
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា (ស្ដាំ) និងលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី (ឆ្វេង)។ រូបភាព៖ SPM
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន បានស្នើដល់ម៉ាឡេស៊ី ជួយបង្កើនការទិញអង្ករ និងកសិផលផ្សេងទៀតពីកម្ពុជា។ ការស្នើនេះ ធ្វើឡើងតាមរយៈ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងពិធី «ចុះហត្ថលេខា កម្ពុជា-ម៉ាឡេស៊ី និងអញ្ជើញធ្វើសន្និសីទរួមគ្នា» នៅវិមានសន្តិភាព កាលពីថ្ងៃទី ២៧ ខែមីនា។
សម្ដេច ហ៊ុន សែន បានលើកឡើងថា នៅឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី បានកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងនោះ លោក បានស្នើដល់ម៉ាឡេស៊ី ជួយបង្កើនការបញ្ជាទិញអង្ករ និងកសិផលផ្សេងទៀតពីកម្ពុជា តាមរយៈការបង្កើតក្រុមហ៊ុនប្រមូលទិញ និងកែច្នៃនៅកម្ពុជា សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅម៉ាឡេស៊ី ឬប្រទេសផ្សេងទៀត តាមផ្លូវដឹកជញ្ជូនត្រង់ កំពង់ផែខេត្តព្រះសីហនុ ទៅរដ្ឋប៉េណាំង និងរដ្ឋប៉េហាំង។
ដើម្បីពង្រីកវិសាលភាព និងកិច្ចសហប្រត្តិការវិនិយោគ កម្ពុជា-ម៉ាឡេស៊ី សម្ដេច ហ៊ុន សែន បន្តស្នើដល់ម៉ាឡេស៊ី បង្កើនការទិញទំនេញ ដែលបំពេញតម្រូវឱ្យគ្នាទៅវិញទៅមក។ លោក ក៏លើកទឹកចិត្តដល់អ្នកវិនិយោគ និងក្រុមហ៊ុន ម៉ាឡេស៊ី បោះទុនវិនិយោគ កាន់តែច្រើនផងដែរ។
នាឱកាសនោះ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានឡើកឡើងថា ការផលិតអង្ករ មិនងាយស្រួលនោះទេ ប៉ុន្តែ កម្ពុជាអាចបង្កើនការផលិត និងឈានដល់សល់។ ជាការឆ្លើយតប លោក នឹងលើកទឹកចិត្តដល់អ្នកផលិតស្រូវ-អង្ករ និងក្រុមហ៊ុន ម៉ាឡេស៊ី ពិចារណាពីលទ្ធភាពនាំចូលអង្ករ និងស្វាយចន្ទី បន្ថែមពីកម្ពុជា។
គួរបញ្ជាក់ថា នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងម៉ាឡេស៊ី សម្រេចបាន ៦២០លានដុល្លារ កើនឡើង២៤ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលមានសម្រេចបានត្រឹម ៥០០លានដុល្លារ៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

