាប់តាំងពីដើម​ ខែមីនាមក សណ្ឋាគារ ទទួលបានការកក់ប្រមាណ ៩៥ភាគរយហើយ។ ដោយឡែកនាថ្ងៃទី១៦ មេសា នៃពិធីចូលឆ្នាំចុងក្រោយ ក៏មានភ្ញៀវកក់បាន ៥០ភាគរយហើយ។
 
«ឆ្នាំនេះ សង្រា្កន្តយើងធ្វើធំ! ដូច្នេះ ទើបធ្វើឱ្យភ្ញៀវមានគម្រោងមកច្រើន។ ភ្ញៀវភាគច្រើន​ ពួកគាត់សម្រាកអំឡុកពេលចូលឆ្នាំ​​ ៣ថ្ងៃតែម្តង។ ចំណែក តម្លៃបន្ទ​ប់ ជាធម្មតាយើងដំឡើងនាពេលបុណ្យទាន ក្នុងគោលបំណងផ្តល់ប្រាក់លើកទឹកចិត្តដល់បុគ្គលិក ដែលមិនបានឈប់សម្រាកនៅថ្ងៃបុណ្យទាន។» នេះជាការបញ្ជាក់របស់ អ្នកស្រី ហួរ វ៉ាន់ល័ក្ខ ម្ចាស់សណ្ឋាគារ ដឺសេនជូអារី ដែលនៅតែរំពឹងថា នឹងទទួលបានភ្ញៀវច្រើន ក្នុងឆ្នាំនេះ បើទោះផុតថ្ងៃចូលឆ្នាំក្តី។
មិនខុសពីឆ្នាំមុន លោក​ រស់ សាយ នាយកគ្រប់គ្រងសណ្ឋាគារ វិរតន៍ ( Virith`s Hotel ) នៅក្នុងខេត្តសៀមរាប បានត្រៀមខ្លួនសម្រាប់ទទួលអតិថិជន​ តាមរយៈបុគ្គលិក ដែលបម្រើការក្នុងសណ្ឋាគារ សុទ្ធសឹងតែជាអ្នកជំនាញរង់ចាំស្វាគមន៍ភ្ញៀវ មកស្នាក់នៅ នាពេលបុណ្យចូលឆ្នាំខ្មែរ។ 
 
​«ការរំពឹងរបស់យើង ស្ទើតែប្រហាក់ប្រហែលមុនសម័យកាលកូវីដ។ ប៉ុន្តែយើងនៅតែគិតថា មិនទាន់ឆ្លងផុតហានិភ័យចំពោះស្ថានភាពកូវីដ។ បើទោះមិនហ៊ឹកហ៊ាក់ ដូចមុនកូវីដ ប៉ុន្តែចរន្តភ្ញៀវ គឺមកបន្តជាហូរហែ។» នាយកគ្រប់គ្រងសណ្ឋាគារ វិរតន៍ បញ្ជាក់ដូច្នេះ។
បើនិយាយអំពីសេវាកម្ម បុគ្គលិកគ្រប់ផ្នែកគឺមានចំនួនគ្រប់គ្រាន់ ដើម្បីផ្តល់ភាពកកក្តៅដល់ភ្ញៀវ មកសម្រាកនៅសណ្ឋាគារ។ លោក រស់សាយ បន្ថែមថា ខាងសណ្ឋាគារ បានទទួលការកក់បន្ទប់ជាហូរហែ មិនថាភ្ញៀវមកជាលក្ខណៈគ្រួសារ ​ឬក្រុមការងារនោះឡើយ។ បើគិតជាភាគរយ ការកក់មានប្រមាណ ៧០ទៅ៨០ភាគរយហើយ។
 
ជាមួយគ្នានេះ សណ្ឋាគារ Angkor City View ដែលមានទីតាំងនៅខេត្តសៀមរាប ក៏ទទួលបានទេសចរ សម្រាប់ថ្ងៃចូលឆ្នាំមិនតិចនោះឡើយ។ អ្នកស្រី ទី សុខហេង ម្ចាស់សណ្ឋាគារ Angkor City View លើកឡើងថា បន្ទប់ស្នាក់នៅសណ្ឋាគារ ចំនួន៣៣បន្ទប់ គឺបានកក់ពេញហើយ។ អតិថិជន របស់អ្នកស្រី ភាគច្រើនគឺជាជនជាតិបរទេសអាឡឺម៉ង ។ ចំណែកភ្ញៀវខ្មែរ គឺមិនសូវច្រើនឡើយ។ 
 
អ្នកស្រី សុខហេង បញ្ជាក់ថា៖ «ភ្ញៀវបរទេស ពួកគាត់មកគេងចំនួន ១អាទិត្យ ភាគច្រើន​មកជាក្រុម។ បើនិយាយពីតម្លៃបន្ទប់យើងលក់តម្លៃ ៣៥ដុល្លារសម្រាប់បន្ទប់ធម្មតា មិនមានការប្រែប្រួលដោយសារបុណ្យទាននោះឡើយ។ »

ជាមួយគ្នានេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានស្នើដល់ម្ចាស់អាជីវកម្មទាំងអស់ កុំដំឡើងថ្លៃខ្ពស់ពេក មិនថាថ្លៃម្ហូបអាហារ កន្លែងស្នាក់នៅ ពេលមានព្រឹត្តិការណ៍ធំៗដូចជា ព្រឹត្តិការណ៍អង្គរសង្រា្កន្តនាពេលនេះ។ លោក ក៏បានឱ្យរដ្ឋបាលខេត្តជួយផ្សព្វផ្សាយពីកន្លែងស្នាក់នៅដល់ទេសចរ ដែលមានបំណងមកកម្សាន្តអំឡុងពេលចូលឆ្នាំខ្មែរ ដើម្បីបង្កភាពងាយស្រួលដល់ទេសចរផងដែរ៕

ព័ត៌មានទាក់ទង