ខេត្តកណ្ដាល មានមហិច្ឆតាចង់ក្លាយជាខេត្តនាំចេញបន្លែច្រើនជាងគេនៅកម្ពុជា

31/03/2023 3:00 pm កណ្តាល

ភ្នំពេញ៖ ខេត្តកណ្ដាល មានមហិច្ឆតាសម្រេចឱ្យបានជាខេត្តលំដាប់ទី១ របស់កម្ពុជា ដែលនាំចេញបន្លែច្រើនជាងគេ។ នៅឆ្នាំ២០២២ ខេត្តកណ្ដាល អាចផលិតបន្លែបាន៣១៨ តោនក្នុងមួយថ្ងៃ ធៀបនឹងរយៈពេល៥ ឆ្នាំមុនមានត្រឹម១៤០ តោន។



ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកណ្ដាល» នៅទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៣០ ខែមីនា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា រដ្ឋបាលខេត្តកណ្ដាល មានមហិច្ឆតា ចង់ក្លាយជាខេត្តលំដាប់ទី១ ក្នុងចំណោម២៥ រាជធានី-ខេត្ត ដែលបាននាំចេញបន្លែទៅកាន់ទីផ្សារច្រើនជាង។ លោក គង់ សោភ័ណ្ឌ មើលឃើញពីសក្តានុពលលើការដាំដុះបន្លែគ្រប់មុខរបស់ខេត្តកណ្ដាល។ 
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកណ្ដាល» នៅទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៣០ ខែមីនា។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

រដ្ឋបាលខេត្តកណ្ដាល បានកំណត់ចក្ខុវិស័យច្បាស់លាស់ ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យមានភាពប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងអាកាសធាតុ មាននិរន្តរភាព និងកាត់បន្ថយថ្លៃដើមផលិតកម្ម។ មន្ទីរកសិកម្ម ជាអ្នកផ្ដល់បច្ចេកទេសដល់កសិករ ព្រមទាំង គោលដៅធ្វើពិពិធកម្មវិស័យកសិកម្ម ទៅជាកសិ-ទេសចរ និងកសិ-ឧស្សាហកម្ម។ 

ដើម្បីសម្រេចតាមគោលដៅ ខេត្តបានដាក់ចេញផែនទីបង្ហាញផ្លូវស្តីពី «ការអភិវឌ្ឍមាសបៃតងខេត្តកណ្តាល ២០២៣-២០៣០» ដែលជាត្រីវិស័យសម្រាប់ផលិតកម្មបន្លែ និងផ្លែឈើប្រកបដោយ សុវត្ថិភាព និងគុណភាព។ 

បើតាម លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍមាសបៃតងនេះ គឺជាផ្នែកសំខាន់មួយ ក្នុងការចង្អុលបង្ហាញពីទីតាំងសក្ដានុពល នៃវិស័យកសិកម្មខេត្តកណ្ដាល ជាពិសេសជួយកៀរគរភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា។ តាមរយៈផែនទីនេះ ខេត្តក៏បានដាក់ចេញយុទ្ធសាស្រ្តចំនួន៣ រួមមាន ជំរុញផលិតកម្មប្រកបទៅដោយសុវត្ថិភាព និងគុណភាព, គាំទ្រ សម្របសម្រួល និងសហប្រតិបត្តិការ និងទីផ្សារ ផងដែរ។

ក្នុងរយៈពេល៥ ឆ្នាំមកនេះ ផ្ទៃដីកសិកម្មខេត្តកណ្ដាល មិនមានការកើនឡើងនោះទេ តែផលិតភាព មានកំណើនគួរឱ្យកត់សម្គាល់ ក្រោយការបញ្ចូលបច្ចេកវិទ្យាទំនើបៗ។ ជាក់ស្ដែង នៅឆ្នាំ ២០១៨ ខេត្តកណ្ដាល អាចផលិតបន្លែបាន១៤០ តោន ក្នុងមួយថ្ងៃ និងរហូតដល់ឆ្នាំ២០២២ បរិមាណផល បានកើនឡើងដល់៣១៨ តោន ក្នុងមួយថ្ងៃ។ 

សូមជម្រាបថា ខេត្តកណ្ដាល បានចងក្រងបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពចំនួន ៧៥ និងបណ្តុះបណ្តាលសមាជិកបណ្ដុំបាន ៣៥៣ ២នាក់។ ការដាំបន្លែប្រភេទផ្ទះសំណាញ់មានចំនួន ១៨៩ខ្នង អាចផលិតបន្លែក្នុងបរិមាណ ៦៨តោន ក្នុងមួយថ្ងៃ។

ភាពខ្លាំងរបស់ខេត្តកណ្ដាល ក្នុងផលិតកម្មបន្លែ ផ្លែឈើ មិនត្រឹមតែអាចប្រកួតប្រជែងគុណភាព សុវត្ថិភាព លើទីផ្សារក្នុង និងក្រៅប្រទេសប៉ុណ្ណោះ ប៉ុន្តែ អាចធានាបាន សុខុមាលភាពអ្នកបរិភោគជាសាធារណៈទៀតផង។ បច្ចុប្បន្ន មជ្ឈមណ្ឌល បានវិភាគ សំណាកបន្លែ និងផ្លែឈើសម្រេច បានចំនួន ១៣០ ៤ សំណាក។ ក្នុងនោះ អ្នកជំនាញ ពិនិត្យឃើញសារធាតុពុលបន្សល់ទុកលើសកម្រិតហាមឃាត់ចំនួន ៦០ សំណាក៕ 

 

 

ព័ត៌មានទាក់ទង