នៅពេលដែលសាលារៀនរដ្ឋនៅភ្នំពេញកាន់តែផ្តោតលើការលើកកម្ពស់អនាម័យ ទឹកស្អាត និងបរិស្ថាន

04/05/2023 5:00 pm ភ្នំពេញ

ភ្នំពេញ៖ បន្ថែមពីលើគុណភាពនៃការអប់រំ សាលារៀនឯកជនមានការប្រកួតប្រជែងខ្ពស់លើផ្នែកសោភណភាព អនាម័យ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ឪពុកម្តាយ អាណាព្យាបាលសិស្ស។ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈឯណោះវិញ ជាពិសេសសាលាមួយចំនួនក្នុងរាជធានីភ្នំពេញ ពីកម្រិតបឋមសិក្សាដល់វិទ្យាល័យ ក៏បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើអនាម័យ បរិស្ថានផងដែរ តាមរយៈការផ្តល់ទឹកស្អាតដល់សិស្ស ការបំពាក់កន្លែងលាងដៃ និងការរៀបចំបង្គន់ដែលមានអនាម័យជាដើម។



នៅកណ្ដាលរាជធានីភ្នំពេញ សាលាបឋមសិក្សាភ្នំដូនពេញ ជាគ្រឹះស្ថានអប់រំមួយ ដែលមានបរិស្ថានស្អាត គ្មានសំរាម និងមានអនាម័យល្អ។ សាលាមានសួនច្បារចម្រុះពណ៌ ហើយបរិវេណទាំងមូលមានដើមឈើតូចធំអមតាមផ្លូវ មានស្លាកសញ្ញាចរាចរណ៍ ពាក្យស្លោកអប់រំ រួមទាំងបង់អង្គុយសម្រាប់ជជែកគ្នាលេង ឬអានសៀវភៅ។ បន្ទប់រៀននីមួយៗ មានការរៀបចំយ៉ាងទាក់ទាញ ដោយមានផ្ទាំងរូបភាព ពាក្យស្លោក និងមានរុក្ខជាតិបៃតងលម្អគ្រប់ទិស។ 
 
ចំពោះបញ្ហាទឹក និងអនាម័យ ថ្នាក់ដឹកនាំសាលាបឋមសិក្សាភ្នំដូនពេញ យកចិត្តទុកដាក់ខ្លាំងបំផុត។ លោកស្រីនាយិកា អ៊ុង កុលវឌ្ឍនា បានអះអាងប្រាប់សារព័ត៌មានថ្មីៗអំពីការព្យាយាមអប់រំណែនាំនៅពេលគោរពទង់ជាតិ និងការផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូគ្រប់ថ្នាក់ឱ្យបន្តអប់រំណែនាំសិស្សដោយផ្ទាល់ជាប្រចាំ។
លោកស្រី អ៊ុង កុលវឌ្ឍនា នាយិកា សាលាបឋមសិក្សាភ្នំដូនពេញ។ រូបភាព៖ ញឹក ស្រីល័ក្ខ

ម៉ាស៊ីនចម្រោះទឹកស្អាត បង្គន់អនាម័យ កន្លែងលាងដៃ..

សាលាបឋមដែលមានសិស្សប្រមាណ៧០០នាក់នេះ មានបង្គន់អនាម័យ កន្លែងលាងដៃ រួមទាំងម៉ាស៊ីនចម្រោះទឹកស្អាត ដែលជាអំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានី និងក្រសួងបរិស្ថាន។ «ម៉ាស៊ីនចម្រោះទឹកស្អាតនេះ ជួយដល់សុខភាពសិស្សានុសិស្ស។ មាតាបិតា និងសិស្សទាំងអស់ សប្បាយចិត្ត ព្រោះកាត់បន្ថយការចំណាយ និងការប្រើប្រាស់ដបប្លាស្ទិករបស់សិស្ស ហើយសិស្សបានយកដបផ្ទាល់ខ្លួនមកដាក់ទឹក»។ លោកស្រី អ៊ុង កុលវឌ្ឍនា បានរៀបរាប់យ៉ាងដូច្នេះ។
 
