អាជ្ញាធរបាត់ដំបង កំពុងស្រាវជ្រាវរកមូលហេតុលើករណីសត្វស្លាបងាប់ នៅក្នុងភូមិនិគម ស្រុកថ្មគោល

22/03/2023 10:00 am ភ្នំពេញ

ភ្នំពេញ៖ ករណីសត្វស្លាបងាប់នៅក្នុងភូមិនិគម ខេត្តបាត់ដំបង កំពុងស្ថិតក្នុងការស្រាវជ្រាវ ដើម្បីរកមូលហេតុ។ អាជ្ញាពាក់ព័ន្ធ នឹងពង្រឹងវិធានការផ្សព្វផ្សាយ ដើម្បីការពារសត្វនៅតំបន់នោះ។



លោក លោក ជា សម្បត្តិ អភិបាលស្រុក​ថ្មគោល ខេត្តបាត់ដំបងបានប្រាប់សារព័ត៌មានThmeyThmeyថា ពិតជាមានករណីសត្វស្លាបងាប់ នៅក្នុងភូមិនិគម ក្នុង​ឃុំជ្រោយស្ដៅ ដូចការផ្សព្វផ្សាយមែន។  លោក បានបន្ថែមថា ក្រុមការងារកំពុងស្រាវជ្រាវរកមូលហេតុនៃករណីនេះ។ 
 
« យើងបានប្រជុំគ្នាលើរឿងនេះ ឃើញថា សត្វពិតជាមានងាប់មែន។ ពេលនេះក្រុមការងារថ្នាក់ឃុំ និងភូមិកំពុងស្រាវជ្រាវបន្ថែម ដើម្បីឱ្យដឹងច្បាស់ពីមូលហេតុនេះ»។ នេះជាការលើកឡើងរបស់ អភិបាលស្រុកថ្មគោល។
 
ជាមួយគ្នានេះ លោក ហ៊ីន ណាគ្រី មេឃុំជ្រោយស្ដៅ បានលើកឡើងថា ករណីសត្វងាប់នេះ ទើបកើតឡើងជាលើកទីមួយ ។ ជុំវិញបញ្ហានេះ លោក ណាគ្រី បានដាក់ការសន្និដ្ឋានថា សត្វងាប់ទាំងនេះ អាចបណ្ដាលមកពីជំងឺ រីឯសត្វខ្លះមានវ័យចាស់ និងអាចងាប់ដោយសារការប្រើប្រាស់ថ្នាំគីមីកសិកម្ម នៅតាមចម្ការពីសំណាក់ប្រជាកសិករជាដើម។ 
 
លោក ណាគ្រីបញ្ជាក់៖ «​ យើងមិនទាន់អាចបញ្ជាក់បានថា មកពីមូលហេតុអ្វីបានទេ ព្រោះមិនទាន់បានពិនិត្យឱ្យច្បាស់ឡើយ។ រឿងអាចមកពីបែបនេះដែរ នៅតាមស្រែពលរដ្ឋសម្បូរខ្យងកាត់ស្រូវដូច្នេះគេប្រើថ្នាំបំពុលខ្យង ហើយពេលសត្វស៊ីក៏ប៉ះពាល់ ។ មួយទៀតអាចងាប់ដោយសារការឆ្លងរោគ និងវ័យចាស ប៉ុន្ដែយើងគ្រាន់តែស្មាន មិនទាន់អាចបញ្ជាក់ហេតុផល ណាមួយនៅឡើយបានទេ»។
 
សូមបញ្ជាក់ថា ព័ត៌មានសត្វងាប់នៅក្នុងតំបន់ពីរ ក្នុងភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបងនេះ ត្រូវបានពលរដ្ឋឈ្មោះ សុខា ឡាវ  បង្ហោះនៅតាមបណ្ដាញសង្គម ។ ក្រោយការផ្សព្វផ្សាយនេះ ទើបមានការអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ។ 
 
ទន្ទឹមនេះ លោក ភិន សាវឿន អនុ​ភូមិនិគម បានលើកឡើងថា ក្រុមការងារភូមិ និងសហគមន៍ នៅបន្តតាមដាន និងស្រាវជ្រាវលើករណីនេះ។ 
 
« សត្វងាប់នេះអាចកើតឡើង រយៈពេលកន្លះខែហើយ ប៉ុន្ដែខាងភូមិមិនបានដឹងដំណឹងទេ។ ទើបថ្មីៗនេះទទួលដំណឹង និងបានចុះទៅដល់ទៅតាំងមើលឃើញផ្ទាល់ មានសត្វងាប់១០ក្បាល។ យើងកំពុងបញ្ជូនរបាយការណ៍ទៅថ្នាក់លើល្ងាចនេះហើយ ចំពោះចំណាត់ការបន្ត ក៏ត្រូវចាំការចាត់ចែងពីលើដែរ»។ នេះបើតាម លោក សាវឿន៕  ​  
 

ព័ត៌មានទាក់ទង