អណ្ដើកហ្លួងចំនួន២០ក្បាល ត្រូវបានលែងចូលជម្រកធម្មជាតិក្នុងស្រុកស្រែអំបិល

23/03/2023 12:00 pm ភ្នំពេញ

ភ្នំពេញ៖ សត្វអណ្ដើកហ្លួងចំនួន២០ក្បាលត្រូវបានអង្គការWCS សហការជាមួយ Mandai Nature និងរដ្ឋបាលជលផល លែងចូលធម្មជាតិវិញ បន្ទាប់ពីបានថែបំប៉នរហូតគ្រប់អាយុ និងអាចមានលទ្ធភាពរកចំណីខ្លួនឯងបាន។ ការដោះលែងអណ្ដើកជាបន្តបន្ទាប់នេះ អាចជាសញ្ញានៃការប្រឹងប្រែងថែរក្សា និងអភិរក្ស ដើម្បីឱ្យចំនួនពួកវាកើនឡើងនៅក្នុងធម្មជាតិ។

អណ្ដើកទាំង២០ក្បាលនោះត្រូវបានដោះលែងចូលជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣  ។ លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្ដើកហ្លួងនៃអង្គការ WCS បានលើកឡើងថា អណ្តើកទាំងនោះត្រូវបានក្រុមការងារការពារចន្លោះឆ្នាំ២០០៦ ដល់ ២០១៦ បន្ទាប់មកទើបបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ដើម្បីចិញ្ចឹមថែទាំមុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ។

 ប្រធានគម្រោងរូបនេះបញ្ជាក់ថា៖ «អណ្ដើកហ្លួងទាំង ២០ក្បាល ដែលលែងថ្ងៃនេះ ត្រូវបានក្រុមអភិរក្សប្រមូលយកក្រោយពីញាស់ពីសម្បុក ត្រូវបានការពារតាមដងព្រែកស្រែអំបិល ក្នុងព្រែកកំពង់សីលា នៅខេត្តកោះកុង និងព្រះសីហនុ»។ 

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលរំលឹកថា ក្នុងឆ្នាំ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចដាក់បញ្ចូលប្រព័ន្ធព្រែកស្រែអំបិលនិងព្រៃលិចទឹកតាមដងព្រែក ក្នុងប្រកាសលេខ ១៣៣ ស្ដីពីការបង្កើតតំបន់គ្រប់គ្រងអណ្ដើកហ្លួង ឬអណ្ដើកសរសៃ និងក្រពើត្រី។ 

ជាមួយគ្នានេះលោកបានសង្កត់ធ្ងន់ថា ៖ « រាល់ការកាប់ទន្ទ្រានព្រៃលិចទឹកតាមដងព្រែកដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺជាទង្វើល្មើសច្បាប់ជលផល។ ជាមួយគ្នានេះ សហគមន៍មូលដ្ឋាន គួរជៀសវាងការជួញដូរប្រភេទសត្វដ៏កម្រ»។

លោក Sonja Luz នាយក Mandai Natureយល់ថា ការលែងអណ្ដើកសរសៃបន្ថែម ចូលទៅក្នុងទីជម្រកធម្មជាតិ ជាការបង្ហាញពីជោគជ័យនៃកិច្ចប្រឹងប្រែងអភិរក្សដោយមានការចូលរួមបានយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ។ ការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាននិងសហគមន៍ ពិតជាមានសារៈសខាន់ក្នុងការធានាដល់កំណើនប្រភេទនេះនៅក្នុងទីជម្រកធម្មជាតិ។

កន្លងមកអង្គការ WCS និងរដ្ឋបាលជលផល បានសហការគ្នាការពារប្រភេទសត្វអណ្ដើកនេះកុំឲ្យផុតពូជ   ដោយរួមមានកម្មវិធីការពារសម្បុកអណ្ដើកហ្លួង ការចិញ្ចឹមថែទាំក្រោយពេលញាស់ ការពង្រឹងការអនុវត្តច្បាប់ ការពិនិត្យតាមដាន ការទប់ស្កាត់ការជួញដូរខុសច្បាប់ ការអប់រំផ្សព្វផ្សាយ និងការគាំទ្រលើជីវភាពរស់នៅរបស់សហគមន៍។ 

ទោះបីមានការចូលរួមក្នុងកិច្ចការពារធនធានធម្មជាតិប្រភេទនេះច្រើនឆ្នាំហើយក្តី ក៏បញ្ហានៃការនេសាទខុសច្បាប់ ការបាត់បង់ទីជម្រក ការធ្វើអាជីវកម្មខ្សាច់ និងការកាប់បំផ្លាញព្រៃលិចទឹកនៅតាមប្រព័ន្ធព្រែកស្រែអំបិល នៅតែមាននៅឡើយ។ បញ្ហាទាំងនេះ កំពុងគម្រាមកំហែងដល់ការរស់រាន និងបង្កកំណើតរបស់សត្វប្រភេទកម្រទាំងនេះផងដែរ។

សូមបញ្ជាក់ថា អណ្ដើកសរសៃ ឬ អណ្ដើកហ្លួង បានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្ដើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឲ្យប្រទេសកម្ពុជា ដែលកំណត់ក្នុងព្រះរាជក្រិត្យឆ្នាំ២០០៥៕ 

 

ព័ត៌មានទាក់ទង