ក្រសួងទេសចរណ៍ ស្នើឱ្យភាគីពាក់ព័ន្ធចូលរួមប្រើនិមិត្តសញ្ញាយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា២០២៣»ឱ្យបានទូលំទូលាយ

31/03/2023 5:00 pm ភ្នំពេញ

ភ្នំពេញ៖ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមប្រើប្រាស់និមិត្តសញ្ញារបស់យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ឱ្យបានទូលំទូលាយ ដើម្បីបង្កើនការផ្សព្វផ្សាយយុទ្ធនាការនេះ។ លោកលើកឡើងដូច្នេះ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា ២០២៣» កាលពីថ្ងៃទី២៨ មីនា។



នៅឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជា បានអុនម័តលើវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដែលមានបំណងលើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ-ផ្ដល់ភាពកក់ក្ដៅ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា។ យុទ្ធនាការនេះ ក៏ជាផ្នែកមួយផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រារព្ធនៅឧសភាខាងមុខផងដែរ។

ក្នុងយុទ្ធនាការនេះ ក្រសួងទេសចរណ៍ បានកំណត់និមិត្តសញ្ញា និងខ្លឹមសារនៃយុទ្ធនាការនេះ គឺ«ឆ្នាំទស្សនាកម្ពុជា ២០២៣-Visit Cambodia Year 2023» ដោយភ្ជាប់ជាមួយពាក្យស្លោក«គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព»។ និមិត្តសញ្ញានេះ មានរំលេចដោយរូបភាពអង្គរវត្ត និងពណ៌ត្នោតមាស។

«សូមស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្រសួងស្ថាប័នរដ្ឋ និងប្រតិបត្តិករក្នុងវិស័យឯកជន សូមចូលរួមប្រើប្រាស់ និងផ្សព្វផ្សាយនិមិត្តសញ្ញារបស់យុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ឱ្យបានទូលំទូលាយនៅគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ គោលដៅទេសចរណ៍ និងរមណីយដ្ឋាននានា។ ជាពិសេស នៅលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិហោះចូលកម្ពុជា, អាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានាជាដើម»។ នេះជាការស្នើសុំរបស់លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ក្នុងពិធីប្រកាសផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា ២០២៣» កាលពីថ្ងៃទី២៨ មីនា។


លោក ទិត ចន្ថា អនុរដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍។ រូបភាព៖ ញឹក ស្រីល័ក្ខ

បើតាមក្រសួងទេសចរណ៍ ខ្លឹមសារនៃនិមិត្តសញ្ញានេះ ធ្វើឡើងផ្អែកតាមការសិក្សាស្រាវជ្រាវលើភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៤៩ភាគរយ ដែលឆ្លើយថា ប្រាសាទអង្គរវត្ត បានទាក់ទាញឱ្យមកកម្សាន្តនៅកម្ពុជា។ ដោយឡែក ៦២ភាគរយ ឆ្លើយថាមកពីកត្តាមនុស្ស។

ក្រសួងទេសចរណ៍ បានបញ្ជាក់ពីខ្លឹមសារនៃនិមិត្តសញ្ញាដូច្នេះ៖ «ប្រាសាទអង្គរវត្ត មានក្បាច់ និងចម្លាក់លើជញ្ជាំងប្រាសាទ និងមានបាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ ឬបាតុភូតសមរាត្រី (Equinox)។ ធាតុសំខាន់ៗ ដូចជាការរចនាក្បាច់ប្រាសាទ និងពណ៌ត្នោត ដែលតំណាងឱ្យពណ៌របស់ប្រាសាទ។ កត្តាមនុស្ស សំដៅដល់ពលរដ្ឋខ្មែរដែលផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងល្អ និងទទួលស្វាគមន៍ជាមួយស្នាមញញឹមពោរពេញដោយក្តីស្រឡាញ់ និងកក់ក្តៅ»។


ទិដ្ឋភាពទេសចរណ៍ទស្សនាបាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ ក្នុងខែមីនានេះ។ រូបភាព៖ ស៊ុល រ៉វី


យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើរស្របតាមខ្លឹមសារយុទ្ធនាការផ្សព្វផ្សាយ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ - ផ្តល់ភាពកក់ក្តៅ»។ ក្រសួងទេសចរណ៍ បន្តថា និមិត្តសញ្ញានេះ មានភាពសាមញ្ញ ទាក់ទាញ និងងាយស្រួលក្នុងការប្រើប្រាស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជាមួយគ្នានេះ ការកំណត់និមិត្តសញ្ញាខាងលើ ក៏ផ្ដោតសំខាន់លើទីផ្សារគោលដៅភ្ញៀវទេសចរ ពិសេសទីផ្សារទេសចរណ៍អន្តរជាតិ ដែលជំរុញចិត្តភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅកម្ពុជា៕


រូបភាពពីក្រសួងទេសចរណ៍

ព័ត៌មានទាក់ទង