ខេត្តបាត់ដំបង និងពោធិ៍សាត់  នឹងរៀបចំសង្រ្កាន្តរយៈពេល៤ថ្ងៃ ដើម្បីទាក់ទាញទេសចរ

01/04/2023 11:00 am បាត់ដំបង

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង និងពោធិ៍សាត់   នឹងរៀបចំសង្រ្កាន្តរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបង្កលក្ខណៈសប្បាយរីករាយដល់ពលរដ្ឋក្នុងខេត្តទាំងនោះ។ ខេត្តទាំង២នេះ សង្ឃឹមទទួលបានទេសចរច្រើននាបុណ្យចូលឆ្នាំខ្មែរ។

 

រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំសង្រ្កាន្តបាត់ដំបង នៅបរិវេណក្បែររូបសំណាក់លោកតាដំបងគ្រញ៉ូង ដើម្បីទាក់ទាញទេសចរកាន់តែច្រើនឱ្យមកកកម្សាន្តក្នុងខេត្តនេះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបាត់ដំបង ក៏រៀបចំការប្រគំតន្រ្តីបុរាណ-សម័យ ល្បែងប្រជាប្រិយដូចជា បោះអង្គុញ ទាញព្រ័ត្រ សិល្បៈបុរាណរបស់មន្ទីរវប្បធម៌។

ចំណែកឯ រដ្ឋបាលខេត្តពោធិ៍សាត់ សង្រ្កាន្តពោធិ៍សាត់ ក៏ត្រូវបានរៀបចំព្រឹត្តិការណ៍មហាសង្ក្រាន្ត នៅលើបុរីវប្បធម៌កោះសំពៅមាស ដើម្បីរៀបចំដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ពលរដ្ឋដោយស្មារតីសាមគ្គីភាពជិតស្និទ្ធទៅតាមទំនៀមទម្លាប់ជាតិ។  

សង្រា្កន្តខេត្តពោធិ៍សាត់នេះ នឹងត្រូវបានរៀបចំធ្វើនៅលើដងផ្លូវលេខ១០១ទល់មុខសាលាខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ សង្ក្រាន្តពោធិ៍សាត់ នឹងមានការសម្ដែងរបាំប្រពៃណីខ្មែរ លេងល្បែងប្រជាប្រិយ បង្ហោះគោម បាញ់កាំជ្រួច និងការពិព័រណ៍ផលិតផលក្នុងស្រុកផងដែរ។  

សូមបញ្ជាក់ដែរថា ចូលឆ្នាំខ្មែរ២០២២ ខេត្តបាត់ដំបង ជាខេត្តដែលមានទេសចរទៅកម្សាន្តច្រើនជាងគេ  ប្រមាណ៥៦ម៉ឺននាក់ ក្នុងនោះមានទេសចរអន្តរជាតិប្រមាណ ១ពាន់នាក់។ ខេត្តពោធិ៍សាត់ មានទេសចរទៅកម្សាន្តសរុបជាង ២៩ម៉ឺននាក់ផងដែរ៕


 

ព័ត៌មានទាក់ទង