រដ្ឋ អនុម័តគម្រោងវារីអគ្គិសនី និងស្ថានីយពន្លឺព្រះអាទិត្យចំនួន៥

01/04/2023 9:35 am ភ្នំពេញ

ភ្នំពេញ៖ រដ្ឋាភិបាលប្រជុំសម្រេចអនុម័តទាំងស្រុងលើ សំណើសុំវិនិយោគវិស័យថាមពលចំនួន៥គម្រោង ដែលក្នុងនោះមាន គម្រោងវារីអគ្គិសនី១គម្រោង និងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ៤គម្រោង។ រដ្ឋរំពឹងថានឹងប្រមូលចំណូលពន្ធពីស្ថានីយអគ្គិសនីទាំង៥ បានជាង ៣២២លានដុល្លារ។


 
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចឱ្យដំណើរការគម្រោងទាំង៥ខាងលើ។ ចំពោះ គម្រោងវារីអគ្គិសនី ធ្វើនៅស្ទឹងឫស្សីជ្រុំកណ្ដាល ផ្គួបជាមួយនឹងវារីអគ្គិសនីស្ទឹងវាយថ្មកំបុតបញ្ចូលគ្នាជាគម្រោងតែមួយ ដែលស្ថិតនៅខេត្តកោះកុង។ ចំណែក គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យមាន៤គម្រោង នៅខេត្តពោធិ៍សាត់ កំពង់ឆ្នាំង ស្វាយរៀង និងព្រៃវែង។ 
 
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានសរសេរលម្អិតលើហ្វេសប៊ុករបស់ថា 
គម្រោងវិនិយោគក្នុងវិស័យអគ្គិសនីថ្មីទាំង៥គម្រោងនេះ នឹងបង្កើតបានថាមពលអគ្គិសនីជាច្រើនរយមេហ្គាវ៉ាត់។ អត្ថប្រយោជន៍ដែលទទួលបានវិញ ក៏ច្រើនលើសលុបដែរ គឺនឹងទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនច្រើន ហើយធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិនិងការប្រែប្រួលអាកាសធាតុ។ 

វារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាល មានអាងស្តុកទឹកធំនឹងជួយស្ដុកប្រភពទឹកភ្លៀងនៅរដូវវស្សា និងអាចផលិតអគ្គិសនីបន្ថែមនៅរដូវប្រាំងចំនួន១២២លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំបន្ថែមទៀតផងដែរ។ លើសពីនេះ អាចជួយធានាបានអត្រាថ្លៃប្រភពអគ្គិសនីមួយថេរ នៅរយៈពេល៤០ឆ្នាំផងដែរ។ ចំណែក គម្រោងថាមពលពន្លឺព្រះអាទិត្យ គឺអាចជួយធានាបានអត្រាថ្លៃប្រភពអគ្គិសនីមួយថេរ នៅរយៈពេលប្រមាណ២០ឆ្នាំ។ 
 
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធជាង ៣២២ ៨៨០ ៣៨៣ លានដុល្លារ
ពីអាជីវកម្មនៃគម្រោងទាំង ៥ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា រួមទាំងពន្ធដោយប្រយោលដ៏ទៃទៀត។
 
សូមជម្រាបថា គម្រោងវារីអគ្គិសនី ស្ទឹងឬស្សីជ្រុំកណ្ដាលមានទំហំ៧០មេហ្គាវ៉ាត់ ហើយគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតមានអានុភាព១០០មេហ្គាវ៉ាត់សម្រាប់ផ្គួបបញ្ចូលគ្នា។ ចំណែក គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ គម្រោងនេះទំហំដល់ទៅ១៥០មេហ្គាវ៉ាត់។ 

គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំងទំហំ៦០មេហ្កាវ៉ា គម្រោងនៅស្វាយរៀងទំហំ៦០មេហ្កាវ៉ាត់ និងគម្រោងនៅខេត្តព្រៃវែង ទំហំ៨០មេហ្កាវ៉ាត់។ ការសម្រេចអនុម័តគម្រោងនេះ គឺដើម្បីធានានិរន្តភាពនៃការរៀបចំអភិវឌ្ឍគម្រោង វិស័យថាមពលអគ្គិសនី តាមពេលវេលាដែលបានគ្រោងក្នុងផែនការមេធ្វើយ៉ាងណាឱ្យការ ផ្គត់ផ្គង់ថាមពលមានគ្រប់គ្រាន់៕ 
 
 


 

ព័ត៌មានទាក់ទង