រដ្ឋាភិបាលត្រៀមដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល ទេសចរណ៍ និងឌីជីថល បន្ថែមទៀត

27/03/2023 11:00 am ភ្នំពេញ

រដ្ឋាភិបាល ត្រៀមដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន៣បន្ថែមទៀត គឺផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល ទេសចរណ៍ និងឌីជីថល បន្ទាប់ពីផែនទីបង្ហាញផ្លូវបច្ចកវិទ្យាកសិកម្ម អប់រំ និងសុខាភិបាល។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមីនា។



 សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពថ្មីៗទាំង៣នេះនឹងដើរតួនាទីជាត្រីវិស័យសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សហគ្រាសឯកជន និងប្រជាជនកម្ពុជា ក្នុងការធ្វើផែនការឱ្យមានសង្គតិភាព រៀបចំយុទ្ធសាស្រ្តឱ្យបានគ្រប់ជ្រុងជ្រោយ ចាប់យកបច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ និងអភិវឌ្ឍផលិតផលបច្ចេកវិទ្យាឱ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា»។
 
សម្តេច ហ៊ុន សែន បានលើកឡើងពីតួនាទីដ៏សំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវនុវត្តន៍ក្នុងការរក្សាចីរភាពនៃកំណើនសេដ្ឋកិច្ច និងការជុំវិញការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ក្នុងបរិបទនៃការរាតត្បាតកូវីដ-១៩ ការកើនកម្តៅ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ ជាដើម។
 
ក្រៅពីអំពាវនាវឱ្យមានការចូលរួមរបស់សហគមន៍ជាតិ និងអន្តរជាតិ ក្នុងគ្រប់ដំណាក់កាល នៃបរិវត្តកម្មឌីជីថល ស្របតាមក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ប្រមុខរដ្ឋាភិបាល ក៏បានគូសបញ្ជាក់ពីការរួមចំណែកដ៏សកម្មរបស់គ្រឹះស្ថានឧត្តមសិក្សាមួយចំនួនក្នុងការអភិវឌ្ឍប្រព័ន្ធនវានុវត្តជាតិផងដែរ៕

ព័ត៌មានទាក់ទង