តើការចាយប្រាក់រៀលចំណេញអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ?

23/03/2023 9:16 am ភ្នំពេញ

សកម្មភាពនៃការប្រើប្រាស់ប្រាក់រៀលមានការកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន ការចាយប្រាក់រៀលក្នុងចរន្តសេដ្ឋកិច្ចជាតិបានកើនដល់រង្វង់១៥ភាគរយ ខណៈការជំរុញប្រើប្រាក់រៀលមានកាន់តែទូលំទូលាយ។ ទន្ទឹមគ្នានេះ ធនាគារជាតិនៃកម្ពុជា បន្តអនុវត្តគោលនយោបាយរូបិយវត្ថុ និងវិធានការលើកកម្ពស់ការប្រើប្រាក់រៀល រួមទាំងបង្កើនកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យដំណើរការចាកចេញពីដុល្លារូបនីយកម្មរបស់កម្ពុជាមានប្រសិទ្ធភាព។ តើការចាយប្រាក់រៀលចំណេញអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ?


 
ការរក្សាស្ថិរភាពថ្លៃក្នុងទីផ្សារ

រូបិយវត្ថុ មិនខុសពីទំនិញនៅលើទីផ្សារទេ។ ត្រង់ចំណុចនេះ មានន័យថាបើមានគ្រប់គ្រងមិនត្រូវទេនោះតម្លៃរូបិយវត្ថុ និងតម្លៃទំនិញ នឹងឡើងចុះពិបាកប៉ាន់ស្មាន។ ប្រសិនបើគេបោះពុម្ពក្រដាសប្រាក់ច្រើនពេក នោះក្រដាសប្រាក់នឹងចុះថោក ហើយទំនិញឡើងថ្លៃ ដែលទំនាក់ទំនងបែបនេះ ហៅថាអតិផរណា។
 
ផ្ទុយវិញ បើបោះពុម្ពក្រដាសប្រាក់តិចជាងតម្រូវការចាយវាយក្នុងទីផ្សារ នោះតម្លៃប្រាក់រៀលឡើងថ្លៃខ្ពស់ជាងកម្រិតសមស្របដែលនាំឲ្យមាន បរិត្តផរណា គឺការធ្លាក់ថ្លៃទំនិញ។ បើទំនិញឡើងថ្លៃ គឺប៉ះពាល់ជីវភាពពលរដ្ឋ តែបើទំនិញចុះថោក គឺប៉ះពាល់វិនិយោគិន ដែលជាអ្នកផលិតទំនិញ។ ដូច្នេះ បើកម្ពុជាចាយប្រាក់រៀលខ្ពស់ នោះការគ្រប់គ្រងចរាចរប្រាក់រៀលដោយធនាគារជាតិ ក៏ដូចជាតម្លៃទំនិញលើទីផ្សារ គឺងាយស្រួលនោះទេ។

តែអ្វីជាបញ្ហានោះត្រង់ថា គឺកម្ពុជាចាយប្រាក់ដុល្លារសម្បើមណាស់់ចាប់តាំងពីឆ្នាំ១៩៩៣មក (ដុល្លារូបនីយកម្ម)។ សេដ្ឋកិច្ចកម្ពុជា ត្រូវគ្រប់គ្រងដោយដុល្លារអាម៉េរិកដែលធ្វើឱ្យតម្លៃទំនិញ ត្រូវឡើងចុះទៅតាមលុយដុល្លារ។ ការចាយលុយដុល្លារនេះ បានដាក់កំហឹតដល់ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ដោយសារតែធនាគារជាតិមិនមែនជាអ្នកគ្រប់គ្រងបរិមាណលុយបរទេសនោះឡើយ។ ក្នុងន័យនេះ បង្ហាញយ៉ាងច្បាស់ថា  បើសិនកម្ពុជាជាលុយខ្មែច្រើនដល់កម្រិត៨០ទៅ៩០វិញ នោះ ធនាគារជាតិអាចគ្រប់គ្រងស្ថិរភាពថ្លៃទំនិញបានយ៉ាងមានប្រសិទ្ធភាព។ ត្រង់ចំំំណុចនេះខ្ញុំចង់ពន្យល់ថា បើប្រាក់រៀលច្រើននៅលើទីផ្សារ នោះធនាគារជាតិអាចប្រើវិធីស្រូបយកមកវិញខ្លះ តែបើវាតិចពេក ធនាគារជាតិក៏អាចបញ្ចេញប្រាក់រៀលបន្ថែមឲ្យវាសមាមាត្រនឹងតម្រូវការទីផ្សារ។ 
 
