កំពត កែប និងខេត្តព្រះសីហនុ នឹងរៀបចំកម្មវិធីសង្រា្កន្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា

30/03/2023 11:00 am ភ្នំពេញ

រដ្ឋបាលខេត្តកំពត កែប និងព្រះសីហនុ នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ខាងមុខនេះ ។ កម្មវិធីសង្ក្រាន្តខេត្តទាំង៣នេះ  ត្រូវបានធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ឈានចូលឆ្នាំថោះ ពុទ្ធសករាជ​២៥៦៦។

 

ខេត្តកំពត នឹងរៀបចំសង្រ្កាន្ត របស់ខ្លួន នៅទីរួមខេត្ត ត្រង់ចំណុច រង្វង់មូលទុរេន រយៈពេល៣ថ្ងៃ ដែលមានការប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត លេងល្បែងប្រជាប្រិយជាច្រើន និងការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារផងដែរ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា  មន្ទីរទេសចរណ៍ខេត្ត កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត និងតាមរមណីយដ្ឋានទេសចរណ៍ នឹងរៀបចំលម្អភ្លើងពណ៌នៅតាមផ្លូវ និងតាមតំបន់ទេសចរណ៍ ដើម្បីស្វាគមន៍ទេសចរក្នុងថ្ងៃសង្ក្រាន្ត។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល ក៏រំពឹងថា  ឆ្នាំនេះខេត្តកំពត នឹងអាខទទួលបានភ្ញៀវទេសចរច្រើនជាងឆ្នាំមុន។ លោក សយ ស៊ីណុល បញ្ជាក់ថា៖ « ភ្ញៀវនឹងមកលេងច្រើនជាងឆ្នាំមុន ពីព្រោះខេត្តយើងសម្បូរ តំបន់គោលដៅទេសចរណ៍ជាច្រើន ជាពិសេសឆ្នាំនេះយើងមានព្រឹតិត្តការណ៍សង្រ្កាន្ត។ លើសពីនេះ ក្រៅពីកន្លែងស្នាក់នៅ ខេត្តកំពត ក៏មានជាកន្លែងបោះតង់ សម្រាប់សម្រាកលំហែកាយដែរ »។ 

រដ្ឋបាលខេត្តកែប ក៏នឹងរៀបចំ​សង្ក្រាន្ត​ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ​២០២៣ នៅ​បរិវេណ​សួនច្បារ​ខាងមុខ​សាលាខេត្ត​កែប​។ ​ព្រឹត្តិការណ៍​នេះ ក៏​នឹង​ក្លាយជា​ទីតាំង​នៃ​ការជួបជុំ ការលេង​ល្បែង​ប្រជាប្រិយ និង​រាំលេង​កម្សាន្ត​ចង្វាក់​ប្រពៃណី​ខ្មែរ​ផងដែរ។ 

នៅពេល​រាត្រី ភ្ញៀវទេសចរ នឹង​អាចរាំលេង​កម្សាន្ត​  ទស្សនា​ការប្រគំ​តន្ត្រី​ខ្នាត​ធំ ការតាំងពិព័រណ៍​ផលិតផល នៅ​ទីតាំង​សួនច្បារ​ខាងមុខ​សាលាខេត្ត​កែប និង​មាន​ការបាញ់​កាំជ្រួច អបអរសាទរ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ទៀតផង។

លោក សោម ចិន្តា ប្រធានមន្ទីទេសចរណ៍ខេត្តកែប លើកឡើងថា រដ្ឋបាលខេត្តកែបកំពុងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងការពង្រឹងសេវាកម្មម្ហូបអាហារឱ្យកាន់តែមានភាពល្អប្រសើរ។ «ចូលឆ្នាំខ្មែរ ខ្ញុំគិតថាទេសចរនឹងមកកម្សាន្តនៅខេត្តកែបច្រើនជាងឆ្នាំមុន»។ នេះជាការរំពឹងរបស់លោក សោម ចិន្តា។

ចំណែកឯ ខេត្តព្រះសីហនុវិញ ក៏នឹងរៀបចំសង្រ្កាន្តរយៈពេល៣ថ្ងៃនៅទីរួមខេត្ត  ដែលមានការប្រប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត លេងល្បែងប្រជាប្រិយជាច្រើន និងការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារផងដែរ។ 

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានThmeyThmey25 ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ លោករំពឹងថា ខេត្តព្រះសីហនុ នឹងទទួលបានទេសចរច្រើន ជាពិសេស ភ្ញៀវទេស នឹងរីករាយជាមួយកម្មវិធីជាច្រើនដែលខេត្តបានរៀបចំ។

លោក តាំង សុចិត្តគ្រឹស្នា បញ្ជាក់ដូច្នេះ៖«ភ្ញៀវទេសចរភាគច្រើនចូលចិត្តដើរកម្សាន្តតាម​តំបន់​ទេសចរណ៍​​ឆ្នេរ និង​កោះ​ដែលមាន​អំណោយផល​ពី​ធម្មជាតិ​ទាំងនោះ​រួមមាន ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​ឯករាជ្យ ឆ្នេរ​សុខា​កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​សង្សារ និង​កោះពស់​ជាដើម​»។

ជាមួយគ្នានេះ ប្រធានមន្ទីរទេសចរណ៍ខេត្តទាំង៣ ក៏បានអំពាវនាវដល់អាជីវករទាំងអស់ឱ្យរក្សាតម្លៃ និងគុណភាពម្ហូបអាហារ កុំដំឡើងថ្លៃក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ៕

 

ព័ត៌មានទាក់ទង