
ភ្នំពេញ៖ «រាល់ថ្ងៃ អង្ករកម្ពុជាបានធ្លាក់តម្លៃ និងកេរ្តិ៍ឈ្មោះ ដោយសារអង្ករមិនសុទ្ធ។ អង្ករមិនសុទ្ធនេះ មិនមែនដោយសារគ្រាប់ពូជមិនសុទ្ធមួយមុខនោះទេ តែដោយសារឈ្មួញមួយចំនួនខូច ដាក់លាយចូលគ្នា»។ នេះជាការលើកឡើងរបស់លោក ងិន ឆាយ អគ្គនាយកកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីប្រទះឃើញ អ្នករកស៊ី ក្នុងវិស័យស្រូវអង្ករមួយចំនួន មិនស្មោះត្រង់។
ក្នុងឱកាសសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្តជាង ២០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលនឹងចូលរួមក្នុង«គម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវ និងជំរុញការនាំចេញអង្ករប្រកបដោយគុណភាព» ព្រឹកថ្ងៃទី១៧ ខែមីនា លោក ងិន ឆាយ បានបន្ថែមថា បច្ចុប្បន្ន វិស័យឯកជនមួយចំនួន កំពុងបន្ទាបតម្លៃ និងកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ក៏ព្រោះតែពួកគេបានដាក់អង្ករជាច្រើនប្រភេទ លាយបញ្ចូលគ្នា។
អគ្គនាយកកសិកម្មនៃក្រសួងកសិកម្ម បន្តថា ក្នុងវិស័យឈានមុខមួយនេះ ឈ្មួញគួរតែមានភាពស្មោះត្រង់ ហើយត្រូវចាត់ទុកមុខមាត់ជាតិ និងទីផ្សារយូរអង្វែង គឺជារឿងសំខាន់ណាស់។ សម្រាប់លោក ងិន ឆាយ ការណ៍ដែលឈ្មួញចង់បានតែប្រាក់ចំណេញ នោះវាធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងកេរ្តិ៍ឈ្មោះអង្ករកម្ពុជា។
_1679119661.jpg)
លោក ងិន ឆាយ ថ្លែងយ៉ាងដូច្នេះថា៖ «អ្នកដែលផលិតនៅក្នុងប្រព័ន្ធរបស់យើងនេះ គឺត្រូវតែសុទ្ធ។ តាមដានជាមួយខ្ញុំ! បើវិស័យឯកជនណាបន្លំ ឯកឧត្តមរដ្ឋមន្រ្តី (លោក ឌិត ទីណា) មានគោលការណ៍ច្បាស់ហើយ គឺទាត់គាត់(អ្នករកស៊ីវិស័យអង្ករ) ចេញពីប្រព័ន្ធរបស់យើង អត់ឱ្យនៅក្នុង ប្រព័ន្ធផលិតគ្រាប់ពូជសុទ្ធ និងការនាំចេញអង្ករប្រកបដោយគុណភាព យើងទេ។ គាត់ចង់ទៅរកស៊ីឯណា ទៅៗ»។
លោក ងិន ឆាយ រម្លឹកថា កាលដែលលោកធ្វើការជាមួយ លោក វេង សាខុន អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម លោកបានទៅដល់ខេត្តតាកែវ ហើយប្រទះឃើញអង្ករដែលដាក់ឈ្មោះ ចាស្មីន ដោយមានបិទស្លាកអង្ករកម្ពុជា។ ភ្លាមនោះ លោកពិនិត្យឃើញក្នុងប៉ាវអង្ក មានប្រភេទផ្សេងៗគ្នា។ ករណីនេះ ប្រសិនបើលក់ទៅទីផ្សារអន្តរជាតិ នឹងត្រូវបានគេទម្លាក់ថ្លៃ ឬឈានដល់ការបញ្ចប់ទីផ្សារអង្ករកម្ពុជាតែម្ដង។
ជុំវិញបញ្ហានេះ លោក ងិន ឆាយ បញ្ជាក់ថា កម្ពុជាត្រូវការរៀបចំឱ្យប្រព័ន្ធផលិតកម្មគ្រាប់ពូជ ដោយចាប់ផ្ដើមផលិតតាមចំណាត់ថ្នាក់នៃពូជនីមួយៗឱ្យច្បាស់លាស់។ បន្ទាប់មក ធ្វើកិច្ចសន្យាជាមួយកសិករ ដែលផលិតស្រូវចំណី ដោយតម្រូវឱ្យពួកគេជ្រើសរើសពូជសុទ្ធ។ សម្របសម្រួលជាមួយរោងម៉ាស៊ីន ឬអ្នករកស៊ីវិស័យអង្ករ ឱ្យគិតគូរពីការកែច្នៃដែលមានភាពសុទ្ធ និងគុណភាពឡើងវិញ មុនឈានដល់ការនាំចេញទៅបរទេស។
សូមបញ្ជាក់ថា គម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវ និងជំរុញការនាំចេញអង្ករប្រកបដោយគុណភាព នឹងបង្កើតឡើងនាពេលខ្លីខាងមុខ។ គម្រោងនេះបានការចូលរួមពីនិស្សិតស្ម័គ្រចិត្តជាង២០០នាក់ មកពីមហាវិទ្យាល័យចំនួន៨ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីជួយកសិករអាចផលិតគ្រាប់ពូជដែលមានសុទ្ធ ដើម្បីអាចចែកចាយនៅក្នុងនិងក្រៅប្រទេស៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

