រដ្ឋាករទឹកសន្យាដោះស្រាយបញ្ហាខ្វះទឹកនៅជាយរាជធានីឱ្យបាន ចាប់ពីខែឧសភា តទៅ

24/03/2023 9:05 am ភ្នំពេញ

ពីខែកុម្ភៈ ដល់ខែមីនា នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) អះអាងថា ទទួលបានព័ត៌មានពីបញ្ហាកង្វះទឹកនៅតាមបណ្តាសង្កាត់ជាច្រើននាជាយរាជធានីភ្នំពេញ។ តាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែមីនា ស្ថាប័នជំនាញមួយនេះ សូមការយោគយល់ អធ្យាស្រ័យពីអតិថិជន ហើយសន្យាដោះស្រាយក្នុងលក្ខណៈប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភា តទៅ។



«រ.ទ.ស.ភ ចាត់ទុកកង្វល់របស់អតិថិជន គឺជាកង្វល់ និងការទទួលខុសត្រូវរបស់ខ្លួន»។ នេះជាការបង្ហាញពីការទទួលខុសត្រូវរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងសេចក្តីជូនដំណឹងស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងឆ្នាំ២០២៣ និងដំណោះស្រាយនានា។
 
បើតាមរដ្ឋាករទឹកក្រុង បញ្ហាទាំងនោះរួមមាន កង្វះទឹកប្រើប្រាស់ ទឹកមានសម្ពាធខ្សោយ និងគ្មានទឹកក្នុងបណ្តាញទឹកជាដើម។ បញ្ហាទឹកមានសម្ពាធខ្សោយ ភាគច្រើនកើតឡើងក្នុងសង្កាត់៣១លើ១១៥សង្កាត់ នាជាយរាជធានីភ្នំពេញ។


ជាមួយគ្នានេះ រ.ទ.ស.ភ បានរំលឹកឡើងពីរបាយការណ៍សិក្សាស្តីពីតម្រូវការទឹកនៅឆ្នាំ២០១៦-២០៣០ ដោយនិន្នាកខ្វះទឹកស្អាតប្រើប្រាស់ មាននៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយការចាប់ផ្តើមខ្វះទឹកគឺចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។
 
នៅឆ្នាំ២០២៣ រ.ទ.ស.ភ បានបញ្ជាក់ថា តម្រូវការទឹកប្រើប្រាស់បានកើនឡើងជាង៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈសមត្ថភាពផលិតបានត្រឹមតែ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ពោលគឺខ្វះ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ពាក់ព័ន្ធបញ្ហានេះ រ.ទ.ស.ភ បង្ហាញពីសមត្ថភាពរោងចក្រផលិតទឹកថ្មី ដែលអាចផលិតទឹកស្អាតបានក្នុងបរិមាណ៤០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ និងបំពង់ទឹកថ្មីជិត១ពាន់គីឡូម៉ែត្រ។
 
 

«នៅដើមខែឧសភា ឆ្នាំ២០២៣ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិតចែកចាយទឹកស្អាតបានក្នុងបរិមាណ២០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន៦៤ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ពោលសមត្ថភាពផលិត៨៤ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ធៀបនឹងតម្រូវការទឹកស្អាត៨៩ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ»។ នេះក្តីសង្ឃឹមជឿជាក់របស់រដ្ឋាករទឹកក្រុង។
 
ក្រៅពីរំពឹងដោះស្រាយបញ្ហាទឹកស្អាតបានជាង៩០ភាគរយក្នុងឆ្នាំ២០២៣នេះ រដ្ឋាករទឹកក្រុង អះអាងថា ចាប់ពីឆ្នាំ២០២៤ សមត្ថភាពផលិតទឹកស្អាត នឹងមានជាង១លានម៉ែត្រគូបក្នុង១ថ្ងៃ ដែលនាំឱ្យអតិថិជនរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទឹកអស់មានទឹកប្រើប្រាស់គ្រប់គ្រាន់។

«ការចូលរួម​ដោះស្រាយ​បញ្ហាទឹក​ពីសំណាក់អតិថិជន​ក៏ជាក្តាគន្លឹះមួយ​ដែរ ដែល រ.ទ.ស.ភ សូមអំពាវនាវដល់អំពាវនាវ​ដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីផ្តល់ក្តី​ករុណា និង​ចែករំលែក​ទឹក​ដល់អតិថិជន​ផ្សេងទៀត​ ជាពិសេសអ្នកជាយរាជធានី»។ នេះបើតាមសេចក្តីជូនដំណឹងខាងលើ៕
 

ព័ត៌មានទាក់ទង