លោក​ ស៊ឹម អឿម បង្ហាញពីការបង្គុំបំណែកថ្មភក់នៅប្រាសាទព្រះគោ

22/03/2023 12:12 pm សៀមរាប

សៀមរាប៖ ប្រាសាទព្រះគោ ជាសំណង់ឥដ្ឋ ដែលសង់ឡើងដោយព្រះមហាក្សត្រខ្មែរសម័យអង្គរ គឺព្រះបាទ ឥន្រ្ទវរ្ម័ន ទី១ នាចុងសតវត្សរ៍ទី៩ ក្នុងឆ្នាំ៨៧៩។ សំណង់ឥដ្ឋមានតួប៉មចំនួន៦នេះ សង់ថ្វាយដល់ព្រះសិវៈ ដើម្បីឧទ្ទិសបុណ្យកុសលដល់បុព្វការីជន។ ស្ថាបត្យកម្មនេះ មានទីតាំងស្ថិតនៅ ភូមិឱឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បច្ចុប្បន្ន ចម្លាក់ ដែលឆ្លាក់ជាប់ផ្ទៃជញ្ជាំង រួមទាំងបច្ចេកទេសប្រើប្រាស់បាយអ គឺនៅសេសសល់ច្រើន ប៉ុន្តែផ្នែកខ្លះនៃប្រាសាទ ក៏បានបាត់បំណែកខ្លះផងដែរ។



 ផ្នែកខ្លះនៃប្រាសាទព្រះគោ ដែលខូចខាត ឬបាត់បង់ទម្រង់នោះ ត្រូវបានអាជ្ញាធរជាតិអប្សរា បន្តជួសជុលឥតស្រាកស្រាន្ត តាំងពីឆ្នាំ១៩៩៤មក។ ងាកមកមើលពីរបៀបជួសជុលថ្មប្រាសាទវិញម្តង កម្មករប្រមាណ ៤ទៅ៥នាក់ កំពុងជួសជុលរោងទង នៅខាងមុខព្រះប្រាសាទព្រះគោ។ ការជួសជុល មានផលលំបាកច្រើន ដ្បិតត្រូវស្វែងរកបំណែកដែលបែកចេញទម្រង់ដើម រួចរៀបចំបិតឡើងវិញ។ 

ចាប់ផ្តើមពីម៉ោង ៧កន្លះព្រឹក កម្មករទាំងនោះត្រូវបែងចែកកម្លាំងធ្វើការ ទៅតាមមុខងាររៀងៗខ្លួន។ អ្នកខ្លះអង្គុយលាយបាយអ សម្អាតថ្មភក់ ប្រមូលកម្ទេចថ្មដែលបែកយកមកផ្គុំឡើងវិញជាដើម។ ពួកគាត់ តែងធ្វើការងារដដែលៗនេះ រហូតដល់ម៉ោងជិត ៥ល្ងាច​ ទើបត្រឡប់ទៅគេហដ្ឋានវិញ។ ការជួសជុស ត្រូវការភាពប៉ិនប្រសព្វ និងម៉ត់ចត់បន្តិច ព្រោះទីតាំងដែលកំពុងតែជួសជុលនេះ ហាក់មានសភាពទ្រុឌទ្រោម។ 

សកម្មភាពកម្មករ កំពុងជួសជុល នៅខាងមុខផ្លូវចូលប្រាសាទព្រះគោ។

មានវ័យចំណាស់ជាងគេក្នុងក្រុមជួសជុលថ្មប្រាសាទ លោក ស៊ឹម អឿម ធ្វើការជាមួយថ្មច្រើនជាងគេក្នុងចំណោមកម្មករទាំងអស់ដែលនៅទីនេះ។ អង្គុយខាត់ថ្ម ដោយស្លៀកឯកសណ្ឋានពណ៌ខៀវក្នុងវ័យ ៧១ឆ្នាំ លោក អឿម បានផ្តល់កិច្ចសម្ភាសដល់សារព័ត៌មាន ThmeyThmey២៥ អំពីការរៀបចំជួសជុល និងផ្គុំឡើងវិញនៃផ្នែកខ្លះរបស់ប្រាសាទព្រះគោ។