នាយិការូបនេះ បានបន្ថែមថា ក្រៅពីគិតគូរលើការផ្ដល់ទឹកស្អាតដល់កុមារាកុមារីទទួលទាន គណៈគ្រប់គ្រងសាលារៀន បន្តយកចិត្តទុកដាក់លើបញ្ហាបង្គន់អនាម័យផងដែរ។ ក្នុងបរិវេណបឋមសិក្សាភ្នំដូនពេញ មានបង្គន់អនាម័យចំនួន៣២បន្ទប់ សម្រាប់កុមារា កុមារី និងលោកគ្រូអ្នកគ្រូ ប្រើប្រាស់។ បង្គន់នីមួយៗ មានធុងដាក់ទឹក បង្គន់នោម ធុងសំរាម សម្រាប់បោះចោលសំរាម ឬសំណល់សំឡីអនាម័យ រួមទាំងកន្លែងលាងដៃដែលមានសាប៊ូនៅទីនោះ។ 

«សម្រាប់បន្ទប់ទឹក យើងមានអ្នកថែជាប្រចាំចំនួន២នាក់។ ធុងសំរាមមាននៅតាមបន្ទប់នីមួយៗសម្រាប់សិស្សកុមារី បោះចោលសំណល់សំឡីអនាម័យ។ ទឹកវិញ គឺប្រើទឹកស្អាត មិនមែនទឹកអណ្ដូងទេ។ ពេលខូច យើងជួសជុល និងខ្លះត្រូវប្ដូរថ្មី»។ នេះជាការលើកឡើងរបស់លោកស្រី កុលវឌ្ឍនា ដោយបន្ថែមថា សាលាបានគិតគូរខ្លាំងលើអនាម័យសិស្ស ពិសេសកុមារីដែលមានវដ្តរដូវ។ 
 
ក្រៅពីមាននៅតាមបង្គន់អនាម័យ សាលាបឋមសិក្សាភ្នំដូនពេញ មានទីតាំងលាងដៃ រួមជាមួយសាប៊ូ និងជេល ចំនួន៦ទីតាំងក្នុងបរិវេណ ហើយភ្ជាប់ជាមួយផ្ទាំងពាក្យស្លោក និងរបៀបណែនាំអំពីការលាងដៃឱ្យបានត្រឹមត្រូវផងដែរ។

មិនត្រឹមតែគុណភាពអប់រំ..


សាលាឯកជនមានការប្រកួតប្រជែងគ្នាខ្ពស់ដើម្បីទាក់ទាញសិស្ស និងអាណាព្យាបាល។ សាលារដ្ឋក៏ដូចគ្នាផងដែរ ជាពិសេសបណ្តាសាលានៅក្នុងរាជធានីភ្នំពេញផ្ទាល់។ បើតាមលោកស្រី កុលវឌ្ឍនា អាណាព្យាបាលមួយចំនួន តែងតែដើរសង្កេតមើលបរិស្ថានជុំវិញសាលា និងបន្ទប់ទឹក មុននឹងសម្រេចចិត្តចុះឈ្មោះកូនចូលរៀន។
 
សម្រាប់សាលារដ្ឋ ការលើកកម្ពស់អនាម័យ ត្រូវការការចូលរួមជាចាំបាច់ពីសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស ជាពិសេសគណៈនាយកសាលា។ លោកស្រីនាយិកា បន្តថា៖ «បើគ្មានការចូលរួមពីសិស្សទេ បន្ទប់ទឹកសាលាក៏មិនស្អាតដែរ។ បត់ជើងរួចគាត់ដើរទៅបាត់ តែ១០នាក់ ស្អុយពេញបន្ទប់ទឹក។ ការចូលរួមរបស់សិស្ស ធ្វើឱ្យកម្មករថែទាំងាយសម្អាតបានស្អាត»។
សិស្សានុសិស្ស រៀននៅសាលាបឋមសិក្សា​ភ្នំដូនពេញ កំពុង​ដាក់ទឹកចេញពី​ម៉ាស៊ីន​ចម្រោះ។ រូបភាព៖ ញឹក ស្រីល័ក្ខ

ងាកទៅវិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឯណោះវិញ បញ្ហាទឹកស្អាត និងអនាម័យ ក៏មានការយកចិត្តទុកដាក់ខ្ពស់ផងដែរ។ លោក ឆាយ សុងលី នាយកនៃគ្រឹះស្ថានអប់រំរដ្ឋ ដែលមានសិស្សប្រមាណ៤០០០នាក់នេះ ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ការមានអនាម័យក្នុងសាលា គឺចាំបាច់បំផុត។ រៀងរាល់ពេលគោរពទង់ជាតិ នៅព្រឹកថ្ងៃចន្ទ និងល្ងាចថ្ងៃសៅរ៍ លោកតែងណែនាំសិស្សឱ្យរក្សាអនាម័យនៅពេលប្រើប្រាស់បន្ទប់ទឹក និងចូលរួមថែរក្សាបរិស្ថានក្នុងសាលា។

វិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មី មានអ្នកសម្អាតបន្ទប់ទឹកពីរនាក់ ដោយសម្អាតជារៀងរាល់ថ្ងៃ។ ចំពោះបញ្ហាអនាម័យនៅតាមបន្ទប់ទឹក នាយកវិទ្យាល័យ ប្រាប់បែបនេះ៖«ទាល់តែសិស្សចេញអស់ បានយើងសម្អាតបន្ទប់ទឹក។ យើងបង្រៀនសិស្សឱ្យចេះសម្អាត នៅពេលដែលចូលទៅប្រើប្រាស់។ បើពួកគាត់មិនចូលរួម ទោះយើងថែមអ្នកសម្អាតក៏នៅតែមិនស្អាតដែរ»។  
 លោក ឆាយ សុង​លី នាយកវិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មី។ រូបភាព៖ ញឹក ស្រីល័ក្ខ

វិទ្យាល័យទាំងមូលមានបន្ទប់ទឹកចំនួន៣៦បន្ទប់ និងកន្លែងលាងដៃចំនួន១០ ដោយបែងចែកសម្រាប់សិស្សប្រុស និងស្រី ហើយបន្ទប់ទឹកនីមួយៗ មានធុងសំរាមដាក់សំណល់សំឡីអនាម័យសិស្សស្រីផងដែរ។ ជាមួយគ្នានេះ សាលាមានម៉ាស៊ីនចម្រោះទឹកស្អាត ស្របតាមគោលការណ៍ណែនាំស្តីពីទឹកស្អាត និងអានម័យ តាមសាលារៀនរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ដោយឡែក បរិស្ថានក្នុងសាលាវិញ នៅទីនោះ មានដើមឈើជាច្រើនដើម ផ្ដល់ជាម្លប់ និងភាពត្រជាក់ដល់សិស្សានុសិស្ស។ វិទ្យាល័យនេះ មានទីធ្លាធំទូលាយ ដែលមានផ្ទៃដី៤ហិកតាកន្លះ មានអគារ ១០ខ្នង ស្មើនឹង៥១បន្ទប់។ «យើងហាមឃាត់តឹងរឹងលើការយកចំណីអាហារចូលថ្នាក់រៀន។ យើងឃើញថា សំរាមនៅទីធ្លា ឬក្នុងថ្នាក់កាត់បន្ថយច្រើន មិនមានសំរាមពាសវាលពាសកាលទៀតទេ»។ នេះជាការលើកឡើងរបស់លោក ឆាយ សុងលី។ 
 
ទឹកស្អាត និងអនាម័យ កាត់បន្ថយអត្រាឆ្លងជំងឺផ្សេងៗ


លោកវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ប្រសិនបើសាលារៀនមិនបានចូលរួមគិតគូរលើកកម្ពស់ទឹកស្អាត និងអនាម័យនោះទេ បុគ្គលិកអប់រំ និងអ្នកសិក្សា នឹងជួបប្រទះនូវបញ្ហាជាច្រើនដល់សុខភាពសាធារណៈប៉ះពាល់ទាំងកាយសម្បទា និងចិត្តសម្បទា។ 