ជំរុញការនាំចេញ និងការវិនិយោគ
 
ប្រសិនបើកម្ពុជាប្រើប្រាសតែប្រាក់រៀលនោះធនាគារជាតិនៃកម្ពុជា នឹងមានអំណាចប្រើប្រាស់គោលនយោបាយរូបិយវត្ថុពេញលេញ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ដើម្បីជំរុញការនាំចេញធនាគារជាតិអាចបន្ថយតម្លៃរូបិយវត្ថុ កែតម្រូវអត្រាប្តូរប្រាក់គោល។
 
ឧបមាថា៖ កម្ពុជាផលិតកាបូកមួយចំណាយប្រាក់៤០០០រៀល ហើយហាងឆេងប្ដូរប្រាក់ ៤០០០រៀល ស្មើ១ដុល្លារ។ ដូច្នេះអ្នកបញ្ជាទិញចាយ១ដុល្លារ គឺបានកាបូកពីកម្ពុជាមួយ។ ប៉ុន្តែបើយើងធ្វើឱ្យប្រាក់រៀលចុះថោកគឺ៤២០០រៀល ទើបស្មើ១ដុល្លារ នោះកាបូកយើងដែលមានតម្លៃ៤០០០រៀលនេះ គេចាយមិនដល់១ដុល្លារនោះទេ ពោលគឺត្រឹម៨៨សេនប៉ុណ្ណោះ។ ឧទាហរណ៍ដែលឆ្លុះបញ្ចាំងការនាំចេញបានបង្ហាញថា កាបូកនេះមានតម្លៃទាបជាងមុននៅលើទីផ្សារអន្តរជាតិដែលគេកាន់ពិចារណាក្នុងការទិញផលិតផលរបស់កម្ពុជា។
 
ក្នុងរយៈពេល២០ឆ្នាំមកនេះ កម្ពុជាបានរក្សានូវស្ថិរភាពអត្រាប្តូរប្រាក់រវាងដុល្លារ និងលុយរៀល ក្នុងរវាង១ដុល្លារ ស្មើនឹង៤ ០៥០ទៅ៤ ១០០រៀលដុល្លារប៉ុណ្ណោះ។
 
ចំណូលពីការបោះពុម្ពក្រដាសប្រាក់

ធនាគារជាតិនៃទទួលបានចំណូលពីការបោះពុម្ពសាច់ប្រាក់នៅពេលប្រាក់នោះចរាចរក្នុងទីផ្សារសេដ្ឋកិច្ច។ ត្រង់ចំណុចនេះគឺលោក-អ្នកងាយយល់ណាស់។  ឧបមាថា ក្រដាសប្រាក់១ម៉ឺនរៀលមួយសន្លឹក ត្រូវបានធនាគារជាតិបោះពុម្ព ហើយលក់ចេញក្នុងតម្លៃ១ម៉ឺនរៀល ខណៈការចំណាយលើការផលិតក្រដាសប្រាក់នេះអស់តិចតួចប៉ុណ្ណោះ លើថ្លៃក្រដាសបោះពុម្ព និងថ្លៃផលិតកម្ម។ 
 
