អភិបាលខេត្តសៀមរាប ជំរុញឱ្យកសិករដាំដុះតាមបច្ចេកទេសដើម្បីផ្គត់ផ្គង់វិស័យទេសចរណ៍

30/03/2023 4:00 pm សៀមរាប

ភ្នំពេញ៖ ទេសចរណ៍ និងកសិកម្ម គឺជាវិស័យឈានមុខរបស់ខេត្តសៀមរាប ដែលបានរួមចំណែកលើកម្ពស់ជីវភាពពលរដ្ឋ និងសេដ្ឋកិច្ចខេត្តស្ទើរតែទាំងស្រុង។ ការណ៍នេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ចង់ផ្សារភ្ជាប់វិស័យទេសចរណ៍ ជាមួយកសិកម្ម ដើម្បីបង្កើនចំណូល និងសេដ្ឋកិច្ចខេត្ត នាពេលអនាគត។



ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តសៀមរាប» នៅថ្ងៃទី២៩ ខែមីនា លោក ទៀ សីហា បានលើកឡើងថា  អ្នកប្រកបរបរកសិកម្ម មានជាង ៣៥ម៉ឺននាក់ និងស្ទើរតែទាំងស្រុង នៃក្រុងសៀមរាប ពឹងផ្អែកលើវិស័យទេសចរណ៍។ 

នៅជុំវិញក្រុងសៀមរាប ដូចជា ស្រុកប្រាសាទបាគង ស្រុកសូត្រនិគម ស្រុកពួក ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ជាដើម បានទទួលផលចំណេញយ៉ាងច្រើនពីវិស័យទេសចរណ៍។ ប៉ុន្តែ លក្ខណៈពិសេស របស់ស្រុកខាងលើនេះ មានសក្ដានុពលជាងក្រុងសៀមរាប ដោយសារពលរដ្ឋធ្វើកសិកម្មច្រើន។ 

លោក ទៀ សីហា ថ្លែងដូច្នេះ៖« ក្រុងសៀមរាប ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើទេសចរណ៍។ ដោយឡែក តាមបណ្ដាស្រុកនៅជុំវិញក្រុងសៀមរាប ក៏បានផលចំណេញពីវិស័យទេសចរណ៍ផងដែរ។ តែស្រុកទាំងនេះ អាចមានសក្ដានុពលជាងក្រុងសៀមរាប ដោយសារអាចប្រកបមុខរបរកសិកម្ម។ អ៊ីចឹង កសិកម្ម នឹងដើរជាមួយវិស័យទេសចរណ៍ នៅថ្ងៃខាងមុខ»។ 

អភិបាលខេត្តរូបនេះ រម្លឹកថា វិបត្តិកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ខេត្តសៀមរាប។ នៅពេលនោះ ចំណូលរបស់ខេត្ត ត្រូវបានធ្លាក់ចុះស្ទើរតែដល់សូន្យ។ ប៉ុន្តែ បន្ទាប់ពីជំងឺរាតត្បាតមួយនេះធូរស្រាល និងរដ្ឋាភិបាល បើកឱ្យដំណើរការប្រទេសឡើងវិញ វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប មានកំណើនឡើងវិញ។ ជាក់ស្ដែង នៅឆ្នាំ ២០២២ សៀមរាបទទួលបានភ្ញៀវទេសចរជាង ២០ម៉ឺននាក់។ លោក ទៀ សីហា មានសុទិដ្ឋិនិយមថា ចំណូល និងសេដ្ឋកិច្ចរបស់ខេត្តកំពុងត្រឡប់មកភាពប្រក្រតីវិញ។ 

កំណើនទេសចរ ផ្ដល់លទ្ធភាពធ្វើឱ្យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន និងសេវាកម្មទេសចរណ៍នានា អាចបើកដំណើរការឡើងវិញ។ នៅពេលនោះ វិស័យកសិកម្ម នឹងក្លាយជាតួអង្គសំខាន់ ក្នុងការបម្រើដល់វិស័យទេសចរណ៍។ បច្ចុប្បន្ន សណ្ឋាគារ ក្នុងខេត្តសៀមរាប ទើបតែបើកបានត្រឹមតែ ៤០ទៅ៥០ភាគរយប៉ុណ្ណោះ។ 