បើតាមលោកវេជ្ជបណ្ឌិត ការមិនបានទទួលទានទឹកគ្រប់គ្រាន់ នឹងនាំឱ្យខ្វះជាតិទឹកក្នុងខ្លួន ស្បែកស្ងួត ងាយបង្ករោគសើស្បែក រោគតាមផ្លូវដង្ហើម អាចបង្កជាឈឺក្បាល រៀនមិនចូល ស្តាប់មិនសូវយល់។ល។ លើសពីនេះ បើគ្មានទឹកសម្រាប់លាងសម្អាតដៃ ឬទឹកសម្រាប់ប្រើប្រាស់ក្នុងបង្គន់អនាម័យ នាំឱ្យមានការបន្ទោបង់ក្រៅបង្គន់ ដែលបង្កជាជម្រកសត្វ មេរោគចង្រៃផ្សេងៗ ឆ្លងដល់បុគ្គលិកអប់រំ និងអ្នកសិក្សា។ បន្ថែមលើនេះ វានឹងបណ្ដាលឱ្យកើតជំងឺឆ្លងតាមផ្លូវដង្ហើម ឧស្សាហ៍រលាកបំពង់ក រលាកផ្លូវដង្ហើម ជំងឺឆ្លងតាមផ្លូវអាហារបង្កជារាក ជំងឺត្រចៀក ច្រមុះ ភ្នែកក្រហមផងដែរ។

លោក​ យង់​ គន្ធារិទ្ធ​ អនុប្រធាន​នាយកដ្ឋាន​សុខភាព​សិក្សា​ នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​

 
អនុប្រធាននាយកដ្ឋានសុខភាពសិក្សារូបនេះ បន្តថា ចំពោះអ្នកសិក្សាជាស្រ្តីវិញ ងាយនឹងមានជំងឺតាមប្រព័ន្ធបន្តពូជ អាចអវត្តមានញឹកញាប់ពីការសិក្សាដោយសារសាលារៀនគ្មានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវ ពិសេសអវត្តមានពេលមកឈាមរដូវជាដើម។ 
 
លោកលើកឡើងថា៖ «ការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ បានបង្ហាញឱ្យឃើញថា ការលាងសម្អាតដៃបានត្រឹមត្រូវជាមួយទឹកស្អាត អាចកាត់បន្ថយជំងឺផ្លូវដង្ហើមបានជិត៥០ភាគរយ និងជំងឺឆ្លងដទៃទៀតជិត៣០ភាគរយ ហើយការរួមបញ្ចូលគ្នារវាងការលាងសម្អាតដៃបានត្រឹមត្រូវ ការទទួលទានទឹកស្អាតទៀងទាត់ និងការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវជាប់លាប់ អាចកាត់បន្ថយជំងឺផ្លូវដង្ហើម និងជំងឺតាមប្រព័ន្ធអាហារបានច្រើនជាង៥០ភាគរយ»។
យុវតីម្នាក់ កំពុង​ដាក់ទឹក​ចេញពី​ម៉ាស៊ីន​ចម្រោះ នៅ​ក្នុង​វិទ្យាល័យ​ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មី។ រូបភាព៖ ញឹក ស្រីល័ក្ខ

កិច្ចប្រឹងប្រែងរួមរវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងសប្បុរសជន

នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការលើកកម្ពស់ទឹកស្អាត និងអនាម័យនៅតាមសាលារៀន មានវឌ្ឍនភាព គួរឱ្យកត់សម្គាល់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា។
 
«នៅទូទាំងប្រទេស សាលារៀន៨៣,៦ភាគរយមានចំណាត់ថ្នាក់ផ្កាយមួយ (កម្រិត១) ឡើងទៅ មានន័យថា សាលារៀនទាំងនោះមានស្តង់ដាអប្បបរមាស្តីពីទឹកស្អាត និងអនាម័យ»។ នេះជាការបញ្ជាក់របស់វេជ្ជបណ្ឌិត យង់ គន្ធារិទ្ធ ផ្អែកលើលក្ខណៈវិនិច្ឆ័យនៃលក្ខខណ្ឌអប្បបរមាស្តីពីទឹកស្អាត និងអនាម័យ។



