លោក នួន ផារ័ត្ន អំពាវនាវឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ទឹកស្អាតដែលមិនមែនជាតម្រូវការចាំបាច់

31/03/2023 9:06 am ភ្នំពេញ

លោក នួន ផារ័ត្ន ដែលជាអភិបាលរងរាជធានីភ្នំពេញ បានស្នើដល់ម្ចាស់អាជីវកម្មដែលប្រើប្រាស់ទឹកបរិមាណច្រើន និងពលរដ្ឋដែលរស់នៅតំបន់សម្ពាធទឹកខ្ពស់ កាត់បន្ថយការប្រើប្រាស់ទឹកស្អាត ដែលមិនសូវចាំបាច់។ សម្រាប់លោកអភិបាលរងរាជធានី ការចូលរួមបែបនេះ គឺជាវិធានការមួយទៀត អាចជួយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ជាយរាជធានី ដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់។



 លោក នួន ផារ័ត្ន បានសរសេរយ៉ាងដូច្នេះ៖«ការចូលរួមនេះ អាចធ្វើឡើងតាមរយៈការកាត់បន្ថយការប្រើប្រាស់ទឹកស្អាតដែលមិនចាំបាច់ ឬបញ្ឈប់ការប្រើប្រាស់ទឹកខ្ជះខ្ជាយ ក្នុងពេលលាងរថយន្ត ម៉ូតូ ស្រោចដំណាំ ជាដើម។»។
 
ការអំពាវនាវរបស់លោក នួន ផារ័ត្ន ធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី៣០ខែមីនានេះ។ លោកអភិបាលរង បានចូលរួមក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សា​ភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី២៩ខែមីនា ដើម្បីស្វែងរកដំណោះស្រាយបន្ថែម ជូនតំបន់ជាយរាជធានីដែលប្រឈមការខ្វះទឹកស្អាតប្រើប្រាស់។
 
លោកអភិបាលរងបានបញ្ជាក់ផងដែរថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់ចេញនូវវិធានការមួយចំនួនបន្ថែមទៀត ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដែលបានធ្វើនាពេលកន្លងមក និងដែលបានឆ្លើយតបបានមួយផ្នែកធំ ទៅនឹងបញ្ហាប្រឈមដែលធ្លាប់បានជួបប្រទះ។ លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ចូលរួមអន្តរាគមន៍បានទាន់ពេលវេលា ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្តែង លើការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនាពេលកន្លងមកផងដែរ៕ 



ព័ត៌មានទាក់ទង