របៀបស្លរម្ជូរកូនម៉ែ និងឆាទាដើមចេកម្ជូរកូនម៉ែ ឱ្យមានរសជាតិឆ្ងាញ់

23/03/2023 11:00 am ភ្នំពេញ

សៀមរាប៖ ម្ជូរកូនម៉ែ ជាគ្រឿងធ្វើម្ហូបម្យ៉ាង ផ្សំពីបាយផ្អាប់ជាមួយមេម្ជូរហៅថា «កូនម៉ែ»។ ម្ជូរកូនម៉ែនេះ អាចយកធ្វើម្ហូបបានច្រើនប្រភេទ មិនថាឆា សម្ល ធ្វើទឹកជ្រលក់ ឬធ្វើជ្រក់ក៏បាន។ លោក រ៉ុង បូរិន បានយកគ្រឿងផ្សំនេះទៅច្នៃធ្វើម្ហូប២មុខ មានសម្លម្ជូរទាកូនម៉ែ និងឆាទាដើមចេកម្ជូរកូនម៉ែ រសជាតិប្លែក ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន។

ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖



ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប លោក  រ៉ុង បូរិន និងភរិយា ប្រកបរបរលក់ម្ហូបកម្មង់តាមអនឡាញ រយៈពេលជាង៣ឆ្នាំហើយ។ មុខម្ហូបរបស់លោក មានតែ២មុខប៉ុណ្ណោះ គឺឆាទាដើមចេកម្ជូរកូនម៉ែ និងសម្លម្ជូរទាកូនម៉ែ។ ដោយសាររសជាតិ និងឈ្មោះម្ហូបប្លែក មុខម្ហូបទាំង២របស់លោក បូរិន ទទួលបានការចាប់អារម្មណ៍ និងការបញ្ជាទិញច្រើន។ លោក បូរិន ថាចេះធ្វើម្ហូបទាំងនេះពីគ្រួសារដែលជាអ្នកខេត្តស្វាយរៀង ហើយក្នុងមួយថ្ងៃលោក លក់ទាអស់ចន្លោះពី២០-៣០គីឡូក្រាម អាស្រ័យតាមទំហំនៃការបញ្ជាទិញរបស់អតិថិជន។


លោក រ៉ុង បូរិន បានប្រាប់ពីរបៀបធ្វើម្ហូបទី១ គឺឆាទាដើមចេកម្ជូរកូនម៉ែ ដែលមានគ្រឿងផ្សំដូចជា ទាកាប៉ា,កាពិ,ប្រហុក,ម្ទេសក្រៀម,ម្ទេសស្រស់,ស្ករស,ប៊ីចេង,ទឹកត្រី,សណ្ដែកដី,ខ្ទិះដូង,ទឹកដោះគោឆៅ និងទឹកដោះគោខាប់។ លោក បូរិន បញ្ជាក់ថា មុននឹងចាប់ផ្ដើមយកទាឆាជាមួយគ្រឿងផ្សំទាំងអស់នោះ ត្រូវរម្ងាស់សាច់ទាឱ្យឆ្អិនសិន ទើបអាចយកឆាជាមួយគ្រឿងបាន។

ឆាទាដើមចេកម្ជូរកូនម៉ែនេះ ជាម្ហូបផ្ទាប់ ដែលគេញាំទាឆាគ្រឿងជាមួយបន្លែមាន ដើមចេក,ស្លឹកចាព្ហូ,ជីររណារ,ម្អម និងស្លឹកស្បៃរឿង ជាមួយទឹកជ្រលក់ម្ជូរកូនម៉ែ។ ចំពោះទឹកជ្រលក់ម្ជូរកូនម៉ែនោះ លោក បូរិន ថាមានគ្រឿងផ្សំដូច ម្ជូរកូនម៉ែ,សណ្ដែកដី និងខ្ទិះដូងឆាបញ្ចូលគ្នា។ ឆាទាដើមចេកម្ជូរកូនម៉ែនេះ អាចបរិភោគជាមួយនំបញ្ចុក និងបាយក៏បាន។


សម្លម្ជូរទាកូនម៉ែ មានគ្រឿងផ្សំស្រដៀងនឹងទាឆាដែរគឺ ម្ជូរកូនម៉ែ១កូនចាន,ទាកាប៉ា១គីឡូក្រាម,គ្រឿងបុក,ម្ទេសស្រស់,ប្រហុក,ទឹកត្រី និងម្រះព្រៅ។ ចុងភៅវ័យ៣៣ឆ្នាំរូបនេះ លើកឡើងដូច្នេះថា៖«សម្លម្ជូរទាកូនម៉ែហ្នឹងដូច សម្លម្ជូរទូទៅទេ គ្រាន់តែយើងប្រើម្ជូរកូនម៉ែជំនួសគ្រឿងអំពិល សណ្ដាប់។ ហើយប្រើម្ជូរកូនម៉ែហ្នឹងមានរសជាតិជូរ ហើយឈ្ងុយជាង»។ លោក បន្តថា មុនចាប់ផ្ដើមស្ល ត្រូវយកម្ជូរកូនម៉ែទៅកិនយកជាតិជូរ បន្ទាប់មកដាក់ប្រេងឆាក្នុងខ្ទះបន្តិច ដើម្បីឆាគ្រឿងបុក ម្ទេស និងប្រហុកជាមួយទា ទើបបន្ថែមទឹកត្រីបន្តិច។ នៅពេលសាច់ឆ្អិនល្មមទើបដាក់ម្ជូរកូនម៉ែកិនរួចចូល ឱ្យឆ្អិនទើបបន្ថែមម្រះព្រៅជាការស្រេច។ សម្រាប់មុខម្ហូបទាំង២នេះ លោក បូរិន ប្រើប្រាស់សាច់ទាកាប៉ា១មួយគីឡូក្រាមដូចគ្នា ហើយលក់តម្លៃ៤ម៉ឺនរៀលក្នុងមួយប្រអប់៕

 

ព័ត៌មានទាក់ទង