ទោះបីជាយ៉ាងណាក៏ដោយ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា អះអាងថា នៅមានការងារជាច្រើនដែលត្រូវធ្វើបន្តដូចជា ការពង្រឹងយន្តការនៃការប្រើប្រាស់ ការថែទាំ ការជួសជុល សម្ភារបរិក្ខារផ្នែកទឹកស្អាត និងអនាម័យ។
 
មានបង្គន់ តែខ្វះអ្នកសម្អាត 

លោក ហង់ ហ៊ីប៊ុណ្ណា អ្នកឯកទេសទឹកស្អាត និងអនាម័យ នៃអង្គការភ្លែនអន្តរជាតិកម្ពុជា លើកឡើងថា សិស្សអាចឆ្លងជំងឺមួយចំនួន ប្រសិនបើគ្មានទឹកស្អាតប្រើប្រាស់ និងអនាម័យគ្រប់គ្រាន់ ជាពិសេសតាមទីជនបទដាច់ស្រយាល។
«មានបង្គន់អនាម័យហើយ តែខ្វះការថែទាំ ក៏ដូចជាការគ្រប់គ្រងអត់បានដិតដល់ ធ្វើឱ្យបង្គន់នោះខូច»។ នេះជាការអះអាងរបស់អ្នកឯកទេសទឹកស្អាត និងអនាម័យ ដោយបន្តថា នៅពេលដែលមិនមាន ឬខ្វះបង្គន់អនាម័យនៅតាមសាលា និងមិនមានទឹក ពេលខ្លះធ្វើឱ្យកុមារមិនហ៊ានទៅសាលា។ 
លោក ហង់ ហ៊ីប៊ុណ្ណា អ្នកឯកទេសទឹកស្អាត និងអនាម័យ នៃអង្គការភ្លែនអន្តរជាតិកម្ពុជា។ រូបភាពពី​ហ្វេសប៊ុក​អង្គការ​Plan
 
អង្គការភ្លែនអន្តរជាតិកម្ពុជា បានចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា លើការលើកកម្ពស់ទឹកស្អាត និងអនាម័យ ដោយបង្កើតស្ដង់ដារបង្គន់អនាម័យនៅតាមសាលារៀន ហើយជាទូទៅ ការអនុវត្តទឹកស្អាត និងអនាម័យនៅតាមសាលារៀននៅរាជធានីភ្នំពេញ ត្រូវបានមើលឃើញថា មានកម្រិតខ្ពស់ជាង បណ្ដាខេត្តនានា។
 
ទោះជាយ៉ាងនេះក្ដី លោក ហង់ ហ៊ីប៊ុណ្ណា បានឱ្យដឹងថា នៅសាលាមួយចំនួន បើសិនជាគណៈគ្រប់គ្រង មិនបានយកចិត្តទុកដាក់ទេ បង្គន់មួយចំនួន ក៏អាចនឹងខូចដែរ។ លោកបញ្ជាក់បែបនេះ៖ «កុមារីមួយចំនួន ដែលនៅរាជធានីភ្នំពេញ គាត់អត់ប្រើប្រាស់បង្គន់នៅសាលាទេ។ ពួកគាត់សុខចិត្តទៅប្រើនៅផ្ទះមិត្តនៅជិតសាលា ឬតាមការ៉ាស់សាំងដែលអាចប្រើល្អជាងសាលារៀន»។

សាលាស្អាត មានអនាម័យ សិស្សមានសុខភាពល្អ ចូលរៀនទៀងទាត់


ទាំងនាយិកាសាលាបឋមសិក្សាភ្នំដូនពេញ និងនាយកវិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មី សុទ្ធតែឱ្យតម្លៃលើការលើកកម្ពស់អនាម័យ។ លោកស្រី អ៊ុង កុលវឌ្ឍនា យល់ថា ការលើកកម្ពស់អនាម័យសិស្សកុមារា កុមារី គឺជារឿងសំខាន់ ពិសេសជួយឱ្យសិស្សមានសុខភាព និងអាចមករៀនបានទៀងទាត់។
 
