ភ្នំពេញ៖ វិស័យទេសចរណ៍ ជាចំណែកមួយដ៏សំខាន់ដែលជួយលើកស្ទួយជីវភាពប្រជាជន និងសេដ្ឋកិច្ចខេត្តទាំងមូល បន្ទាប់ពីវិស័យកសិកម្ម។ អភិបាលខេត្តសៀមរាប លោក ទៀ សីហា អះអាងថា ខេត្តសៀមរាប មានមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន ៥ ១១៧នាក់ និងទីភ្នាក់ងារទេសចរណ៍ ៣២១។
សៀមរាប ជាខេត្តដែលមានសក្តានុពលទេសចរណ៍ និងកេរ្តិ៍ល្បីល្បាញនៅក្នុងកម្ពុជា និងពិភពលោក។ ខេត្តដែលសម្បូរតំបន់បេតិកភណ្ឌនេះ មានមគ្គុទ្ទេសក៍ទេសចរណ៍រហូតដល់ ៥ ១១៧នាក់ និងទីភ្នាក់ងារទេសចរណ៍ចំនួន ៣២១ ចាំបម្រើសេវាដល់ទេសចរ។
ក្នុងសន្និសីទសារព័ត៌មាន «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់ខេត្តសៀមរាប» នៅថ្ងៃទី២៩ មីនា លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា ខេត្តមានសណ្ឋាគារ ២៣៧ទីតាំង ស្មើនឹង ១៥ ២២២បន្ទប់, ផ្ទះភ្ញៀវ ២៨៣ទីតាំង, ភោជនីយដ្ឋាន ២៣៩កន្លែង។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប។ រូបភាពពីអង្គភាពអ្នកនាំពាក្យ
លោក ទៀ សីហា ក៏បានរំឭកពីវិបត្តិកូវីដ-១៩ ដែលវាយប្រហារសេដ្ឋកិច្ចខេត្តសៀមរាបដូច្នេះ៖ «ដោយសារវិបត្តិកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍ខេត្ត ចាប់ពីឆ្នាំ២០១៩ ដែលសេវាកម្មទេសចរណ៍ត្រូវបានបិទ និងផ្អាក ស្ទើរតែទាំងស្រុង ហើយទើបនឹងចាប់ផ្ដើមមានកំណើនភ្ញៀវទេសចរប្រសើរឡើងវិញនៅឆ្នាំ២០២២»។
បើតាមអភិបាលខេត្តរូបនេះ ក្រៅពីរមណីយដ្ឋានប្រវត្តិសាស្រ្ត និងប្រាសាទបុរាណ ខេត្តសៀមរាប ក៏មានរមណីយដ្ឋានធម្មជាតិ និងកែច្នៃជាច្រើន កន្លែងដូចជា រមណីយដ្ឋានធម្មជាតិចង្រ្កានរយ, រមណីយដ្ឋានសួនពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ និងរមណីយដ្ឋានជាច្រើនទៀត។ គួរបញ្ជាក់ថា ខេត្តទេសចរណ៍មួយនេះ តែងជាប់ពានរង្វាន់ តួយ៉ាង «ភូមិវត្តបូព៌» ដែលស្ថិតក្នុងក្រុងសៀមរាប បានជាប់លំដាប់លេខ៣ ក្នុងចំណោមទីតាំងដ៏សែនមនោរម្យទាំង ៥១ លើពិភពលោក៕
-
ដោយ៖ ញឹក ស្រីល័ក្ខ
-
© រក្សាសិទ្ធិដោយ thmeythmey25.com