ពលរដ្ឋបន្ទាយមានជ័យ ៨៥ភាគរយជាកសិករ ធ្វើឱ្យកសិកម្ម ក្លាយជាវិស័យអាទិភាពរបស់ខេត្ត

29/03/2023 10:58 am បន្ទាយមានជ័យ

ភ្នំពេញ៖ បន្ទាយមានជ័យ ជាខេត្តដែលមានភាពល្បីល្បាញលើវិស័យកសិកម្ម និងខេត្តជង្រុកស្រូវមួយក្នុងប្រទេសកម្ពុជា។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លើកឡើងថា៖ «វិស័យអាទិភាពក្នុងខេត្តបន្ទាយមានជ័យ គឺកសិកម្ម ព្រោះពលរដ្ឋដល់ទៅ ៨៥ភាគរយ ប្រកបរបរកសិកម្ម»។



ក្នុងសន្និសីទសារព័ត៌មាន «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់ខេត្តបន្ទាយមានជ័យ» នៅថ្ងៃទី២៨ មីនា លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋ ៨០ម៉ឺននាក់ ក្នុងខេត្ត គឺមានពលរដ្ឋ ៨៥ភាគរយ ជាកសិករ។ ដោយឡែក ១០ភាគរយ ជាអាជីវករ និងពាណិជ្ជករ និង៥ ភាគរយ ប្រកបរបរផ្សេងៗ។

បើតាមអភិបាលខេត្តរូបនេះ ខេត្តមានប្រព័ន្ធធារាសាស្រ្តចំនួន ៨៧ប្រព័ន្ធ ដែលអាចស្រោចស្រពលើផ្ទៃដីជាង ៦ម៉ឺនហិកតា។ នៅខេត្តបន្ទាយមានជ័យ ផ្ទៃដីដាំស្រូវមានជាង ៣០ម៉ឺនហិកតា ដែលអាចប្រមូលផលបានចន្លោះពី៩សែនទៅ១លានតោនក្នុងមួយឆ្នាំ។ 


ដំណាំស្រូវរបស់ប្រជាកសិករ នៅខេត្ត​បន្ទាយមានជ័យ។ រូបភាពពីមន្ទីរកសិកម្ម ខេត្ត​បន្ទាយមានជ័យ

ក្រៅពីដំណាំស្រូវ ដំណាំឧស្សាហកម្មវិញ ក៏មានកំណើនច្រើនផងដែរ។ លោក អ៊ុំ រាត្រី បន្តថា ផ្ទៃដីដាំដំណាំឧស្សាហកម្មមានជាង ១២ម៉ឺនហិកតា ក្នុងនោះ ដំឡូងមីមានជាង ១០ម៉ឺនហិកតា, ស្វាយចន្ទីជាង ៣ពាន់ហិកតា, ពោតក្រហម ជាង ១ម៉ឺនហិកតា និងដំណាំផ្សេងៗទៀត។ 

ដោយឡែក ការអភិវឌ្ឍវារីវប្បកម្មវិញ ក្នុងរយៈពេល ៥ឆ្នាំនេះ ផលនេសាទទទួលបានជាង ១៣ម៉ឺនតោន ដោយបានកែច្នៃសម្រាប់នាំចេញបានជាង ២ពាន់តោនផងដែរ។ ចំពោះ ការចិញ្ចឹមសត្វ ខេត្តបន្ទាយមានជ័យ មានកសិដ្ឋានចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្ម មានចំនួន ៨៣កសិដ្ឋាន ក្នុងនោះគោ មានចំនួន ១៤កសិដ្ឋាន, ជ្រូក មាន២០កសិដ្ឋាន និងបក្សី មានចំនួន ៤៩កសិដ្ឋាន។


រូបភាពពីមន្ទីរកសិកម្ម ខេត្ត​បន្ទាយមានជ័យ

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តបន្ទាយមានជ័យ មានសហគមន៍កសិកម្ម ចំនួន ៤៩សហគមន៍, សហគមន៍នេសាទ ១៩សហគមន៍ និងសហគមន៍ព្រៃឈើ ចំនួន ៩ សហគមន៍។ នេះបើតាមលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ៕ 
 

ព័ត៌មានទាក់ទង