ការជួសជុល​នេះអាចធ្វើទៅបានលុះតែរកបំណែក ដែលបែកចេញពីកន្លែងបាត់បង់ ដើម្បីផ្គុំឡើងវិញ ឬយកថ្មថ្មីខ្លះដើម្បីបិតបំពេញ។ បើទោះជួសជុលឡើងវិញបានក៏ដោយ ប៉ុន្តែសណ្ឋាននៃរោងទងនេះ នៅតែមានសភាពស្រុតដដែល។ «ថ្ម មុននឹងដាក់ទៅវិញ យើងត្រូវសម្អាតឱ្យអស់ដី។ ថ្មណាដូចគ្នា យើងរុញវាបញ្ចូលដោយបិតកាវ។ បន្ទាប់មកទៀត យើងត្រូវយកបាយអមកបៀកតាមប្រហោងថ្ម ដើម្បីការពារឫសឈើ។» លោក ស៊ឹម អឿម ប្រាប់ពីរបៀបបិតបំណែកថ្ម នៃរោងទងប្រាសាទ។

កម្មករវ័យ៧១ គឺលោក ស៊ឹម អឿម ពន្យល់ពីការផ្គុំថ្មភក់ឡើងវិញ។

ការងារធ្វើចម្រុះវ័យ ដោយបែងចែកទៅតាមកម្លាំងដូចជា កម្មករដែលមានកម្លាំងមាំមួន ត្រូវជួយលើកថ្មធ្ងន់ៗ និងសិក្សាពីថ្មបន្ថែម។ កម្មករខ្លះលាយបាយអ ដើម្បីបិទប្រហោងថ្ម និងបោសសម្អាតគែមថ្មភក់ជាដើម។ ចំពោះកម្មករដែលមានវ័យចំណាស់​ និងមានជំនាញលើការងារនេះ ពួកគាត់មានតួនាទីពិនិត្យមើល ការប្រេះបែករបស់ថ្ម ទៅតាមទម្រង់ផ្សេងៗគ្នា នៃការខូចខាត។ ​

នៅមិនឆ្ងាយពីប្រាសាទព្រះគោ ភូមិឱឡោក ស្រុកប្រាសាទបាគង គឺជាទីកន្លែងកំណើតរបស់លោក ស៊ឹម អឿម ផ្ទាល់។ ដៃប្រឡាក់ដី កាន់បំណែកថ្មរាល់ថ្ងៃ បុរសវ័យចំណាស់រូបនេះ មិនដែលធុញទ្រាន់នឹងការងារជួសជុសថ្មប្រាសាទនេះម្តងណាឡើយ។ ចៀសមិនផុតពីការអស់កម្លាំង ទោះវ័យចាស់ តែគោលបំណងរបស់លោកគឺ ចង់ឱ្យមានស្នាដៃខ្លះ សម្រាប់អត្តសញ្ញាណជាតិ។


អង្គុយក្បែររោងទងហើយសម្លឹងមើលថ្ម កម្មករវ័យ៧១ឆ្នាំរូបនេះ ពោលឡើងដូច្នេះ៖ « ខ្ញុំនឹកឃើញថា ទោះអត់ពីយើងក៏មានអ្នកធ្វើដែរ ប៉ុន្តែខ្ញុំនឹងឃើញថា វាជាអត្តសញ្ញាណជាតិរបស់យើង ត្រូវតែថែរក្សា។ ទោះបីយើងគ្មានកម្លាំងធ្វើ​ទ័ព ធ្វើទាហាន ក៏យើងមានកម្លាំងអាចធ្វើការងារនេះបាន។ វាជាការចូលរួមចំណែកមួយរបស់ខ្ញុំ។»

សកម្មភាពជួសជុលនៅតែបន្ត ចំណែកវត្តមានទេសចរដែលធ្វើដំណើរមកទស្សនាប្រាសាទក៏បន្តមិនដាច់។ មុននឹងទៅដល់ប្រាសាទលលៃ និងប្រាសាទបាគង ភ្ញៀវជាតិ និងអន្តរជាតិ មិនដែលរំលងចូលទស្សនាប្រាសាទព្រះគោនោះឡើយ។ រី​ឯការងារជួសជុលរបស់កម្មករមួយក្រុមនេះ គឺមានកាតព្វកិច្ចបង្គុំបំណែកថ្ម និងជួសជុលផ្នែកផ្សេងៗដែលខូចខាតនៃប្រាសាទព្រះគោ នេះបន្តទៀត៕





 

ព័ត៌មានទាក់ទង