លោក ទៀ សីហា បន្ថែមដូច្នេះ៖« ខ្ញុំសង្ឃឹមថា ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប មានលទ្ធភាពក្នុងការបើកដំណើរការ សណ្ឋាគារ ក៏ជាផ្ទះសំណាក់ឡើងវិញ។ នៅពេលដែលបើកឡើងវិញ ខ្ញុំជឿជាក់ថា ចំណី ម្ហូបអាហារ នៅខេត្តរបស់យើង នឹងមានតម្រូវការ។ អ៊ីចឹង ជាតួអង្គសំខាន់ នៅតាមស្រុកដែលអាស្រ័យផលកសិកម្ម ដែលអាចផ្គត់ផ្គង់ទៅលើវិស័យនេះបាន(ទេសចរណ៍)។ ចំណុចនេះហើយ ដែលខ្ញុំគិតថា វិស័យកសិកម្ម នឹងដើរជាមួយទេសចរណ៍»។ 

ពាក់ព័ន្ធនឹងចំណុចនេះដែរ លោក ទៀ សីហា បានណែនាំដល់កសិករ ឱ្យគោរពតាមលក្ខខណ្ឌសុវត្តិភាព និងគុណភាព នៃផលិតផលកសិកម្ម។ ប្រសិនបើ កសិករ អាចអនុវត្តចំណុចទាំងនេះបាន ផលិតផលកសិកម្ម របស់កសិករខេត្តសៀមរាប នឹងទទួលបានការបញ្ជាទិញពី សណ្ឋាគារ ឬសេវាកម្មម្ហូបអាហារ ជាច្រើន។ ពិសេស ផលិតផលទាំងនេះ ក៏អាចត្រូវបាននាំចេញថែមទៀត ប្រសិនបើ លើសតម្រូវការក្នុងខេត្ត។ 

ជាមួយគ្នានេះ លោក ទៀ សីហា រំពឹងថា ពេលដ៏ខ្លីខាងមុខ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម នឹងមានផែនការថ្មី ជួយដល់វិស័យទាំងពីរនេះឱ្យដើរទន្ទឹមគ្នា ដើម្បីផ្ដល់ផ្លែផ្កាបន្ថែម ដល់ខេត្តសៀមរាប។
សូមជម្រាបថា ខេត្តសៀមរាប មានពលរដ្ឋប្រកបរបរកសិកម្ម ចំនួនជាង ៣៥ ម៉ឺននាក់ ស្មើនឹង៦៧ភាគរយ នៃកម្លាំងពលករសរុបប្រមាណ ៥២ម៉ឺននាក់។ ចំណែក ផ្ទៃដីដាំដុះកសិកម្មមានចំនួនជាង ២៩ ម៉ឺនហិកតា។ 

នៅឆ្នាំ ២០២២ ទិន្នផលស្រូវបានកើនដល់២,៧៨ ក្នុងមួយហិកតា។ ដំណាំសាវប្បកម្មដូចជា ពោត និងដំណាំឧស្សាហកម្មរយៈពេលខ្លីដូចជា អំពៅ ដំឡូងមី ជាដើម បានរួមចំណែក ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងខេត្ត និងប្រើប្រាស់ជាស្បៀងអាហារូបត្ថម្ភ និងបង្កើតប្រាក់ចំណូលដល់គ្រួសារ។ ដោយអំណោយផលពីធម្មជាតិ និងតម្រូវការទីផ្សារ ផលដំណាំរួមផ្សំ ត្រូវបានកើនពី ៣១ភាគរយ ស្មើនឹង៥៤ ១០១ ៤តោនក្នុងឆ្នាំ ២០១៨ កើនដល់ ៧១ ៣៨៨ ៥តោន នៅឆ្នាំ២០២២៕ 

 

ព័ត៌មានទាក់ទង