ជប៉ុន ផ្ដល់រថយន្តដឹកសំរាមចំនួន១០ គ្រឿង ដល់ក្រសួងបរិស្ថាន លើការគ្រប់គ្រងសំរាម

រូបភាពពីក្រសួងបរិស្ថាន

28/03/2023 11:03 am ភ្នំពេញ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ហិរញ្ញប្បទានចំនួន ៥២ ៤៨០ដុល្លារដល់ក្រសួងបរិស្ថាន សម្រាប់ការដាក់ពង្រាយរថយន្តប្រមូលសំរាម ដល់ខេត្តចំនួន១០ក្នុងប្រទេសកម្ពុជា ។ រថយន្តទាំងនេះ នឹងចូលរួមគាំទ្រការប្រមូលសំរាម និងសំណល់រឹងទីប្រជុំជន។



យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី២៧ ខែមីនា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាចំនួន ៥២ ៤៨០ដុល្លារ ដល់ស្ថាប័នទទួលជំនួយមួយក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ 

ជំនួយគូសាណូណិនេះ ត្រូវបានចុះហត្ថលេខាដោយ លោក អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីអនុវត្តគម្រោង «ប្រើប្រាស់ឡើងវិញនូវរថយន្តប្រមូលសំរាមដែលប្រើប្រាស់រួចក្នុងខេត្តចំនួន១០» ។

តាមសេចក្តីប្រកាសព័ត៌មាន រថយន្តដឹកសំរាមខ្នាតតូច ចំនួន១០ នឹងត្រូវបានដាក់ពង្រាយនៅគោលដៅចំនួន១០ ក្នុងប្រទេសកម្ពុជា ដើម្បីកែលម្អសេវាប្រមូលសំរាម។ គម្រោងនេះ នឹងរួមចំណែកការការពារសុខភាពសាធារណៈ និងបរិស្ថានធម្មជាតិ ដែលនឹងកែលម្អគុណភាពជីវិតពលរដ្ឋជាង ៧២០,០០០នាក់ ក្នុងខេត្តទាំង១០។ 

ជំនួយឥតសំណងគូសាណូណិ របស់ជប៉ុន បានចាប់ផ្តើមក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិតមូលដ្ឋាន។ ម្យ៉ាងទៀត ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាព ក្រីក្រ និងភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ 

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩១មក រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង ៦៦លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៧០៨គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

 

ព័ត៌មានទាក់ទង