កម្ពុជា​ ជំរុញឥណ្ឌូណេស៊ី ឱ្យជួយទិញផលិតផលកសិកម្ម

24/03/2023 3:00 pm ភ្នំពេញ

ដោយ: អ៊ូ សុខមាន (OU Sokmean)

កម្ពុជាជំរុញប្រទេសឥណ្ឌូណេស៊ីឱ្យជួយទិញផលិតផលកសិកម្មដែលមានសក្កានុពលក្នុងការនាំចេញ ទៅទីផ្សារអន្តរជាតិ។ លើសពីនេះកម្ពុជាក៏លើកទឹកចិត្តដល់វិនិយោគិនឥណ្ឌូណេស៊ីឱ្យវិនិយោគនៅក្នុងវិស័យនេះ ផងដែរ។



ការជំរុញនេះបានធ្វើឡើងក្នុងជំនួបការងាររវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោក Enggartiasto Lukita អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូណេស៊ី  ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ កាលពីថ្ងៃទី២០មីនា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។
 
នាឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានស្នើដល់ភាគីនៃប្រទេសឥណ្ឌូណេស៊ីឱ្យនាំចូលផលិតផលកសិកម្មមួយចំនួនពីកម្ពុជា។ ក្នុងនោះមាន អង្ករ អំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយ ជាដើម ដែលជាផលិតផល មានសក្តានុពលរបស់កម្ពុជា​កំពុងត្រូវបានជំរុញឱ្យមានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនានា។​ លោកបន្តនិយាយដូច្នេះ៖ «ជាពិសេស គឺអង្ករកម្ពុជាដែលទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកចំនួន៥ដង»។
 
ជាមួយគ្នានេះ លោករដ្ឋមន្តី្រក្រសួងពាណិជ្ជកម្ម ក៏ជំរុញវិនិយោគិនឥណ្ឌូណេស៊ីឱ្យវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ក្នុងការបង្កើតរោងម៉ាស៊ីនកិនស្រូវ, ការកែច្នៃអំឡូងមីជាផលិតផលឱសថ និងសម្ភារវេចខ្ចប់សម្រាប់ប្រើប្រាស់ក្នុងស្រុកនិងនាំចេញ, ការកែច្នៃស្វាយ និងផ្លែឈើផ្សេងៗ។ 
 
ជាការឆ្លើយតបលោក Enggartiasto បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម កសិកម្ម វិនិយោគ និងទេសចរណ៍រវាងកម្ពុជានិងឥណ្ឌូនេស៊ី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ 
 
សូមជម្រាប ឆ្នាំ២០២២ កម្ពុជានិងឥណ្ឌូណេស៊ីសម្រេចពាណិជ្ជកម្មរួមគ្នាបានក្នុងទំហំ ៩៤៨ ៥៣៣លានដុល្លារអាម៉េរិក។ ទំហំកើនដល់៤៨,៣ភាគរយ​ បើធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ 

ព័ត៌មានទាក់ទង