តំបន់មួយចំនួន នឹងមានភ្លៀង លាយខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី១២-១៤ មេសា

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១២-១៨ មេសា ឥទ្ធិពលពីជ្រលងសម្ពាធទាប គួបផ្សំជាមួយកម្រិតខ្យល់ប្រែប្រួល អាចនឹងមានភ្លៀង លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ស្ថានភាពបែបនេះ អាចធ្វើឱ្យតំបន់មួយចំនួន មានភ្លៀងធ្លាក់កម្រិតខ្សោយផងដែរ។
ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា រយៈពេលមួយសប្ដាហ៍ខាងមុខ នៅតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប នៅចន្លោះថ្ងៃទី១២ ដល់១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតខ្សោយទៅតិចតួច។ បន្ទាប់ពីនោះ បរិមាណភ្លៀងនិងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ចំពោះតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតនេះផងដែរ៕
-
ដោយ៖ ប៉ូ សុភា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

