ក្រុងសៀមរាប នឹងរៀបចំបញ្ចប់ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃ ត្រឹមខែមីនានេះ

30/03/2023 4:54 pm ភ្នំពេញ

ភ្នំពេញ៖ ក្រុងសៀមរាប នឹងរៀបចំបញ្ចប់ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃ ត្រឹមខែមីនា ឆ្នាំ ២០២៣នេះ។ គម្រោងនេះ ផ្ដោតលើវិស័យសំខាន់ចំនួន ៤រួមមាន ទេសចរណ៍ឆ្លាតវៃ ប្រព័ន្ធចល័តឆ្លាតវៃ សន្តិសុខឆ្លាតវៃ និងការគ្រប់គ្រងកាកសំណល់ឆ្លាតវៃ។



ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តសៀមរាប» នៅថ្ងៃទី២៩ ខែមីនា លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា ពីរមួយឆ្នាំទៅមួយឆ្នាំ ក្រុងសៀមរាប បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ដែលផ្ដោតសំខាន់លើការគ្រប់គ្រងកាកសំណល់ និងការសន្តិសុខសណ្ដាប់ធ្នាប់សារធារណៈ ដើម្បីធ្វើយ៉ាងឱ្យសាកសមជាសមាជិកទីក្រុងឆ្លាតវៃ នៃអាស៊ាន។ 
 
បើតាមអភិបាលខេត្តរូបនេះ ក្នុងដំណើរការរៀបចំទីក្រុងឆ្លាតវៃ ទទួលបានការគាំទ្រពីក្រសួងដែនដី ហេដ្ឋាចរនាសម្ព័ន្ធ ដឹកញ្ជូន និងទេសចរណ៍ជប៉ុន ព្រមទាំងកិច្ចសហប្រតិបត្តិការបច្ចេកទេសពីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនផងដែរ។​ 
 
តាមរយៈការជ្រោមជ្រែងទាំងនេះ ក្រុងសៀមរាប នឹងរៀបចំបញ្ចប់ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃ ត្រឹមខែមីនា ឆ្នាំ ២០២៣នេះ។ ការណ៍នេះ ក្រុងសៀមរាប បានយកទៅអនុវត្តលើគម្រោងចំនួន ៦រួមមាន ការត្រួតពិនិត្យយានយន្តចតខុសច្បាប់ កែលម្អការប្រមូលសំរាម ការបំប្លែងឯកសារ ឬព័ត៌មានទេសចរណ៍ ឱ្យទៅជាទិន្នន័យឌីជីថល។ 
 
បង្កើតប្រព័ន្ធតាមដានលំហឯកសារផ្ទៃក្នុង ការតាមដានបរិស្ថានទីក្រុងដោយប្រើប្រាស់ sensor និងគម្រោងកិច្ចសហការរវាងរដ្ឋ និងឯកជន ក្នុងវិស័យទេសចរណ៍។ ជារួម គម្រោងទាំងនេះ ផ្ដោតលើវិស័យសំខាន់ចំនួន៤ គឺ ទេសចរណ៍ឆ្លាតវៃ ប្រព័ន្ធចល័តឆ្លាតវៃ សន្តិសុខឆ្លាតវៃ និងការគ្រប់គ្រងកាកសំណល់ឆ្លាតវៃ។ 
 
ជាមួយនឹងការពង្រឹងខ្លួន ទៅជាទីក្រុងឆ្លាតវៃ រដ្ឋបាលខេត្ត បានកសាងផ្លូវជាតិចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលមានប្រវែងប្រមាណ១០៦គីឡូម៉ែត្រ។ ការរៀបចំសោភ័ណភាពដងស្ទឹងសៀមរាប ការស្ដារ និងសាងសងលូរំដោះទឹកភ្លៀង និងទឹកកខ្វក់។ ការរៀបចំឱ្យមានចំណតតាមដងផ្លូវ ការបំពាក់កាមេរាសុវត្ថិភាព និងបំពាក់ភ្លើងសញ្ញាចរាចរណ៍ ដែលចំណាយថវិការសរុប ១៥៣លានដុល្លារ។ 
 
ជាមួយគ្នានេះ ខេត្តសៀមរាប ក៏បានរៀបចំសួនច្បារតាមមាត់ស្ទឹងខាងជើងស្ពានថ្មព្រះរាជដំណាក់ បំពាក់ឧបករណ៍ហាត់ប្រាណ ការរៀបចំរង្វង់មូលផ្ការំដួល និងសួនច្បារមុខសាលាគរុកោសល្យ ផងដែរ។ កាន់តែពិសេសទៀត សួនច្បារនៅមុខប្ររាជដំណាក់ ត្រូវបានកែលម្អ និងតម្លើងរូបសំណាក់ បុព្វបុរស ដែលជាមេទ័ពខ្មែរល្បីៗចំនួន ១២រូប ផងដែរ។ នេះជាការរៀបរាប់របស់លោក ទៀ សីហា៕  

ព័ត៌មានទាក់ទង