ដំរីព្រៃញី ១ក្បាល បានរអិលជើងស្លាប់នៅជម្រាលភ្នំ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី

26/03/2023 1:53 pm ភ្នំពេញ

ភ្នំពេញ៖ ​ ពលរដ្ឋប្រទះឃើញសត្វដំរីព្រៃញី ១ក្បាល ដេកស្លាប់ នៅជម្រាលភ្នំថ្ម ត្រង់ចំណុចក្រុមចុងរ៉ាង ភូមិ ពូហ្យាម ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ សត្វដំរីព្រៃញីមួយក្បាលនេះ មានបណ្តោយ ៤,២ម៉ែត្រ កម្ពស់២,៣ម៉ែត្រ។

ការស្លាប់របស់សត្វដំរីព្រៃញីនេះ ត្រូវបានពលរដ្ឋរាយការណ៍ដល់សមត្ថកិច្ចជំនាញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងបរិស្ថានស្នាក់ការរងរកាថ្មី និងក្រុមការងារអង្គការ WCS រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំងផ្ទាល់។ 

លោក សុខ ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បញ្ជាក់ថាសាកសពសត្វដំរីព្រៃញី ងាប់ជាប់អូរនោះ មានស្ថានភាពហើមស្អុយ។ លោក បន្ថែមថា មន្ទីរបរិស្ថានបានពិនិត្យ និងធ្វើកោសល្យវិច័យ ជាមួយក្រុមការងារមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងក្រុមពសុពេទ្យរបស់អង្គការ WCS ,WWF បានពិនិត្យឃើញថា ដំរីបានស្លាប់នោះ មិនមានកូននៅក្នុងពោះឡើយ។

លោក សុខ ឃាង ​អះអាងដូចនេះ៖ « ដំរីព្រៃញីដែលបានស្លាប់នៅស្រុកអូររាំងហ្នឹង គឺមិនមានកូននោះទេ។ បន្ទាប់ពីក្រុមការងារចុះពិនិត្យរួចរាល់ សាកសពដំរីនោះ ក៏ត្រូវបានគេយកទៅកប់ក្នុងព្រៃផងដែរ»៕

ព័ត៌មានទាក់ទង