ឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំសង្រ្កាន្តធំជាងឆ្នាំមុន

31/03/2023 11:08 am កំពង់ស្ពឺ

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំសង្រ្កាន្ត រយៈពេល៣ថ្ងៃ នៅបរិវេណសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត ទីរួមខេត្តកំពង់ស្ពឺ ។ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ អះអាងថា សង្រ្កាន្តឆ្នាំនេះ នឹងធ្វើធំជាងមុន និងទទួលបានទេសចរច្រើនកុះករ។



លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មាន Thmey Thmey 25 ថា រដ្ឋបាលខេត្ត នឹងរៀបចំសង្រ្កាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នៅបរិវេណសួនសម្ដេចព្រះសង្ឃរាជ ជួន ណាត។ ព្រឹត្តិការណ៍សង្រា្កន្តនេះ  ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបង្កើនបរិយាកាសសប្បាយដល់ពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរកាន់តែអធិកអធម។

ប្រធានមន្ទីរទេសចរណ៍រូបនេះ លើកឡើងដូច្នេះថា៖«ឆ្នាំនេះ យើងធ្វើធំជាងរាល់ឆ្នាំ ព្រោះចង់ឱ្យទេសចរមកកម្សាន្តកាន់តែច្រើន និងផ្ដល់ភាពរីករាយជូនពលរដ្ឋក្នុងខេត្ត។ យើងសង្ឃឹមទទួលបានទេសចរច្រើនជាងឆ្នាំមុនៗផងដែរ»។ លោក រស់ សុខ បញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នេះ មានការប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត លេងល្បែងប្រជាប្រិយជាច្រើន និងការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារផងដែរ។


រូបភាពពី៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត និងអាជ្ញាធរ ប្រាប់ឱ្យអង្គភាពជុំវិញខេត្តទាំងអស់ជួយសម្របសម្រួលនៅថ្ងៃកម្មវិធី អនុវត្តវិធានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរ ដើម្បីជៀសវាងការស្ទះផ្លូវនាប្រារព្ធពិធី។ បន្ថែមពីនោះ ទេសចរ ភាគច្រើនចូលចិត្តទៅកម្សាន្តនៅតាមសហគមន៍ទេសចរណ៍ថ្មីក្នុងខេត្តកំពង់ស្ពឺ ដូចជា ភ្នំជ្រាវ, ខ្នងផ្សា, គិរីរម្យ, និងភ្នំឱរ៉ាល់។

សូមបញ្ជាក់ដែរថា រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏កំពុងរៀបចំលម្អភ្លើងពណ៍តាមតំបន់សំខាន់ៗក្នុងខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ។ ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តក៏កំពុងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងការពង្រឹងសេវាកម្មម្ហូបអាហារឱ្យកាន់តែមានភាពល្អប្រសើរផងដែរ៕

ព័ត៌មានទាក់ទង