ដូច្នេះ នៅពេលកម្ពុជាមានតម្រូវការប្រាក់រៀលច្រើន នោះរដ្ឋនឹងទទួលបានចំណូលបានកាន់ច្រើនពីការបោះពុម្ពប្រាក់រៀលនេះ។ ប៉ុន្តែ ផលប្រយោជន៍នេះ គឺបានទៅលើសហរដ្ឋអាមេរិកទៅវិញពីការបោះពុម្ពលុយដុល្លារ ព្រោះតែកម្ពុជាចាយដុល្លារច្រើន។ ការសិក្សារបាយការណ៍ពីធនាគារជាតិបានបង្ហាញថា ទំហំប្រាក់ដុល្លារអាម៉េរិកមានដល់៨៥ភាគរយដែលបានចរាចរនៅក្នុងចរន្តសេដ្ឋកិច្ចជាតិអស់រយៈពេល៣ទសវត្សរ៍មក។ 
 
បង្កើនទុនបម្រុងអន្តរជាតិ

ការប្រើប្រាក់រៀលបង្កើនទុនបម្រុងជាតិ តាមរយៈលំហូរនៃរូបិយប័ណ្ណបរទេសក្នុងសេដ្ឋកិច្ចកម្ពុជា។ ត្រង់ចំណុចនេះមានន័យថា វិនិយោគិនរូបិយប័ណ្ណបរទេសក្នុងសេដ្ឋកិច្ចយើង ចាំបាច់ត្រូវប្តូរជាប្រាក់រៀល។ ការធ្វើបែបនេះធនាគារជាតិ គឺមានលទ្ធភាពយករូបិយប័ណ្ណដែលពីប្រភពទុនវិនិយោគបរទេសយកទៅរក្សាទុក ដើម្បីយកទៅវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុដែលមានសុវត្ថិភាព ដូចជា៖ ការទិញសញ្ញបណ្ណ(Bonds, Treasury bill...) ដើម្បីបានជាចំណូលមកវិញ និងបង្កើនបម្រុងជាតិ។
 
កាលដែលយើងមានទុនបម្រុងជាតិច្រើន វានឹងបង្កើនទំនុកចិត្តទៅដល់ការប្រើប្រាស់រៀល និងផ្តល់លទ្ធភាពឱ្យធនាគារជាតិអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀល។ នេះជាហេតុផលចំណេញុសេដ្ឋកិច្ចមួយទៀត ដែលចាំបាច់ត្រូវប្រើប្រាស់ប្រាក់រៀល ដើម្បីឱ្យសេដ្ឋកិច្ចយើងមានស្ថិរភាព និងដើម្បីកៀគរទុនបម្រុងរបស់យើងឱ្យកាន់តែមានច្រើនឡើងៗ។ 
 
យោងតាមរបាយការណ៍របស់ធនាគារជាតិ គិតត្រឹមចុងឆ្នាំ២០២២ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានប្រមាណ២០,៣ពាន់លានដុល្លារ។ ទុនបម្រុងអន្តរជាតិដែលកម្ពុជាមាននេះ គឺអាចធានាដល់ការនាំចូលទំនិញ-សេវា បានដល់៧ខែក្នុងករណីប្រទេសប្រឈមនឹងវិបត្តិ ឬគ្រាអាសន្នណាមួយ។
 
បង្កើនសុខុមាលភាពសង្គម
 
ការចាយលុយរៀល អនុញ្ញាតឱ្យរដ្ឋាភិបាលគ្រប់គ្រងថវិកាជាតិបានកាន់តែប្រសើរដោយកាត់បន្ថយការពឹងផ្អែកលើបំណុលបរទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋជាប្រាក់រៀល(រដ្ឋខ្ចីលុយពីប្រជាជនខ្លួនឯង)ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដូចជា៖ សាលារៀន ផ្លូវថ្នល់ និងមន្ទីរពេទ្យជាដើម៕
 

 

ព័ត៌មានទាក់ទង