ស្លាប់ម្នាក់,របួសធ្ងន់ម្នាក់ និងខូចខាតផ្ទះជាង ៥០០ខ្នង ក្នុងគ្រោះខ្យល់កន្រ្តាក់នៅខែមីនានេះ

30/03/2023 2:57 pm ភ្នំពេញ

ភ្នំពេញ៖ ខ្យល់កន្ត្រាក់ក្នុងខែមីនានេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្ទះចំនួន១០ខ្នង និង៥០៧ខ្នងទៀត ខូចខាតមធ្យម នៅខេត្តចំនួន ៩។ គ្រោះខ្យល់កន្រ្តាក់ក្នុងខែមីនានេះ ក៏បណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ និងម្នាក់រងរបួសធ្ងន់ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៩ មីនា។



ខេត្តកោះកុង ព្រះសីហនុ កំពត ព្រះវិហារ ក្រចេះ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តសៀមរាប បានរងផលប៉ះពាល់ដោយសារគ្រោះខ្យល់កន្រ្តាក់នៅក្នុងខែមីនានេះ។ លោក សុទ្ឋ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា នៅក្នុងខែមីនាឆ្នាំនេះ ខ្យល់កន្ត្រាក់បានប៉ះពាល់ដល់ពលរដ្ឋ ដោយខូចទ្រព្យសម្បត្តិមួយចំនួន និងបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ រងរបួសធ្ងន់ម្នាក់។ លោក បន្តថា គ្រោះខ្យល់កន្រ្តាក់នេះ ក៏ធ្វើឱ្យផ្ទះជាង១០ខ្នងខូចខាតធ្ងន់ធ្ងរ និងជាង៥រយខ្នងខូចខាតមធ្យម។ 


លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។ រូបភាព៖ លោក គឹមកុលមុនី

អ្នកនាំពាក្យរូបនេះ បញ្ជាក់ដូច្នេះ៖ «យើងសរុបជារួមសិនទាក់ទងផលប៉ះពាល់ពេលថ្មីៗនេះ ប៉ុន្ដែទាក់ទងព័ត៌មានលម្អិតអាចចេញនៅចុងខែមីនា ចូលខែមេសា។ អ្វីដែលកត់សម្គាល់គឺខ្យល់កន្ត្រាក់ម្សិលមិញបណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ រហួសធ្ងន់ម្នាក់។ លើសពីនេះ ផលដំណាំរងការខូចខាតនឹងត្រូវបញ្ជាក់ពេលក្រោយ»។ 

សូមបញ្ជាក់ថា តាមក្រសួងធនធានទឹក និងឧតុនិយម ចាប់ថ្ងៃទី២៩-១ខែមេសា កម្ពុជានៅតែបន្តទទួលឥទ្ធិពលជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល។ ចំណែកនៅថ្ងៃ២-៤ខែមេសាវិញ នឹងទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបពីចិន។ ស្ថានភាពបែបនេះ អាចធ្វើឱ្យតំបន់ខ្លះមានភ្លៀងកម្រិតបង្គួរទៅខ្សោយ ដោយមានលាយឡំជាមួយខ្យល់កន្រ្តាក់៕

ព័ត៌មានទាក់ទង