ភ្នំពេញ៖ នារសៀលថ្ងៃទី ៣ មេសានេះ មានការភ្ញាក់ផ្អើល លើអ័ព្ទដែលកំពុងចុះ នារដូវប្រាំង ។ ជុំវិញបញ្ហានេះ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា អ័ព្ទកំពុងចុះនេះ ជាអ័ព្ទធម្មតា មិនប៉ះពាល់ដល់សុខភាពឡើយ។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ ថា ការចុះអ័ព្ទនេះ កើតមាននៅរដូវប្រាំងជារៀលរាល់ឆ្នាំ ដែលនឹងបាត់ទៅវិញនៅពេលយប់ មិនពាក់ព័ន្ធនឹងការចុះអ័ព្ទនៅប្រទេសថៃឡើយ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ក្នុងពេលនេះ ខ្យល់នៅកម្ពុជាមានគុណភាពល្អ មិនប៉ះពាល់ដល់សុខភាពឡើយ។
លោក នេត្រ ភក្រ្តា ពន្យល់ដូច្នេះ៖ « ជាធម្មតានៅពេលរដូវប្រាំង គឺវាមានភាពស្ងួត ធ្វើឱ្យកម្រិតនៃខ្យល់PM2.5 កម្រិតខ្យល់ភាពល្អិតតូចៗ ដែលវាមានទំហំតូចជាង១០ដងនៃ សរសៃសក់របស់យើងហ្នឹង វានឹងអណ្ដែតលើបរិយាកាស ដោយសារកម្ដៅក្ដៅ ហើយវានឹងធ្លាក់ចុះមកវិញនៅពេលដែលមានសំណើម។ អ៊ីចឹងពេលយប់ វានឹងធ្លាក់ចុះមកវិញ»។
បើតាមលោក នេត្រ ភក្រ្តា កម្រិតនៃខ្យល់ PM2.5នេះ អាចកើតឡើង ដោយសារផ្សែងម៉ូតូ និងការដ្ឋានសំណង់ជាដើម ហើយកម្រិតនៃខ្យល់នេះ អាចការពារបានតាមរយៈការពាក់ម៉ាស់ ដែលមិនប៉ះពាល់ដល់សុខភាពឡើយ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com