លោកស្រីបានបញ្ជាក់ថា៖ «ការលើកកម្ពស់អនាម័យសិស្ស មានសារសំខាន់សម្រាប់សុខភាព។ សកម្មភាពនេះ គឺត្រូវធ្វើជារៀងរហូត មិនអាចធ្វើម្ដងម្កាលទេ។ កាលណាបរិស្ថាន និងបន្ទប់ទឹកស្អាត គឺក្មេងមិនមានជំងឺ។ កាលណាក្មេងមិនឈឺ គឺការអប់រំមានដំណើរការលឿន»។ 




ដូចគ្នាផងដែរ លោក ឆាយ សុងលី អះអាងថា សាលារបស់លោកតែងតែទទួលបាននូវការកោតសរសើរពីអាណាព្យាបាលអំពីអនាម័យ និងបរិស្ថាន។ លោកលើកឡើងថា៖«ទាក់ទងនឹងគ្រឹះស្ថានសិក្សា កន្លងទៅធ្លាប់ឮអាណាព្យាបាលទើបតែមកដល់សាលាដំបូង ថាមិនដឹងមានសាលាបរិស្ថានស្អាតនៅទីនេះ។ ក្រោយមកគាត់ក៏ផ្ទេរកូនមករៀននៅទីនេះ»។ 
 
ទិន្នន័យបង្គន់អនាម័យ ទឹកស្អាត នៅតាមសាលារៀន


តាមទិន្នន័យប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ (EMIS) របស់ក្រសួងអប់រំ ឆ្នាំ២០២២-២០២៣ ក្នុងចំណោមសាលា ៩ ៤៦៧ នៅទូទាំងប្រទេស មានសាលា ៩ ៤៥៦ ស្មើនឹង ៩៩,៩ភាគរយ មានបង្គន់អនាម័យ ក្នុងនោះ ៩៧,៨ភាគរយ អាចប្រើប្រាស់បានគ្រប់ពេល, កន្លែងលាងដៃមាន៨៥,៦ភាគរយ និងការបំពាក់ទឹកស្អាតមាន៨៣,១ភាគរយ។
 
ចំពោះការគ្រប់គ្រងអនាម័យខ្លួនប្រាណពេលមានរដូវវិញ ទិន្នន័យ EMIS ដដែល បង្ហាញថា សាលារៀនដែលមានសំឡីអនាម័យបម្រុងទុក មានចំនួន ៤៨,៤ភាគរយ និងសាលាមានធុងដាក់សំឡីអនាម័យក្នុងបង្គន់ មានចំនួន ៥២,៣ភាគរយ។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញគោលការណ៍ណែនាំអនុវត្តលក្ខខណ្ឌអប្បបរមាស្ដីពី ទឹកស្អាត និងអនាម័យ តាមសាលារៀន កាលពីឆ្នាំ២០១៦ ដើម្បីចូលរួមកាត់បន្ថយអត្រាឆ្លងជំងឺផ្សេងៗ ពិសេសជំងឺរាក និងជំងឺរលាកផ្លូវដង្ហើម។
 
ក្រសួងបានកំណត់គោលដៅស្រប និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការផ្គត់ផ្គង់ទឹក និងការលើកកម្ពស់អនាម័យនៅតាមសាលារៀនឱ្យឈានដល់១០០ភាគរយនៅឆ្នាំ២០២៥។ គោលការណ៍ណែនាំអនុវត្តលក្ខខណ្ឌអប្បបរិមាស្ដីពីទឹកស្អាត និងអនាម័យតាមសាលារៀន មាន៤លក្ខខណ្ឌរួមមាន ទី១ ទឹកស្អាតសម្រាប់ទទួលទាន, ទី២ បង្គន់អនាម័យ និងបង្គន់នោម, ទី៣ បរិក្ខារលាងសម្អាតដៃ និងទី៤ បរិស្ថាន និងសុវត្ថិភាព៕

ព័ត៌មានទាក់ទង